រដ្ឋាភិបាលប្រទេសន័រវេសន៍ (Norway) យល់ព្រមឱ្យសាលាក្ដីខ្មែរក្រហម បង្វែរប្រាក់វិភាគទានរបស់ខ្លួនចំនួន ៦លានក្រោន (លុយន័រវេសន៍) ឬប្រហែល ១លានដុល្លារសហរដ្ឋអាមេរិក ទៅឱ្យខាងភាគីជាតិ ដើម្បីចំណាយលើប្រាក់បៀវត្សរ៍របស់បុគ្គលិក។
មន្ត្រីនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ដ្រា មានប្រសាសន៍ថា ទឹកប្រាក់នេះនឹងអាចឱ្យខាងភាគីជាតិបើកប្រាក់ខែបុគ្គលិករបស់ខ្លួនត្រឹមខែមិថុនា៖ «ថវិកានេះ គឺភាគីជាតិនៃសាលាក្ដីខ្មែរក្រហម គឺមានលទ្ធភាពនៅក្នុងការបើកប្រាក់បៀវត្សរ៍ជូនដល់មន្ត្រីបុគ្គលិករបស់ខ្លួន ចាប់តាំងពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០១៤ ហើយដោយឡែកថវិកានៅឆ្នាំ២០១៤ នេះ យើងនៅខ្វះរយៈពេល ៦ខែទៀត គឺពីខែកក្កដា រហូតទៅដល់ខែធ្នូ ឆ្នាំ២០១៤ ដែលសាច់ប្រាក់នេះ យើងត្រូវការប្រមាណ ២លាន ៣សែនដុល្លារអាមេរិក ទៀត ហើយភាគីជាតិកំពុងតែអំពាវនាវទៅដល់ក្រុមប្រទេសម្ចាស់ជំនួយសហគមន៍អន្តរជាតិ បន្តការគាំទ្រថវិកាបន្ថែមទៀត ដើម្បីឱ្យភាគីជាតិមានថវិកាគ្រប់គ្រាន់ដើម្បីដំណើរការឱ្យចប់ឆ្នាំ២០១៤ នេះ»។
ទឹកប្រាក់វិភាគទានចំនួនប្រមាណ ១លានដុល្លារអាមេរិក នេះ គឺប្រទេសន័រវេសន៍ បានសន្យាផ្ដល់ឱ្យភាគីអន្តរជាតិនៃសាលាក្ដីខ្មែរក្រហម កាលពីដើមខែមេសា។ ចាប់តាំងពីការបង្កើតសាលាក្ដីខ្មែរក្រហមមក ប្រទេសន័រវេសន៍ បានផ្ដល់ប្រាក់វិភាគទានរបស់ខ្លួនចំនួន ៧លានដុល្លារសហរដ្ឋអាមេរិក ហើយរួមទាំងវិភាគទាន ១លានដុល្លារនេះផង។
លោក នេត្រ ភក្ដ្រា ថ្លែងថា នៅឆ្នាំ២០១៤ ភាគីជាតិត្រូវការថវិកាចំណាយចំនួន ៦លាន ៤សែនដុល្លារ ហើយនៅឆ្នាំ២០១៥ ត្រូវការចំនួន ៦លានដុល្លារ។
នៅពាក់កណ្ដាលឆ្នាំ២០១៤ នេះ អង្គជំនុំជម្រះសាលាដំបូងរំពឹងថា នឹងអាចចេញសាលក្រមសម្រាប់សំណុំរឿង០០២ វគ្គទី១ ដែលមានជនជាប់ចោទ នួន ជា និង ខៀវ សំផន ត្រូវបានជំនុំជម្រះលើបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធនឹងការជម្លៀសពលរដ្ឋចេញពីទីក្រុងភ្នំពេញ និងតំបន់ដទៃទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
