អតីត​ឆ្មាំ​គុក​ទួល​ស្លែង​ប្រាប់​តុលាការ​ថា ឌុច បញ្ជា​ឲ្យ​វះ​ពោះ​សព​អ្នក​ទោស​ពេល​សម្លាប់​ហើយ

ដោយ ឡេង ម៉ាលី
2016.05.04
សាក្សី ហ៊ីម ហ៊ុយ ២០១៦ ៨៥៥ អតីត​ឆ្មាំ​គុក​មួយ​រូប​នៅ​មន្ទីរ​សន្តិសុខ «ស-២១» ឬ​គុក​ទួល​ស្លែង សាក្សី ហ៊ីម ហ៊ុយ ជម្រាប​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo courtesy of ECCC
Photo courtesy of ECCC

សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​៤ ឧសភា ធ្វើ​សវនាការ​ស្ដាប់​សាក្សី​ទី​៧ ដែល​ជា​អតីត​ឆ្មាំ​គុក​មួយ​រូប​នៅ​មន្ទីរ​សន្តិសុខ «-២១» ឬ​គុក​ទួល​ស្លែង​កាល​ពី​ក្នុង​របប​ខ្មែរ​ក្រហម។ អតីត​ឆ្មាំ​គុក​រូប​នេះ គឺ​លោក ហ៊ីម ហ៊ុយ ដែល​ជា​អ្នក​យាម​អ្នក​ទោស និង​ជា​អ្នក​ចាប់​ចង​មនុស្ស ដែល​ត្រូវ​អង្គការ​ចោទ​ថា​ជា​អ្នក​ក្បត់ ជា​ខ្មាំង​របស់​អង្គការ។

សាក្សី ហ៊ីម ហ៊ុយ ប្រាប់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម ថា​នៅ​ក្នុង​របប​ខ្មែរ​ក្រហម លោក​មាន​តួនាទី​ជា​អ្នក​យាម​នៅ​ផ្នែក​ខាង​ក្រៅ​បរិវេណ​មន្ទីរ «-២១» ឬ​គុក​ទួល​ស្លែង។ លោក​ជា​អ្នក​ទៅ​ចាប់ និង​ទទួល​អ្នក​ទោស​យក​ចូល​មក​ឃុំឃាំង​នៅ​ទីនោះ «ដូច​ទៅ​បាត់ដំបង អ៊ីចឹង ឡាន​ឡង់រ៉ូវែរ (Land Rover) ពីរ​គ្រឿង​ទៅ។ ឡាន​មួយ​ការពារ​អ្នក​ទោស ហើយ​ឡាន​មួយ​ទៀត។ ចំនួន​គ្នា​បួន​នាក់ អ្នក​មុខ​ពីរ​នាក់ អ្នក​ក្រោយ​ពីរ​នាក់។ ពេល​ទៅ​ទទួល​នៅ​បាត់ដំបង ហ្នឹង នៅ​កន្លែង​សាលា​រៀន​គេ។ គេ​ចាប់​ហើយ យើង​ទៅ​ដល់​ចាប់​អ្នក​ហ្នុង​ដាក់​ឡាន បិទ​ទ្វារ នាំ​គ្នា​ចេញ​មក​វិញ​ពេល​យប់។ មាន​ទទួល​នៅ​ឯ​ស្វាយរៀង ក៏​មាន នៅ​តាម​កន្លែង​ឃ្លាំង​រដ្ឋ​ឃ្លាំង​អី​ក៏​ឡាន ស-២១ ទៅ​យក គឺ​នៅ​ក្នុង​ភ្នំពេញ»

លោក ហ៊ីម ហ៊ុយ ជម្រាប​អង្គ​ជំនុំ​ជម្រះ​ថា លោក​ក៏​ធ្លាប់​ដឹក​អ្នក​ទោស​ទៅ​សម្លាប់​នៅ​ជើង​ឯក​ដែរ។ លោក​បន្ត​ថា អ្នក​ដែល​គេ​ចាប់​ដាក់​គុក​ទួល​ស្លែង​ពេល​នោះ គឺ​ត្រូវ​គេ​សម្លាប់ ហើយ​ប្រធាន​គុក​ទួល​ស្លែង​ឈ្មោះ ឌុច ជា​អ្នក​បញ្ជា​ឲ្យ​សម្លាប់​អ្នក​ទោស។ ដំបូង​ឡើយ អ្នក​ទោស​ទាំង​នោះ​ត្រូវ​គេ​សម្លាប់​នៅ​មន្ទីរ «-២១» ជាពិសេស​ជនជាតិ​វៀតណាម ជន​បរទេស និង​កុមារ។ លោក ហ៊ីម ហ៊ុយ បញ្ជាក់​ថា កុមារ​ត្រូវ​គេ​សម្លាប់​នៅ​ខាង​ក្រោយ​គុក​ទួល​ស្លែង មុន​ពេល​គេ​យក​ម្ដាយ​ទៅ​សម្លាប់​នៅ​ជើង​ឯក៖ «ប៉េង អ្នក​ប្រាប់​ខ្ញុំ គឺ​ក្រុម​របស់​គេ​នៅ​ខាង​ក្នុង​ជា​អ្នក​យក​ទៅ​សម្លាប់។ ពេល​គេ​សម្លាប់​ហើយ ក៏​គេ​យក​ម៉ែ ហើយ​អ្នក​ដែល​សួរ​ចម្លើយ​ហើយ​ហ្នឹង ដឹក​ទៅ​ជើង​ឯក។ ខ្ញុំ​សុំ​ជម្រាប​ថា គេ​មិន​ឲ្យ​បែក​ការណ៍​យក​ក្មេង​ទៅ​ជាមួយ​ទេ។ យក​ក្មេង​ទៅ​ជាមួយ ក្មេង​យំ គឺ​អ្នក​នៅ​តាម​ផ្លូវ​ដូចជា​អ្នក​រោងចក្រ ពួក​គាត់​ដេរ​អី​ដឹង គឺ​បែក​ការណ៍។ អ៊ីចឹង​គេ​អត់​ឲ្យ​ដឹង​ទេ គេ​ត្រូវ​លាក់​ការណ៍។ ប៉េង បាន​ប្រាប់​ខ្ញុំ​ថា យក​ក្មេង​ហ្នឹង​ទៅ​មណ្ឌល​កុមារ។ បើ​យើង​មិន​ប្រាប់​អ៊ីចឹង គឺ​ម្ដាយ​គេ​នឹង​បែក​ការណ៍​ដឹង​ផ្អើល​ហើយ។ អ៊ីចឹង​យើង​ថា​យក​ទៅ​ដាក់​មណ្ឌល​កុមារ​ទៅ»

លោក​ឲ្យ​ដឹង​ទៀត​ថា នៅ​ដំណាក់​កាល​ក្រោយ​មក​ទៀត ទើប​គេ​យក​ទៅ​សម្លាប់​នៅ​ជើង​ឯក ដែល​មាន​ក្រុម​អ្នក​សម្លាប់ និង​ជីក​រណ្ដៅ​កប់​សព​ប្រចាំ​នៅ​ទីនោះ។ មេ​ក្រុម​អ្នក​សម្លាប់ និង​ជីក​រណ្ដៅ​កប់​សព​នៅ​ជើង​ឯក មាន​ឈ្មោះ តេង។

លោក ហ៊ីម ហ៊ុយ បន្ត​ថា ប្រធាន​គុក​ទួល​ស្លែង ឌុច និង​អនុ​ប្រធាន​ឈ្មោះ ហ៊ ជា​អ្នក​សម្រេច​ផ្លាស់ប្ដូរ​ទីតាំង​នេះ ហើយ​បាន​បញ្ជា​ឲ្យ​វះ​ពោះ​សព​អ្នក​ទោស​ពេល​គេ​សម្លាប់​រួច​ហើយ៖ «តា ហ៊ តា ឌុច ហ្នឹង​ថា​វាយ​ហើយ​ឲ្យ​អារ​កអារ​កហើយ​បាន​វះ​ពោះ​ទៀត។ បើ​កាលណា​មិន​វះ​ពោះ គឺ​ហើម​របើក​រណ្ដៅ​ហ្នឹង​តែ​ម្ដង។ អ៊ីចឹង​ស្អុយ​គេ​ដឹង។ ពេល​ដែល​ខ្ញុំ​បញ្ជូន​ទៅ គឺ​ខ្ញុំ​អត់​បាន​យក​ទាំង​កុមារ​ទៅ​ទេ។ តែ​ខុស​ពី​ខ្ញុំ មិន​ដឹង​គេ​យក​ពី​កន្លែង​ណា ឬ​ចេញ​ពី -២១ ក៏​មិន​ដឹង​ដែរ»

អតីត​ឆ្មាំ​គុក ហ៊ីម ហ៊ុយ ក៏​ធ្លាប់​និយាយ​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា នៅ​ពេល​នោះ​លោក​ត្រូវ​បាន ឌុច បញ្ជា​ឲ្យ​សម្លាប់​ជន​រងគ្រោះ​ផ្ទាល់​ដៃ​ចំនួន ៥​នាក់​ដែរ។ ប៉ុន្តែ​លោក​អះអាង​ថា ក្រុម​អ្នក​សម្លាប់​អ្នក​ទោស គឺ​មាន​ប្រធាន​កង​សន្តិសុខ​ឈ្មោះ ប៉េង ដែល​នៅ​ផ្នែក​ខាង​ក្នុង​មន្ទីរ «-២១»។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​ថា អ្នក​ដែល​ជា​កង​សន្តិសុខ​ទាំង​នោះ​មួយ​ចំនួន ក៏​ត្រូវ​គេ​ចាប់ និង​សម្លាប់​នៅ​គុក​ទួល​ស្លែង​នោះ​ដែរ។

សក្ខីកម្ម​របស់​លោក ហ៊ីម ហ៊ុយ ឲ្យ​ដឹង​ថា ប្រធាន​គុក​ទួល​ស្លែង ឌុច ធ្លាប់​និយាយ​ពាក់ព័ន្ធ​នឹង​ឈ្មោះ​ជន​ជាប់​ចោទ នួន ជា នៅ​ក្នុង​ពេល​រៀន​សូត្រ​នយោបាយ​ម្ដងៗ។

អង្គ​ហេតុ​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​នៅ​មន្ទីរ​សន្តិសុខ «-២១» ឬ​គុក​ទួល​ស្លែង កាល​ពី​ក្នុង​របប​ខ្មែរ​ក្រហម ជា​អង្គ​ហេតុ​ដែល​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​កំពុង​ស្ដាប់​សាក្សី ប្រឆាំង​នឹង​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន នៅ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២។

អតីត​ឆ្មាំ​គុក ហ៊ីម ហ៊ុយ នឹង​ត្រូវ​ផ្ដល់​សក្ខីកម្ម​បន្ត​ទៀត​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ឧសភា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។