មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ​ក្នុង​សំណុំ​រឿង​០០២​វគ្គ​២​នៅ​តែ​រក្សា​ជំហរ​មិន​ចូល​សវនាការ

0:00 / 0:00

អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម នឹង​បន្ត​បើក​សវនាការ សំណុំ​រឿង ០០២ វគ្គ ២ នៅ​ថ្ងៃ​ទី ១៧ វិច្ឆិកា តាម​ការ​គ្រោង​ទុក​របស់​ខ្លួន។ ប៉ុន្តែ មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ​ក្នុង​សំណុំ​រឿង​នេះ នៅ​តែ​រក្សា​ជំហរ​មិន​ចូល​រួម​សវនាការ។

ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ​ជន​ជាប់​ចោទ ខៀវ សំផន បញ្ជាក់​ជំហរ​ច្បាស់​ថា ក្រុម​ខ្លួន​នៅ​តែ​ធ្វើ​ពហិការ​សវនាការ​សាលា​ដំបូង នៅ​ព្រឹក​ថ្ងៃ​ទី ១៧ វិច្ឆិកា។

សហ​មេធាវី​ការពារ​ក្ដី​ឱ្យ​ជន​ជាប់​ចោទ ខៀវ សំផន គឺ​លោក​មេធាវី គង់ សំអុន ថ្លែង​នៅ​ល្ងាច​ថ្ងៃ​ទី ១៦ វិច្ឆិកា​ថា ជំហរ​កូន​ក្ដី​របស់​លោក​បាន​បញ្ជាក់​ជាមួយ​សាលា​ដំបូង​រួច​ហើយ តាំង​ពី​សប្ដាហ៍​មុន៖ « យើង​មិន​អាច​ចូលរួម​នៅ​ក្នុង​នីតិវិធី​សវនាការ​បាន ដោយសារ​យើង​រវល់​រៀបចំ​បណ្ដឹង​សាទុក្ខ​តាម​ការ​ណែនាំ​របស់​កូន​ក្ដី ហើយ​យើង​បាន​លើក​ហេតុផល​មួយ​ចំនួន​តាម​ផ្លូវ​ច្បាប់ ដែល​មាន​អនុវត្តន៍​តុលាការ​អន្តរជាតិ »

ការ​ផ្អាក​សវនាការ​របស់​សាលា​ដំបូង បាន​អូស​បន្លាយ​អស់​រយៈ​ពេល​មួយ​ខែ​ហើយ គឺ​បន្ទាប់​ពី​ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ​ជន​ជាប់​ចោទ ធ្វើ​ពហិការ​ដោយ​ដើរ​ចេញ​ពី​សាល​សវនាការ នៅ​រសៀល​ថ្ងៃ​ទី ១៧ ខែ​តុលា។ ពហិការ​នោះ ធ្វើ​ឱ្យ​អង្គ​ជំនុំជម្រះ​សាលាដំបូង បង្ខំ​ចិត្ត​ផ្អាក​សវនាការ។

ក្រុម​មេធាវី​ការពារ​ជន​ជាប់​ចោទ ខៀវ សំផន លើក​ហេតុផល​ថា ពួក​គាត់​មិន​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ការ​លើ​សំណុំរឿង ២ ក្នុង​ពេល​តែ​មួយ​បាន​ទេ។ ជា​ពិសេស សំណុំរឿង ០០២ វគ្គ ១ កំពុង​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​នៅ​ឡើយ ហើយ​មក​ចាប់​ផ្ដើម​ធ្វើ​សវនាការ​លើ​សំណុំរឿង ០០២ វគ្គ ២ ទៀត។

ដោយ​ឡែក ជន​ជាប់​ចោទ នួន ជា បាន​ឱ្យ​មេធាវី​របស់​គាត់​ឱ្យ​ចេញ​ពី​សាល​សវនាការ រហូត​ដល់​តុលាការ​កំពូល​សម្រេច​អំពី​បណ្ដឹង​ដិត​ចិត្ត​ដក​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​សិន។ នៅ​ពេល​នេះ តុលាការ​កំពូល​សម្រេច​បដិសេធ​បណ្ដឹង​ដិត​ចិត្ត​នោះ​ហើយ។ ទោះ​ជា​ដូច្នេះ​ក្ដី សហ​មេធាវី​ជាតិ​ការពារ​ក្ដី​លោក នួន ជា គឺ​លោក សុន អរុណ ថ្លែង​ថា ខាង​លោក​នៅ​មិន​ទាន់​ប្រាកដ​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ រហូត​ទាល់​តែ​លោក​ជួប​កូន​ក្ដី​លោក នៅ​ព្រឹក​ថ្ងៃ​ទី ១៧ វិច្ឆិកា។

កាល​ពី​សប្ដាហ៍​មុន​នេះ អង្គ​ជំនុំជម្រះ​សាលា​ដំបូង​ចេញ​សេចក្ដី​បង្គាប់​ឱ្យ​គ្រប់​ភាគី​ទាំង​អស់ ចូល​រួម​សវនាការ​នៅ​ថ្ងៃ​ទី ១៧ វិច្ឆិកា​នេះ។ អង្គ​ជំនុំជម្រះ​ព្រមាន​ថា នឹង​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ក្រុម​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ ខៀវ សំផន និង នួន ជា ប្រសិន​បើ​ក្រុម​មេធាវី​ទាំង ២ ក្រុម មិន​ចូលរួម​សវនាការ​នេះ។

នៅ​ក្នុង​សវនាការ​កាល​ពី​ខែ​តុលា ជន​ជាប់​ចោទ ខៀវ សំផន ប្រកាស​ថា លោក​មិន​ចង់​ចូលរួម​សវនាការ​សំណុំរឿង ០០២ វគ្គ ២ ទេ ព្រោះ​គាត់​ត្រូវ​ចំណាយ​ពេល​លើ​បណ្ដឹង​សាទុក្ខ។ លោក ខៀវ សំផន ថ្លែង​ថា ប្រសិនបើ​អង្គ​ជំនុំជម្រះ​បង្ខំ គឺ​ជា​ការ​រំលោភ​សិទ្ធិ​របស់​លោក៖ « ខ្ញុំ​មិន​មាន​បំណង​មក​ចូលរួម​សវនាការ​ទេ។ បើ​តុលាការ​បង្ខំ​ឱ្យ​ខ្ញុំ​ចូលរួម​សវនាការ ជា​ការ​ពិត​ហើយ​ខ្ញុំ​មិន​អាច​ប្រឆាំង​បាន​ទេ ប៉ុន្តែ​ខ្ញុំ​ត្រូវ​ការ​ឱ្យ​មាន​ការ​កត់​ត្រា​ក្នុង​កំណត់​ហេតុ​ឱ្យ​ច្បាស់លាស់​ថា រាល់​ថ្ងៃ​ខ្ញុំ​ត្រូវ​មាន​មុខ​នៅ​ទី​នេះ គឺ​ដោយ​មាន​ការ​បង្ខិតបង្ខំ ហើយ​នេះ​ជា​ការ​រំលោភ​លើ​សិទ្ធិ​របស់​ខ្ញុំ ដែល​ខ្ញុំ​ត្រូវ​មាន ដើម្បី​ចូលរួម​ធ្វើ​ការ​ក្នុង​រៀបចំ​សារណា​បណ្ដឹង​ឧទ្ធរណ៍​របស់​ខ្ញុំ រហូត​ដល់​ត្រូវ​បាន​យក​ទៅ​ដាក់​នោះ »

ក្រុម​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ រិះគន់​ថា បញ្ហា​កំពុង​មាន​នៅ​សាលាក្ដី​ខ្មែរ​ក្រហម គឺ​ការ​រំលោភ​ច្បាប់។ ទន្ទឹម​គ្នា​នេះ ដើម​បណ្ដឹង​រដ្ឋប្បវេណី​ខ្លះ​រិះគន់​ថា សាលក្រម ០០២ វគ្គ ១ មិន​យុត្តិធម៌ និង​ខ្លះ​ទៀត​រិះគន់​ថា សាលាក្ដី​នេះ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ពួក​គាត់​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។