ក្នុងសវនាការនៅរសៀលថ្ងៃទី១១ ខែមេសា មេធាវីការពារក្ដីជនជាប់ចោទ ខៀវ សំផន គឺលោក អាទើរ វែកិន (Arthur Vercken) បានជម្រាបទៅសាលាដំបូងផ្ទាល់មាត់ថា សុំឱ្យដោះលែងជនជាប់ចោទ ខៀវ សំផន ជាបន្ទាន់ ដោយដាក់នៅក្រោមការត្រួតពិនិត្យរបស់តុលាការ។
លោកមេធាវី អាទើរ វែកិន លើកហេតុផលថា កូនក្ដីរបស់លោកជាប់ឃុំនៅសាលាក្ដីខ្មែរក្រហមអស់រយៈពេល ៥ឆ្នាំ ៤ខែមកហើយ ហើយមិនដឹងថានៅពេលណាសាលាក្ដីនេះនឹងជំនុំជម្រះលើអង្គហេតុទាំងមូល ដែលមាននៅក្នុងដីកាដំណោះស្រាយចេញសាលក្រមពេញលេញឡើយ។
លោកបន្តថា ការឃុំខ្លួនរយៈពេលជាង ៥ឆ្នាំនេះ ជារយៈពេលយូរណាស់សម្រាប់ជនជាប់ចោទមានវ័យចាស់រូបនេះ។ លោកមេធាវីថ្លែងថា ជនជាប់ចោទ ខៀវ សំផន បានចូលរួមសវនាការយ៉ាងពេញលេញក្នុងរយៈពេលនេះ។ ដូច្នេះ នេះហើយជាហេតុផលដែលតុលាការត្រូវពិចារណា៖ «ដូច្នេះ មិនមូលដ្ឋានអ្វីដែលត្រូវបន្តការឃុំខ្លួនលោក ខៀវ សំផន ទៀតទេ ហើយការធានាថានឹងមានវត្តមាននៅក្នុងតុលាការដែលផ្ដល់ជូនដោយលោក ខៀវ សំផន នេះ គឺថា ក្នុងរយៈពេល ៥ឆ្នាំ ៤ខែ បន្ទាប់ពីដាក់ឃុំខ្លួនគាត់នោះ អនុញ្ញាតឱ្យយើងគិតថា ជាមូលហេតុដែលអាចឱ្យតុលាការដាក់ឱ្យនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយធានាថា មិនមានការប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈកម្ពុជា ឱ្យមានការធានាថា លោក ខៀវ សំផន នឹងមានវត្តមានដូចដែលគាត់ធ្លាប់មាននៅទីនេះ។ ដូច្នេះ គាត់នឹងមានវត្តមានតទៅទៀត ហើយយើងក៏ផ្ដល់នូវកិច្ចសន្យាជាលាយលក្ខណ៍អក្សររបស់គាត់ថា គាត់សន្យាថានឹងមានវត្តមាននៅក្នុងគ្រប់សវនាការនៅតុលាការនេះ»។
លោកបន្តថា ប្រសិនបើតុលាការដោះលែងមែន ជនជាប់ចោទ ខៀវ សំផន កូនក្ដីលោកសន្យាថានឹងមិនផ្លាស់ប្ដូរទីលំនៅដោយមិនប្រាប់តុលាការទេ ហើយលើសពីនេះ គាត់ក៏នឹងមិនទាក់ទងជាមួយអ្នកកាសែត ឬសាក្សីឡើយ។ ដូច្នេះ ការដោះលែងនេះ ក៏នឹងមិនមានហានិភ័យចំពោះការរត់គេចខ្លួនដែរ។
បន្ថែមពីលើហេតុផលរបស់មេធាវីការពារក្ដីជនជាប់ចោទ ខៀវ សំផន ជម្រាបអង្គជំនុំជម្រះបន្ថែមថា គាត់មិនមានលិខិតឆ្លងដែនសម្រាប់រត់គេចខ្លួនទេ។ តាំងតែពីដើមមក គាត់មានតែអត្តសញ្ញាណប័ណ្ណ និងប័ណ្ណបោះឆ្នោតប៉ុណ្ណោះ។ រីឯជីវភាពវិញ គាត់អាចពឹងលើកូនៗដែលរកចំណូលបានតែត្រឹមប្រចាំថ្ងៃ៖ «ខ្ញុំសុំបន្ថែមថា ខ្ញុំគោរពលក្ខខណ្ឌទាំងអស់ ដែលតុលាការហ្នឹងដាក់ជូន ហើយជាពិសេស ធានាថានឹងមកមានវត្តមានក្នុងគ្រប់សវនាការរបស់តុលាការយើងនេះ រហូតចុងបញ្ចប់»។
ទោះជាដូច្នេះក្ដី ជំទាស់ទៅនឹងការស្នើសុំដោះលែងឱ្យនៅក្រៅឃុំក្រោមការត្រួតពិនិត្យរបស់តុលាការនេះ ភាគីសហព្រះរាជអាជ្ញាលើកហេតុថា ព្រោះតែចាំបាច់ដើម្បីរក្សាសណ្ដាប់ធ្នាប់សង្គម និងហេតុផលប៉ះពាល់នីតិវិធី និងដើម្បីការពារដល់ជនជាប់ចោទ និងការពាររងគ្រោះដែលនៅតែមានការបាក់ស្បាតនៅឡើយ។ ម្យ៉ាងទៀត ដើម្បីការពារសុវត្ថិភាពជនជាប់ចោទឱ្យរួចផុតពីអំពើហិង្សា ដែលអាចកើតមានពីការសងសឹកណាមួយ ដោយសម្អាងហេតុផលទាំងនេះ តាមវិធានផ្ទៃក្នុងនៃសាលាក្ដីខ្មែរក្រហម៖ «លក្ខខណ្ឌទីមួយ គឺលក្ខខណ្ឌទៅនឹងការពិចារណាថា តើការឃុំខ្លួនតទៅទៀត ចាំបាច់រារាំងកុំឱ្យជនជាប់ចោទគាបសង្កត់ទៅលើសាក្សី ឬរារាំងកុំឱ្យត្រូវរ៉ូវគ្នារវាងជនជាប់ចោទ ឬអ្នកសមគំនិតទាក់ទងទៅនឹងការរក្សាភស្តុតាង ឬការពារមិនឱ្យមានការបំផ្លិចបំផ្លាញភស្តុតាង។ ដូច្នេះ ខ្ញុំស្នើសុំអង្គជំនុំជម្រះថា ធាតុទាំងអស់នៅក្នុងសំណុំរឿង គឺបង្ហាញថា ការដោះលែង ខៀវ សំផន នៅក្នុងដំណាក់កាលនេះ នឹងបង្កើតឱ្យមានហានិភ័យ ដែលនឹងគាបសង្កត់ទៅលើសាក្សី ឬក៏មានការត្រូវរ៉ូវគ្នាជាមួយជនត្រូវចោទ ឬអ្នកសមគំនិត ឬក៏អាចមានបង្កគ្រោះថ្នាក់ផ្ទាល់ដល់ខ្លួនគាត់»។
ក្រោយការស្ដាប់ហេតុផលទាំងពីររួច អង្គជំនុំជម្រះសាលាដំបូង មិនទាន់បានសម្រេចថា ត្រូវដោះលែងជនជាប់ចោទ ខៀវ សំផន តាមការស្នើសុំ ឬយ៉ាងណាទេ។
ប្រធានអង្គជំនុំជម្រះ លោកចៅក្រម និល ណុន ថ្លែងថា សេចក្ដីសម្រេចលើការស្នើសុំដោះលែងជនជាប់ចោទ ខៀវ សំផន នឹងត្រូវធ្វើនៅពេលសមស្របខាងមុខ។ សាលាដំបូងនឹងបន្តសវនាការរបស់ខ្លួនទៀត នៅថ្ងៃច័ន្ទ ទី២២ ខែមេសា ឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
