រដ្ឋាភិបាល​ឥណ្ឌា​ផ្ដល់​​ប្រាក់​ចំនួន​៥​ម៉ឺន​ដុល្លារ​ដល់​ភាគី​ជាតិ​នៃ​សាលាក្ដី​ខ្មែរក្រហម

ដោយ ឡេង ម៉ាលី
2016.09.12
សវនាការ សាលាក្ដី​ខ្មែរ​ក្រហម ៨៥៥ ២០១៦ អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម បើក​សវនាការ​បន្ត​សួរ​ដេញដោល​សាក្សី​មួយ​រូប​ទាក់ទង​នឹង​រឿងរ៉ាវ​សម្លាប់​មនុស្ស​នៅ​មន្ទីរ​សន្តិសុខ​អូរកន្សែង ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៦។
Photo Courtesy of ECCC

សាលា​ក្ដី​ខ្មែរ​ក្រហម ផ្សាយ​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​១២ កញ្ញា ថា រដ្ឋាភិបាល​ឥណ្ឌា ប្រកាស​ផ្ដល់​វិភាគទាន​ជា​ទឹក​ប្រាក់​ចំនួន ៥​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក ដល់​ភាគី​ជាតិ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម។ បូក​រួម​ទាំង​វិភាគ​ទាន​ថ្មី​នេះ រដ្ឋាភិបាល​ឥណ្ឌា បាន​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​សាលា​ក្ដី​ខ្មែរ​ក្រហម​ចំនួន ១​លាន ៥​ម៉ឺន​ដុល្លារ​ហើយ​ចាប់​តាំង​ពី​សាលា​ក្ដី​កូន​កាត់​មួយ​នេះ​ចាប់​ផ្ដើម​ដំណើរ​ការ​តាំង​ពី​ឆ្នាំ​២០០៦ មក។

ជា​រៀង​រាល់​ឆ្នាំ ភាគី​ជាតិ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម តែង​ជួប​ប្រទះ​ការ​អស់​សាច់​ប្រាក់​សម្រាប់​បើក​ប្រាក់​ខែ​ឲ្យ​មន្ត្រី ចៅក្រម និង​បុគ្គលិក​របស់​ខ្លួន។ នៅ​ឆ្នាំ​២០១៦ នេះ មន្ត្រី​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ដ្រា បញ្ជាក់​ថា ខាង​ភាគី​ជាតិ​នៅ​ខ្វះ​សាច់​ប្រាក់ ៧០​ម៉ឺន​ដុល្លារ​ទៀត ដើម្បី​ទ្រទ្រង់​កិច្ច​ដំណើរ​ការ​ជំនុំ​ជម្រះ​ក្ដី​រហូត​ដល់​ចុង​ឆ្នាំ។ ដោយឡែក​ថវិកា​ទ្រទ្រង់​កិច្ច​ដំណើរ​ការ​ជំនុំ​ជម្រះ​ក្ដី​អតីត​មេ​ដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម សម្រាប់​ឆ្នាំ​២០១៧ នៅ​មិន​ទាន់​មាន​ប្រទេស​ម្ចាស់​ជំនួយ​ណា​មួយ​សន្យា​ផ្ដល់​វិភាគទាន​នៅ​ឡើយ​ទេ។

ចាប់​តាំង​ពី​ឆ្នាំ​២០០៦ រហូត​មក​ដល់​ពេល​នេះ សាលា​ក្ដី​ខ្មែរ​ក្រហម​ចំណាយ​ថវិកា​អស់​ជាង ២៦១​លាន​ដុល្លារ (២៦១,៣​លាន) ហើយ​ក្នុង​ការ​ជំនុំ​ជម្រះ​អតីត​មេ​ដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម សំណុំ​រឿង​លេខ​០០១ និង ០០២ វគ្គ​១ និង​វគ្គ​២។

សាលា​ក្ដី​ខ្មែរ​ក្រហម បាន​បញ្ចប់​ការ​ជំនុំ​ជម្រះ​សំណុំ​រឿង​លេខ​០០១ ដោយ​ផ្ដន្ទាទោស​អតីត​ប្រធាន​មន្ទីរ «ស​២១» ដែល​គេ​ហៅ​ថា គុក​ទួល​ស្លែង គឺ​លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ សាលា​ក្ដី​ក៏​បាន​បញ្ចប់​កិច្ច​ដំណើរ​ការ​ជំនុំ​ជម្រះ​វគ្គ​ទី​១ នៃ​សំណុំ​រឿង​លេខ​០០២ ឬ​ហៅ​ថា​សំណុំ​រឿង​០០២ វគ្គ​១ ដោយ​ផ្ដន្ទាទោស​អតីត​មេ​ដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ឈ្មោះ នួន ជា និង ខៀវ សំផន ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ដែរ។ សំណុំ​រឿង​០០២ វគ្គ​១ អ្នក​ទាំង​ពីរ​ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា មាន​កំហុស​ក្នុង​បទ​ចោទ​អំពី​ការ​សម្លាប់​ទាហាន​របប​សាធារណរដ្ឋ​ខ្មែរ​នៅ​ទួលពោធិ៍ជ្រៃ ខេត្ត​ពោធិ៍សាត់ និង​ការ​ជម្លៀស​ប្រជាជន​ដោយ​បង្ខំ។ លោក នួន ជា អតីត​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា ហើយ​លោក ខៀវ សំផន អតីត​ជា​ប្រធាន​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩។

បច្ចុប្បន្ន​នេះ សាលា​ក្ដី​ខ្មែរ​ក្រហម​កំពុង​ដំណើរ​ការ​ជំនុំ​ជម្រះ​លោក នួន ជា និង ខៀវ សំផន ក្នុង​សំណុំ​រឿង​០០២ វគ្គ​ទី​២ បន្ត​ទៀត ទាក់ទង​នឹង​បទ​ចោទ​ប្រល័យ​ពូជ​សាសន៍​ប្រឆាំង​នឹង​ជនជាតិ​ចាម និង​ជនជាតិ​វៀតណាម (ដោយ​មិន​រាប់​បញ្ចូល​នូវ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដែល​ប្រព្រឹត្ត​ឡើង​ដោយ​កងទ័ព​បដិវត្តន៍​កម្ពុជា នៅ​លើ​ដែនដី​វៀតណាម នោះ​ឡើយ) ការ​រៀប​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ និង​ការ​រំលោភ​សេពសន្ថវៈ​នៅ​ទូទាំង​ប្រទេស ព្រម​ទាំង​ការ​បោស​សម្អាត​ផ្ទៃ​ក្នុង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។