សហ​ព្រះរាជអាជ្ញា​ស្នើ​ឲ្យ​តុលាការ​ដាក់​ទោស នួន ជា និង ខៀវ សំផន មួយ​ជីវិត

0:00 / 0:00

សាលា​ក្តី​ខ្មែរ​ក្រហម បាន​ប្រឹងប្រែង​បញ្ចប់​សំណុំ​រឿង​លេខ ០០២ វគ្គ​ទី ១ ដោយ​សហ​ព្រះរាជអាជ្ញា​ធ្វើការ​ប្រកាស​បញ្ចប់​សេចក្ដី​សន្និដ្ឋាន​របស់​ខ្លួន​នៅ​ចំពោះ​មុខ​ជន​ជាប់​ចោទ​ទាំង​ពីរ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​តុលា អំពី​ទោស​ដែល​ត្រូវ​ផ្ដន្ទាទោស​ចំពោះ​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ទាំង ២​រូប។

សហ​ព្រះរាជអាជ្ញា​ជាតិ គឺ​អ្នកស្រី ជា លាង ថ្លែង​ថា ផ្អែក​លើ​ភស្តុតាង​នៅ​ក្នុង​វិសាលភាព​នៃ​ការ​ជំនុំ​ជម្រះ​សំណុំ​រឿង​លេខ ០០២ ដំណាក់កាល​ទី​១ នេះ ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ក្នុង​នាម​ជា​មេដឹកនាំ​ជាន់​ខ្ពស់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​បាន​កើត​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១៧ មេសា ឆ្នាំ​១៩៧៥ ដល់​ខែ​មករា ឆ្នាំ​១៩៧៩។ សហ​ព្រះរាជអាជ្ញា​មិន​បាន​មើល​ឃើញ​មូលដ្ឋាន​ណា​មួយ​ដើម្បី​បន្ធូរបន្ថយ​ទោស​ជន​ជាប់​ចោទ​ទាំង​ពីរ​ឡើយ។

ការ​ស្នើសុំ​ផ្ដន្ទាទោស​បែប​នេះ គឺ​សហ​ព្រះរាជអាជ្ញា​ផ្អែក​លើ​ខ្លឹមសារ​មាត្រា​ចំនួន ៣ នៃ​ច្បាប់​ស្ដី​ពី​ការ​បង្កើត​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដូច​ជា​មាត្រា ៥ មាត្រា ២៩ (ថ្មី) និង​មាត្រា ៣៩ (ថ្មី) និង​ផ្អែក​លើ​សម្អាង​ថា មាន​ភស្តុតាង​គ្រប់គ្រាន់​ដាក់​ជូន​ចំពោះ​មុខ​ចៅក្រម​សាលា​ដំបូង។ ភស្តុតាង​ដែល​សហ​ព្រះរាជអាជ្ញា​លើក​ឡើង​នោះ គឺ​ក្នុង​អង្គហេតុ​ជម្លៀស​ពលរដ្ឋ​ដោយ​បង្ខំ​ទាំង​លើក​ទី​១ និង​លើក​ទី​២ និង​អង្គហេតុ​សម្លាប់​មនុស្ស​នៅ​ទួល​ពោធិ៍​ជ្រៃ ក្នុង​ខេត្ត​ពោធិ៍សាត់ ដែល​អង្គហេតុ​ទាំង​នេះ​ពាក់ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។

សហ​ព្រះរាជអាជ្ញា​ជម្រាប​អង្គ​ជំនុំជម្រះ​​ថា អង្គ​ហេតុ​ទាំង​នេះ​ធ្វើ​ឱ្យ​មាន​អំពើ​មនុស្ស​ឃាត ការ​សម្លាប់​រង្គាល ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ការ​ជម្លៀស និង​ការ​បាត់​ខ្លួន​ដោយ​បង្ខំ ដែល​ខ្លួន​យល់​ឃើញ​ថា ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ក្នុង​នាម​ជា​មេដឹកនាំ​ជាន់​ខ្ពស់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ត្រូវ​ទទួល​ខុស​ចំពោះ​ឧក្រិដ្ឋកម្ម​ទាំង​នេះ។

សហ​ព្រះរាជអាជ្ញា​ជាតិ អ្នកស្រី ជា លាង ថ្លែង​ថា ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ជា​អ្នក​ដាក់​ចេញ​គោល​នយោបាយ​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា ចំនួន ៥ គឺ​ទី​១ ការ​ផ្លាស់ទី​លំនៅ​របស់​ពលរដ្ឋ​ច្រើន​លើក​ច្រើន​សា ពី​ទី​ប្រជុំ​ជន​ទៅ​ជនបទ។ ទី​២ ការ​ទាញ​យក​ប្រយោជន៍​ពី​សហករណ៍ និង​ការដ្ឋាន។ ទី​៣ ការ​អប់រំ និង​ការ​កម្ទេច​ខ្មាំង​ទាំង​ក្នុង និង​ក្រៅ​ជួរ​បក្ស។ ទី​៤ ការ​ចេញ​វិធានការ​ពិសេស​ចំពោះ​មនុស្ស​ជាក់លាក់ ដូច​ជា ជន​ជាតិ​ចាម វៀតណាម ពុទ្ធសាសនិកជន និង​អតីត​អ្នក​រដ្ឋការ​នានា នៃ​សាធារណរដ្ឋ​ខ្មែរ​អតីត​មន្ត្រី​រាជការ បុគ្គលិក​យោធា និង​ក្រុម​គ្រួសារ​របស់​គេ និង​គោល​នយោបាយ​ទី​៥ គឺ​ការ​ដាក់​បទ​បញ្ជា​ទាក់ទង​នឹង​ការ​រៀប​អាពាហ៍ពិពាហ៍។

សហ​ព្រះរាជអាជ្ញា​ ជា លាង ថ្លែង​ថា មាន​គោល​នយោបាយ ២ ក្នុង​ចំណោម ៥ ត្រូវ​បាន​អនុវត្តន៍​បាន​សម្រេច​ដែល​ស្ថិត​ក្នុង​វិសាលភាព​នៃ​ការ​ជំនុំជម្រះ​វគ្គ​ទី ១ នេះ។

សហ​ព្រះរាជអាជ្ញា​បន្ត​ថា ជន​ជាប់​ចោទ​ទាំង​ពីរ​មិន​បាន​សម្ដែង​ការ​សោក​ស្ដាយ​ទេ ហើយ​បាន​ផ្ដល់​​ចម្លើយ​ភូត​ភ មិន​ទទួល​ស្គាល់​ឯកសារ​ភស្តុតាង​ដែល​អង្គ​ជំនុំជម្រះ​សាលាដំបូង​ដាក់​ឱ្យ​ពិភាក្សា​ដេញដោល ផ្ដល់​សក្ខីកម្ម​ផ្ទុយ​ពី​សក្ខីកម្ម​របស់​សាក្សី និង​​មិន​​សហការ។ បញ្ហា​នេះ​ធ្វើ​ឱ្យ​សហ​ព្រះរាជអាជ្ញា​មិន​អាច​រក​ឃើញ​ស្ថាន​សម្រាល​ទោស​ណា​មួយ​សម្រាប់​ជន​ជាប់​ចោទ​ទាំង​ពីរ​ទេ។

សហ​ព្រះរាជអាជ្ញា​ ជា លាង ថ្លែង​ថា ​ទោះ​ជា​ជន​ជាប់​ចោទ​បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​លើ​ជន​រងគ្រោះ​រាប់​លាន​នាក់​ក៏​ដោយ ក៏​សហ​ព្រះរាជអាជ្ញា​មិន​ស្នើសុំ​ឱ្យ​អង្គ​ជំនុំជម្រះ ដាក់​ទោស​ជន​ជាប់​ចោទ​ទាំង​ពីរ​ឱ្យ​ដូច​គ្នា​នឹង​អំពើ​គេ​បាន​ធ្វើ​ទេ គឺ​គ្រាន់​តែ​សុំ​ឱ្យ​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។