សាលា​ក្ដី​ខ្មែរ​ក្រហម​ជជែក​អំពី​ឯកសារ​ពាក់ព័ន្ធ​ជន​ជាប់​ចោទ​ក្នុង​សំណុំ​រឿង​០០២

សាលា​ក្ដី​ខ្មែរ​ក្រហម​បន្ត​បើក​សវនាការ​ប្រចាំ​សប្ដាហ៍​របស់​ខ្លួន​នៅ​ថ្ងៃ​ច័ន្ទ ទី២៤ មិថុនា ឆ្នាំ​២០១៣។ សវនាការ​នៅ​ថ្ងៃ​ច័ន្ទ គឺ​ផ្ដោត​លើ​ឯកសារ​ពាក់ព័ន្ធ​របស់​ជន​ជាប់​ចោទ​នៅ​ក្នុង​ឧក្រិដ្ឋកម្ម​នៅ​ក្នុង​សំណុំ​រឿង​លេខ ០០២ វគ្គ ១។

0:00 / 0:00

សាលា​ក្ដី​ខ្មែរ​ក្រហម​ដែល​ធ្វើ​នៅ​ថ្ងៃ​ទី២៤ មិថុនា មិន​បាន​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី ឬ​អ្នក​ជំនាញ​ដូច​រាល់​ដង​ទេ គឺ​អង្គ​ជំនុំ​ជម្រះ​ងាក​មក​ជជែក​ដេញដោល​គ្នា​អំពី​ឯកសារ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចូលរួម​ចំណែក​របស់​ជន​ជាប់​ចោទ​នៅ​ក្នុង​ឧក្រិដ្ឋកម្ម ដែល​ពាក្យ​បច្ចេកទេស​របស់​តុលាការ​ហៅ​ថា សហ​ឧក្រិដ្ឋកម្ម​រួម (Joint Criminal Enterprise (JCE)។

នៅ​ក្នុង​ពេល​បើក​សវនាការ ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង លោក​ចៅក្រម និល ណុន ប្រកាស​ដល់​ភាគី​អំពី​គោល​បំណង​សវនាការ​នេះ​ថា មិន​មែន​ជា​សវនាការ​ដេញដោល​ថា តើ​ឯកសារ​ណា​មួយ​អាច​ទទួល​យក​បាន ឬ​មិន​បាន​នោះ​ទេ៖ «វា​ជា​សវនាការ​មួយ​ដែល​ភាគី​លើក​យក​ឯកសារ​សំខាន់ៗ ទាំង​ឯកសារ​ដាក់​បន្ទុក និង​ឯកសារ​ដោះ​បន្ទុក ដើម្បី​ជា​ជំនួយ​ដល់​អង្គ​ជំនុំ​ជម្រះ​ក្នុង​ការ​វាយ​តម្លៃ​លើ​តម្លៃ​នៃ​ភស្តុតាង នៅ​ពេល​ដែល​អង្គ​ជំនុំ​ជម្រះ​ធ្វើ​ការ​ថ្លឹងថ្លែង​លើ​ទម្ងន់​នៃ​ភស្តុតាង​ទាំង​នោះ បន្ទាប់​ពី​សវនាការ​ពិភាក្សា​លើ​ភស្តុតាង​ត្រូវ​បាន​បញ្ចប់។ ម្យ៉ាង​ទៀត សវនាការ​នេះ​ក៏​ជួយ​ដល់​សាធារណជន​យល់​បាន​កាន់​តែ​ច្បាស់​នូវ​ឯកសារ​ដែល​បាន​ពិភាក្សា​ក្នុង​ពេល​កន្លង​មក ដោយសារ​តែ​សំណុំ​រឿង​ក្ដី​នេះ​មាន​ទំហំ​ធំ ហើយ​ស្មុគស្មាញ»

លោក​បញ្ជាក់​បន្ថែម​ថា អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​បាន​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ទី៣១ ខែ​ឧសភា ឆ្នាំ​២០១៣ ថា អង្គ​ជំនុំ​ជម្រះ​នឹង​បង្ហាញ​ឯកសារ​គន្លឹះ​សំខាន់ៗ​ដែល​ភាគី និង​អង្គ​ជំនុំ​ជម្រះ​យល់​ថា ជាប់​ពាក់ព័ន្ធ​បំផុត​ទៅ​នឹង​សំណុំ​រឿង ០០២ វគ្គ ១ ហើយ​ឯកសារ​នោះ​ធ្លាប់​ជជែក​ដេញដោល​គ្នា​នៅ​ចំពោះ​មុខ​អង្គ​ជំនុំ​ជម្រះ​រួច​ហើយ។

កន្លង​មក សហ​ព្រះរាជ​អាជ្ញា និង​មេធាវី​នាំ​មុខ​ដើម​បណ្ដឹង​រដ្ឋប្បវេណី យល់​ថា ឯកសារ​ទាំង​នេះ​មាន​ប្រយោជន៍​ជា​ជំនួយ​ដល់​អង្គ​ជំនុំ​ជម្រះ​ក្នុង​វាយ​តម្លៃ​ភស្តុតាង។

សវនាការ​នៅ​ថ្ងៃ​ច័ន្ទ អង្គ​ជំនុំ​ជម្រះ​បាន​ផ្ដល់​ឱកាស​របស់​ភាគី​សហ​ព្រះរាជ​អាជ្ញា និង​មេធាវី​នាំ​មុខ​ដើម​បណ្ដឹង​រដ្ឋប្បវេណី ដើម្បី​លើក​យក​ឯកសារ​ពាក់ព័ន្ធ​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ជូន​អង្គ​ជំនុំ​ជម្រះ។ ឯកសារ​គន្លឹះ​ទាំង​នេះ គឺ​ផ្ដោត​លើ​អង្គ​ហេតុ​នៃ​សហ​ឧក្រិដ្ឋកម្ម​រួម ទម្រង់​នៃ​ការ​ទទួល​ខុស​ត្រូវ និង​តួនាទី​របស់​ជន​ជាប់​ចោទ។

ឯកសារ​ដែល​លើក​ឡើង​ដោយ​សហ​ព្រះរាជ​អាជ្ញា នៅ​ថ្ងៃ​ទី២៤ មិថុនា គឺ​ទាក់ទង​នឹង​ផែនការ​ជម្លៀស​ពលរដ្ឋ​ដោយ​បង្ខំ ទាំង​លើក​ទី​មួយ និង​ទី​ពីរ ដែល​ជា​ឯកសារ​ផ្លូវ​ការ​បោះពុម្ព​ផ្សាយ​ដោយ​បក្ស​កុម្មុយនិស្ត​កម្ពុជា មាន​ដូច​ជា លក្ខន្តិកៈ​បក្ស និង​ទង់​បដិវត្តន៍ អត្ថបទ​អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ និង​សេចក្ដី​ថ្លែង​ការណ៍​របស់​ជន​ជន​ជាប់​ចោទ​ជាដើម។

សហ​ព្រះរាជ​អាជ្ញា​លើក​ឡើង​ថា ឯកសារ​ទាំង​នេះ ជា​មនោគម​វិជ្ជា​ស្នូល​ដល់​ការ​ចម្រាញ់​ខ្មាំង និង​ជម្លៀស​ពលរដ្ឋ​ស៊ីវិល។ ការ​ជម្លៀស គឺ​យោង​ទៅ​លើ​ការ​ជម្លៀស​នៅ​ខេត្ត​កំពង់ចាម ក្រចេះ សៀមរាប ភូមិភាគ​បូព៌ា និរតី ជា​ពិសេស​នៅ​ឧត្ដុង្គ ឆ្នាំ​១៩៧៣។ ក្នុង​នេះ​ក៏​មាន​តេឡេក្រាម​ស្ដីពី​ការ​ជម្លៀស និង​សម្លាប់​ជន​ស៊ីវិល​នៅ​ចុង​ឆ្នាំ​១៩៧៤ និង​សន្ទរកថា​របស់​ជន​ជាប់​ចោទ ខៀវ សំផន ដែល​ឈាន​ទៅ​ដល់​ការ​ជម្លៀស​លើក​ទី​មួយ និង​ឯកសារ​ដែល​ថា គាត់​ក៏​នៅ​ក្នុង​ផែន​ការ​នោះ​ដែរ។

សវនាការ​នឹង​បន្ត​នៅ​ថ្ងៃ​ទី២៥ មិថុនា ទៀត ដោយ​ផ្ដល់​ឱកាស​ឱ្យ​ភាគី​មេធាវី​នាំ​មុខ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ជា​អ្នក​លើក​ឯកសារ​ម្ដង។ បន្ទាប់​ពី​ភាគី​សហ​ព្រះរាជ​អាជ្ញា អង្គ​ជំនុំ​ជម្រះ​នឹង​ផ្ដល់​ឱកាស​ដល់​មេធាវី និង​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ឡើង​ឆ្លើយ​តប​ចំពោះ​ឯកសារ​ដែល​លើក​ឡើង​ដោយ​ភាគី​សហ​ព្រះរាជ​អាជ្ញា និង​មេធាវី​ដើម​បណ្ដឹង​រដ្ឋប្បវេណី ដែល​បន្ទុក​លើ​ភាគី​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។