លោក នេត្រ ភក្ដ្រា៖ «មានការសិក្សា និងវាយតម្លៃពីបុគ្គលិកដែលជាសមាជិករបស់ការិយាល័យសហព្រះរាជអាជ្ញា ដែលទៅធ្វើទស្សនកិច្ចនៅពន្ធនាគារខេត្តកណ្ដាល ហើយបានរកឃើញថា ក្នុងចំណោមពន្ធនាគារនានា គឺទីកន្លែងនៃពន្ធនាគារខេត្តកណ្ដាល គឺជាកន្លែងសមស្របដែលអាចឲ្យ កាំង ហ្កេកអ៊ាវ (ហៅ ឌុច) អាចនៅបាន។ មួយវិញទៀត គឺដោយសារតែនៅក្នុងច្បាប់នៃការបង្កើតតុលាការនេះ បានចែងអំពីការអនុវត្តទោសនេះថា សាលាក្តីខ្មែរក្រហម គឺជាតុលាការជាតិដែលស្ថិតនៅក្នុងប្រព័ន្ធច្បាប់ក្នុងប្រទេសកម្ពុជា ហើយអាជ្ញាធរកម្ពុជា គឺជាអ្នកទទួលខុសត្រូវចុងក្រោយសម្រាប់ការដាក់ពន្ធនាគាររាល់បុគ្គលទាំងអស់ ដែលត្រូវបានផ្ដន្ទាទោស និងបានប្រកាសទោសនៅសាលាក្តីខ្មែរក្រហម ចំពោះទោសដែលត្រូវបានជាប់ក្នុងពន្ធនាគារ»។
លោក នេត្រ ភក្ដ្រា បញ្ជាក់ថា ការសម្រេចផ្ទេរ ឬបញ្ជូន ឌុច ទៅពន្ធនាគារខេត្តកណ្ដាល ក៏ព្រោះតែវត្តមានរបស់ ឌុច នៅសាលាក្តីខ្មែរក្រហមនេះលែងមានភាពចាំបាច់ទៀតហើយ ដោយសារតែសំណុំរឿង០០១ របស់គាត់ត្រូវបានបិទបញ្ចប់។ ប៉ុន្តែ ប្រសិនបើអង្គជំនុំជម្រះត្រូវការវត្តមានរបស់ ឌុច ឡើងមកផ្តល់សក្ខីកម្មទាក់ទងនឹងអង្គហេតុផ្សេងៗ ក្នុងការជំនុំជម្រះក្តី គឺអាចនាំខ្លួន ឌុច មកកាន់សាលាក្តីខ្មែរក្រហមបាន។
អតីតមេគុកទួលស្លែង លោក កាំង ហ្កេកអ៊ាវ (ហៅ ឌុច) ត្រូវបានអង្គជំនុំជម្រះសាលាកំពូលនៃសាលាក្តីខ្មែរក្រហម ផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម ដែលប្រព្រឹត្តទៅនៅគុកទួលស្លែង។
ប្រភពពីអ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បញ្ជាក់ថា ដោយទោសរបស់ ឌុច ជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មដែលកើតឡើងក្នុងរបបខ្មែរក្រហម ដូច្នេះដើម្បីការពារសុវត្ថិភាព និងសន្តិសុខ ឌុច ត្រូវបានដាក់ឃុំក្នុងបន្ទប់សមល្មមមួយតែឯងក្នុងពន្ធនាគារខេត្តកណ្ដាល។ ប៉ុន្តែ លក្ខខណ្ឌ និងការគ្រប់គ្រងទៅលើ ឌុច គឺត្រូវអនុវត្តដូចគ្នាទៅនឹងអ្នកទោសដទៃទៀត សូម្បីតែរបបអាហារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
