ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម​បន្ត​ខ្វែង​គំនិត​គ្នា​លើ​ការ​ទាមទារ​សំណង​ផ្លូវ​ចិត្ត

0:00 / 0:00

ជន​រងគ្រោះ និង​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​បន្ត​ខ្វែង​គំនិត​គ្នា​ក្នុង​ការ​ទាមទារ​សំណង​ជួសជុល​ផ្លូវ​ចិត្ត នៅ​គ្រា​ដែល​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (ECCC) គ្រោង​នឹង​ប្រកាស​សាលក្រម​សំណុំ​រឿង​០០២ វគ្គ​១ ដែល​មាន​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន នៅ​ដើម​ខែ​សីហា ឆ្នាំ​២០១៤ ខាង​មុខ។

ការ​ទាមទារ​សំណង​នេះ ត្រូវ​បាន​ជន​រងគ្រោះ​លើក​ឡើង​ក្នុង​វគ្គ​ហ្វឹកហ្វឺន​សម្រាប់​តំណាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី ដែល​រៀបចំ​ឡើង​ដោយ​សមាគម​អាដហុក (Adhoc) នៅ​ខេត្ត​កំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មិថុនា។

តំណាង​ដើម​បណ្ដឹង និង​ជា​ជន​រងគ្រោះ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ខ្មែរ​ក្រហម សរុប​ជាង ៥០​នាក់ មក​ពី​តាម​បណ្ដា​ខេត្ត​ក្រុង​ចំនួន​១២ បាន​ជួប​ជជែក​គ្នា និង​ទទួល​យក​ព័ត៌មាន​ថ្មីៗ​ទាក់ទង​នឹង​ដំណើរ​ការ​កាត់​ទោស​មេ​ដឹក​នាំ​កំពូលៗ​របស់​ខ្មែរ​ក្រហម។ អ្នក​ចូលរួម​លើក​ឡើង​ថា ការ​ផ្ដល់​សំណង​ជា​សមូហភាព គឺ​មិន​អាច​ផ្សះផ្សា​ផ្លូវ​ចិត្ត​ជន​រងគ្រោះ​បាន​ឡើយ ដាច់​ខាត​ត្រូវ​តែ​មាន​សំណង​ជា​បុគ្គល​ម្នាក់ៗ។

តំណាង​ដើម​បណ្ដឹង​ក្នុង​សំណុំ​រឿង​លេខ​០០២ មក​ពី​ខេត្ត​កណ្ដាល លោក ហេង ប៊ុនណែត មាន​ប្រសាសន៍​ថា ប្រសិន​បើ​គេ​ផ្ដល់​សំណង​ជា​បុគ្គល គឺ​អាច​ស្ដារ​ជីវភាព​ជន​រងគ្រោះ​បាន​ឡើង​វិញ និង​អាច​ធ្វើ​បុណ្យ​ទាន​ផ្សេងៗ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​ឪពុក​ម្ដាយ និង​បង​ប្អូន​ដែល​ត្រូវ​គេ​វាយ​សម្លាប់​ចំនួន ៦​នាក់ ក្នុង​របប​ខ្មែរ​ក្រហម៖ «សំណង​ជា​បុគ្គល​ជា​រឿង​មួយ​ដែល​ដើម​បណ្ដឹង​ចង់​បាន។ គាត់​យល់​ដូច​ខ្ញុំ​ច្រើន ក៏ប៉ុន្ដែ​គាត់​មិន​សូវ​ហ៊ាន​បញ្ចេញ​មតិ មូលហេតុ​ដោយ​ថា​មេធាវី​គាត់​និយាយ​ច្រំដែលៗ ថា​អត់​មាន​សំណង​ជា​បុគ្គល តែ​ចំពោះ​ខ្ញុំៗ​ត្រូវ​តែ​ទាមទារ​ឲ្យ​បាន»

ចំណែក​តំណាង​ដើម​បណ្ដឹង​ម្នាក់​ទៀត​នៅ​ខេត្ត​ស្វាយរៀង លោក ប៉ែន សឺន ថ្លែង​បញ្ជាក់​ថា ស្ទើរ​គ្រប់​សិក្ខាសាលា​ទាំងអស់ លោក​តែង​តែ​ទាមទារ​នូវ​ការ​ផ្ដល់​សំណង​ជា​បុគ្គល​នេះ ប៉ុន្តែ​ខាង​មេធាវី​តែង​តែ​ការពារ និង​ពង្វាង ដោយ​យក​និយម​ន័យ​ផ្សេងៗ​យក​មក​ដាក់ ដើម្បី​បំភ័ន្ត​ការ​យល់​ដឹង​របស់​តំណាង​ដើម​បណ្ដឹង​មួយ​ចំនួន៖ «សមាគម​អាដហុក ដែល​រៀបចំ​វេទិកា​នីមួយៗ តែង​តែ​មាន​មេធាវី ហើយ​មេធាវី​នោះ​មិន​បាន​ការពារ​នូវ​ផល​ប្រយោជន៍​ឲ្យ​ពួក​ខ្ញុំៗ​គិត​ថា តាំង​ពី​ដើម​ទី​រហូត​ដល់​ថ្ងៃ​នេះ អ៊ីចឹង​ទេ ប្រសិន​ជា​មេធាវី​នោះ​នៅ​តែ​រឹងរូស​មិន​ព្រម​ទទួល​សំណើ​ពី​ពួក​ខ្ញុំ នាំ​ទៅ​ដល់​សាលា​ក្ដី​ទេ សូម​ឲ្យ​សមាគម​អាដហុក ហ្នឹង ជួយ​រៀបចំ​គណៈកម្មការ​មួយ​ចេញ​ពី​ជន​រងគ្រោះ ដើម្បី​ទំនាក់ទំនង​ការងារ​ទា​សំណង​នេះ​ផ្ទាល់​ជាមួយ​នឹង​សហ​មេធាវី និង​សហ​ព្រះរាជ​អាជ្ញា​របស់​តុលាការ​នេះ»

ឆ្លើយ​តប​បញ្ហា​នេះ ប្រធាន​គម្រោង​សាលា​ក្ដី​ខ្មែរ​ក្រហម នៃ​សមាគម​អាដហុក លោក ឡាត់ គី យល់​ថា គ្រប់​មេធាវី​ខិតខំ​ប្រឹងប្រែង​ការពារ​ផល​ប្រយោជន៍​ជូន​ជន​រងគ្រោះ ប៉ុន្តែ​រាល់​ការ​បកស្រាយ​ទាំង​ឡាយ គឺ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​ជា​ធរមាន ជាពិសេស​ផ្អែក​លើ​បទបញ្ជា​ផ្ទៃ​ក្នុង​ដែល​បាន​បញ្ញត្តិ។ ចំពោះ​សំណូមពរ​បង្កើត​គណៈកម្មការ គឺ​ជា​រឿង​មួយ​លំបាក ដែល​ទាមទារ​ឲ្យ​មាន​ពេល​វេលា​គ្រប់គ្រាន់​ក្នុង​ការ​ជជែក​ជាមួយ​ពួក​គាត់​ឲ្យ​បាន​លម្អិត​ឡើង​វិញ៖ «សម្រាប់​បុគ្គល​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ដទៃ​ឯ​ទៀត ដែល​មាន​បំណង​ចង់​បាន​សំណង​ជា​បុគ្គល អាច​លើក​ឡើង​អាច​ធ្វើ​ការ​តស៊ូ​មតិ​គ្រប់​កាលៈទេសៈ តាម​លទ្ធភាព​ដែល​ពួក​គាត់​ចង់​ធ្វើ។ សម្រាប់​យើង​ខ្ញុំ​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​សម្រប​សម្រួល តែង​តែ​ជួយ​សម្រួល​ដូច​ជា​ការ​ផ្ដល់​ឱកាស​ឲ្យ​គាត់​បាន​បញ្ចេញ​នូវ​សំឡេង​ទុក្ខ​លំបាក សំឡេង​នូវ​ទស្សនៈ​ដែល​គាត់​ចង់​បាន​តាម​លទ្ធភាព​ដែល​យើង​ខ្ញុំ​មាន»

អ្នក​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ដ្រា មាន​ប្រសាសន៍​ថា ទាក់ទង​នឹង​ការ​ផ្ដល់​សំណង​ជូន​ជន​រងគ្រោះ​មាន​ពីរ​ប្រភេទ គឺ​សំណង​សមូហភាព និង​សំណង​ផ្លូវ​ចិត្ត ប៉ុន្តែ​មិន​អាច​ផ្ដល់​ជា​សំណង​បុគ្គល​ម្នាក់ៗ​នោះ​ទេ ដោយសារ​តែ​ដើម​បណ្ដឹង​មាន​ចំនួន​ច្រើន។ លោក​បញ្ជាក់​ថា ដើម​បណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំ​រឿង​លេខ​០០២ ដែល​មាន​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន មាន​ចំនួន​ជិត ៤​ពាន់​នាក់ (៣.៨៦៧)៖ «ការ​ប្រកាស​សាលក្រម​នេះ​នឹង​ចាប់​ផ្ដើម​ធ្វើ​នៅ​វេលា​ម៉ោង ៩​ព្រឹក ហើយ​ប្រសិន​បើ​សាលក្រម​មាន​ពិរុទ្ធភាព​នោះ ការ​ប្រកាស​អំពី​សំណង​ទៅ​ដល់​ជន​រងគ្រោះ ក៏​នឹង​ធ្វើ​ឡើង​នៅ​ពេល​នោះ​ដែរ​បាទ»

ជន​រងគ្រោះ និង​ជា​តំណាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ជាច្រើន​នាក់ កំពុង​តែ​ទន្ទឹង​រង់ចាំ​យុត្តិធម៌​តាម​រយៈ​ការ​ប្រកាស​សាលក្រម​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម លើ​សំណុំ​រឿង​លេខ​០០២ នេះ ដែល​នឹង​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​សីហា ឆ្នាំ​២០១៤។ ប៉ុន្តែ​ទាក់ទង​នឹង​ការ​ផ្ដល់​សំណង ពួក​គាត់​នៅ​តែ​ទាមទារ​ឲ្យ​មាន​ការ​ផ្ដល់​ជា​បុគ្គល លើ​សំណង​ផ្លូវ​ចិត្ត និង​សមូហភាព ដើម្បី​ផ្សះផ្សា​ផ្លូវ​ចិត្ត​ជន​រងគ្រោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។