សំណុំរឿងលេខ០០៣ និង០០៤ បានជាប់គាំងជាយូរមកហើយនៅក្នុងនីតិវិធីរបស់សាលាក្ដីខ្មែរក្រហម ដោយសារតែសហចៅក្រមជាតិ និងអន្តរជាតិ មិនត្រូវរ៉ូវគ្នា ពីព្រោះសហចៅក្រមជាតិបានខ្វែងគំនិតគ្នាទៅលើសំណុំរឿងដ៏ចម្រូងចម្រាសនេះ រហូតដល់សហចៅក្រមអន្តរជាតិបានលាលែងពីតួនាទីជាបន្តបន្ទាប់កន្លងមក។
ប៉ុន្តែ នៅពេលនេះ សំណុំរឿងលេខ០០៣ និង០០៤ នេះ ត្រូវបានសហចៅក្រមអន្តរជាតិដែលមកជំនួសលោក ឡូរ៉ង់ កាសប៉ឺ-អានសឺម៉េត (Laurant Kasper Ansermet) ដែលបានលាលែងកាលពីឆ្នាំ២០១២ នោះ នៅពេលនេះលោកបើកឱកាសឲ្យមេធាវីរបស់ដើមបណ្ដឹងរដ្ឋប្បវេណី បើកការស៊ើបអង្កេតសំណុំរឿងទាំងពីរនេះទៀត។
មន្ត្រីនាំពាក្យនៃសាលាក្ដីខ្មែរក្រហម បានឲ្យដឹងនៅថ្ងៃទី២៣ មេសា ថា សហចៅក្រមអន្តរជាតិបានទទួលស្គាល់មេធាវីការពារក្ដីនៅក្នុងសំណុំរឿង០០៣ និង០០៤ ជាង ៤០នាក់ ប៉ុន្តែសហចៅក្រមជាតិបានជំទាស់ចំពោះការសម្រេចនេះ។
លោក នេត្រ ភក្ដ្រា ជាអ្នកនាំពាក្យនៃសាលាក្ដីខ្មែរក្រហម។ លោកមានប្រសាសន៍ថា សហចៅក្រមអន្តរជាតិ លោក ម៉ាក ប្រាយអិន ហាម៉ុន (Mark Brian Harmon) បានទទួលស្គាល់មេធាវីរបស់ដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០៣ ចំនួន ២០នាក់ និងមេធាវីសម្រាប់ការពារក្ដីក្នុងសំណុំរឿង០០៤ ចំនួន ២៥នាក់ទៀត ប៉ុន្តែការទទួលស្គាល់នេះ គឺមានការខ្វែងគំនិតគ្នារវាងសហចៅក្រមអន្តរជាតិ លោក ម៉ាក ហាម៉ុន និងសហចៅក្រមជាតិលោក យូ ប៊ុនឡេង៖ «នីតិវិធីនៃការខ្វែងយោបល់គ្នានេះ ជារឿងធម្មតាទេរបស់តុលាការ ហើយយើងមានវិធីសម្រាប់ដោះស្រាយតាមច្បាប់របស់តុលាការហើយ»។
នៅក្នុងសេចក្ដីសម្រេចរបស់សហចៅក្រមស៊ើបអង្កេតអន្តរជាតិ នៅថ្ងៃទី២៦ ខែកុម្ភៈ បានទទួលស្គាល់មេធាវីការពារក្ដីសំណុំរឿង០០៣ ចំនួន ២០នាក់។ ដោយឡែក សេចក្ដីសម្រេចរបស់សហចៅក្រមអន្តរជាតិដដែល ដែលចុះថ្ងៃទី១ មេសា ឆ្នាំ២០១៣ ទទួលស្គាល់មេធាវីរបស់ដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០៤ ចំនួន ២៥នាក់។ សេចក្ដីសម្រេចទាំងពីរនេះ ត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃសៅរ៍ ទី២០ មេសា។
នៅក្នុងសេចក្ដីសម្រេចនោះ សហចៅក្រមអន្តរជាតិ លោក ម៉ាក ហាម៉ុន មានប្រសាសន៍ថា លោកផ្ដល់នីតិសម្បទា និងទទួលស្គាល់មេធាវីទាំងនេះក្នុងគោលបំណងសម្រាប់ធ្វើការស៊ើបអង្កេតសំណុំរឿង០០៣ និង០០៤។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីសម្របសម្រួលកម្មវិធីតុលាការខ្មែរក្រហមនៃសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) លោក ឡាត់ គី បានពន្យល់ថា ទោះបីជាសហចៅក្រមអន្តរជាតិបានខំប្រឹងប្រែងដើម្បីខំរកយុត្តិធម៌ជូនជនរងគ្រោះនៅក្នុងរបបខ្មែរក្រហមយ៉ាងណាក៏ដោយ ក៏ប៉ុន្តែលោកបញ្ជាក់ថា ការខំប្រឹងប្រែងនេះ មិនអាចវិវឌ្ឍន៍ទៅមុខទេ សំណុំរឿងលេខ០០៣ និង០០៤ នេះ បញ្ហាសំខាន់ស្ថិតនៅលើឯករាជ្យភាពរបស់តុលាការ៖ «បង្ហាញឲ្យឃើញកាន់តែច្បាស់អំពីកម្រិតឯករាជ្យភាពរបស់តុលាការអីចឹងទាំងអស់នេះ ពិបាកមែនទែន អីចឹងធ្វើឲ្យសាលាក្ដីខ្មែរក្រហមមានឧបសគ្គជាច្រើន»។
សំណុំរឿង០០៣ និង០០៤ រដ្ឋាភិបាលធ្លាប់បានប្រកាសថា រដ្ឋាភិបាលមិនចង់ឲ្យតុលាការដំណើរការនីតិវិធីនេះទេ។ បញ្ហានេះត្រូវបានមន្ត្រីអង្គការសង្គមស៊ីវិល ចោទប្រកាន់ថា សាលាក្ដីខ្មែរក្រហមមិនឯករាជ្យនោះ។
ការខ្វែងគំនិតគ្នាអំពីការស៊ើបអង្កេតលើសំណុំរឿង០០៣ និង០០៤ នេះ មិនមែនជាលើកទី១ នោះទេ កន្លងមកសហចៅក្រមជាតិ និងសហចៅក្រមអន្តរជាតិ តែងខ្វែងគំនិតគ្នាអំពីសំណុំរឿងដ៏ចម្រូងចម្រាសនេះរហូតដល់សហចៅក្រមអន្តរជាតិបានលាលែងពីតួនាទីជាបន្តបន្ទាប់ រួមមាន លោក ស៊ីក ហ្វ្រ៊ីដ ប្លាំង (Siegfried Blunk) និងលោក ឡូរ៉ង់ កាសប៉ឺ-អានសឺម៉េត បានលាលែងកាលពីឆ្នាំ២០១២។
ទាក់ទងនឹងបញ្ហានេះ សាធារណជននឹងរង់ចាំមើលទៀតថា ការខ្វែងគំនិតគ្នារវាងសហចៅក្រមជាតិ លោក យូ ប៊ុនឡេង និងសហចៅក្រមអន្តរជាតិ លោក ម៉ាក ហាម៉ុន នេះ តើលោកនឹងអាចលាឈប់ពីការងារទៀតដោយសារតែភាពមិនចុះសម្រុងនឹងគ្នានេះឬយ៉ាងណា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
