សេចក្ដីប្រកាសរបស់ក្រសួងការបរទេស បានឲ្យដឹងថា ក្នុងពេលទស្សនកិច្ចនៅកម្ពុជា លោកអគ្គទេសាភិបាលប្រទេសណូវែលហ្សេឡង់ដ៍ លោក ជឺរី ម៉ាធីផារ៉េ (Jerry Mateparae) នឹងចូលបង្គំគាល់ព្រះមហាក្សត្រ ជួបប្រជុំជាមួយប្រធានរដ្ឋសភា លោក ហេង សំរិន ជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជួប លោក សាយ ឈុំ អនុប្រធានទី១ ព្រឹទ្ធសភា។
នៅក្នុងដំណើរទស្សនកិច្ចនៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង លោក ជឺរី ម៉ាធីផារ៉េ មិនបានថ្លែងទៅកាន់អ្នកសារព័ត៌មានទេ។ តែ លោក កេ សុបណ្ណការ ប្រធានការិយាល័យសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បានថ្លែងថា ដំណើរទស្សនកិច្ចរបស់អគ្គទេសាភិបាលប្រទេសណូវែលហ្សេឡង់ដ៍ នេះ គឺដើម្បីស្វែងយល់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលសម្លាប់ពលរដ្ឋក្នុងពេលរបបនេះកាន់អំណាច។
បើទោះ លោក ជឺរី ម៉ាធីផារ៉េ មិនបានថ្លែងទៅកាន់អ្នកសារព័ត៌មាន តែលោកបានជជែកជាមួយ លោក ជុំ ម៉ី អតីតជាជនរងគ្រោះដែលនៅមានជីវិតពីការសម្លាប់នៅទួលស្លែង នោះថា លោកសូមកុំឲ្យមានរបបប្រល័យពូជសាសន៍កើតមានឡើងនៅលើទឹកដីកម្ពុជា ជាថ្មីម្ដងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
