ជន​ជាប់​ចោទ នួន ជា ច្រាន​ចោល​ឯកសារ​គន្លឹះ​របស់​សហ​ព្រះរាជ​អាជ្ញា

សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម បន្ត​សវនាការ​ស្ដាប់​ការ​ឆ្លើយ​តប​ពី​ភាគី​ចុង​ចោទ នួន ជា និង ខៀវ សំផន ទៅ​នឹង​ការ​ដាក់​ឯកសារ​គន្លឹះ​ប្រឆាំង​នឹង​ពួក​គាត់ នៅ​ក្នុង​សំណុំ​រឿង ០០២ វគ្គ​ទី ១។ ក្នុង​សវនាការ​សាលា​ដំបូង​នៅ​ព្រឹក​ថ្ងៃ​ទី៩ កក្កដា ទាំង​មេធាវី​ការពារ និង​ទាំង​ជន​ជាប់​ចោទ​ផ្ទាល់ សុំ​ឱ្យ​អង្គ​ជំនុំ​ជម្រះ​ច្រាន​ចោល​ឯកសារ​ដាក់​បន្ទុក​ទាំងអស់​របស់​សហ​ព្រះរាជ​អាជ្ញា។

0:00 / 0:00

មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ នួន ជា គឺ​លោក សុន អរុណ នៅ​ព្រឹក​ថ្ងៃ​ទី៩ កក្កដា បាន​ចាត់​ទុក​ឯកសារ​ដាក់​បន្ទុក​ទាំងអស់​របស់​សហ​ព្រះរាជ​អាជ្ញា ថា​ជា​ឯកសារ​មិន​អាច​ប្រើប្រាស់​ជា​ភស្តុតាង​បាន​ទេ ព្រោះ​គ្មាន​ការ​គាំទ្រ។

លោក សុន អរុណ៖ «លោក នួន ជា មិន​យល់​ស្រប​នឹង​ការ​ចោទ​ប្រកាន់​ពី​តួនាទី​របស់​គាត់ ក្នុង​ការ​បោស​សម្អាត​អង្គភាព​មួយ​នៅ​ភូមិ​ភាគ​កណ្ដាល​ទេ។ ក៏ប៉ុន្តែ យើង​ខ្ញុំ​លើក​ឡើង ដើម្បី​ទាញ​ការ​ចាប់​អារម្មណ៍​ពី​អង្គ​ជំនុំ​ជម្រះ​ថា សូម្បី​តែ​ព្រះរាជ​អាជ្ញា​ខ្លួន​ឯង​ក៏​មិន​បាន​ពន្យល់​ឱ្យ​ស៊ី​សង្វាក់​គ្នា​ពី​មូលហេតុ​ដែល​ចម្លើយ​សារភាព​ទាំង​នេះ ផ្ញើ​ជូន នួន ជា នោះ​ដែរ។ តើ​ចម្លើយ​សារភាព​ទាំង​នេះ​ផ្ញើ​មក​ពី​តែ ស២១ ហើយ នួន ជា ទាក់ទង​យោធា​នៅ​ភូមិ​ភាគ​កណ្ដាល ឬ​ក៏​ត្រូវ​បាន​ផ្ញើ​សម្រាប់​ហេតុផល​ផ្សេង? ឯកសារ​មិន​បាន​បញ្ជាក់​នោះ​ទេ។ សហ​ព្រះរាជ​អាជ្ញា​ក៏​មិន​ដឹង។ អង្គ​ជំនុំ​ជម្រះ​ក៏​មិន​អាច​សម្រេច​បាន​ដែរ»

លោក​ថ្លែង​ថា ឯកសារ​ភាគ​ច្រើន គឺ​ជា​ឯកសារ​ចម្លើយ​សារភាព​នៅ​មន្ទីរ ស២១ ហើយ​មាន​សាក្សី​តែ​ម្នាក់​ប៉ុណ្ណោះ។

ឯកសារ​របស់​សហ​ព្រះរាជ​អាជ្ញា គឺ​ទាក់ទង​ការ​ចូលរួម និង​តួនាទី​របស់​ជន​ជាប់​ចោទ នួន ជា ក្នុង​ឧក្រិដ្ឋកម្ម​នៅ​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ ដែល​មាន​ជា​អាទិ ការ​ជម្លៀស​ពលរដ្ឋ​ដោយ​បង្ខំ និង​ការ​កាប់​សម្លាប់​នានា។

ជន​ជាប់​ចោទ នួន ជា ជម្រាប​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ថា អ្វី​ដែល​សហ​ព្រះរាជ​អាជ្ញា​លើក​ឡើង​នោះ មិន​ត្រឹមត្រូវ និង​មិន​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​ជាក់​ស្ដែង ដែល​កើត​ឡើង​នៅ​សម័យ​កាល​នោះ​ទេ។ គាត់​ឆ្លើយ​តប​ថា ការ​ជម្លៀស​ពលរដ្ឋ​មាន​ពិត​មែន តែ​មិន​បង្ខំ​ទេ ហើយ​ហេតុផល គឺ​ខ្លាច​ការ​ទម្លាក់​គ្រាប់​បែក​ពី​សហរដ្ឋ​អាមេរិក លើ​ទីក្រុង និង​បញ្ហា​ខ្វះ​ស្បៀង​អាហារ ព្រោះ​ពេល​នោះ​ប្រទេស​កម្ពុជា មិន​មាន​ជំនួយ​បរទេស​ទេ។ លោក​ថា ហេតុផល​នេះ ពលរដ្ឋ​ត្រូវ​ចូលរួម​បង្កបង្កើន​ផល​ដោះស្រាយ​ជីវភាព​ខ្លួន​ឯង៖ «ទោះ​ជា​មាន​ហេតុផល​ទាំង​២​នេះ​ក្ដី ក៏​ការ​ជម្លៀស​ប្រជាជន​នៅ​ពេល​នោះ ធ្វើ​ឡើង​តាម​ការ​ស្ម័គ្រ​ចិត្ត ដោយ​គ្មាន​ការ​បង្ខិតបង្ខំ គ្មាន​ប្រើ​អំពើ​ហិង្សា ឬ​សម្លាប់​ប្រជាជន​នោះ​ទេ»

ជន​ជាប់​ចោទ នួន ជា ទាមទារ​ឱ្យ​អង្គ​ជំនុំ​ជម្រះ​បដិសេធ​ឯកសារ​ដែល​សហ​ព្រះរាជ​អាជ្ញា​ដកស្រង់​ចេញ​ពី​ទង់​បដិវត្តន៍ និង​សៀវភៅ​របស់​អ្នក​ប្រវត្តិសាស្ត្រ​នានា មក​ដាក់​បន្ទុក​លើ​គាត់។ ជន​ជាប់​ចោទ នួន ជា ថ្លែង​ថា ការ​ទាមទារ​រក​ច្បាប់​ដើម​នៃ​ទស្សនាវដ្ដី​ទង់​បដិវត្តន៍​របស់​គាត់ ហាក់​ដូច​ជា​គ្មាន​ដំណោះ​ស្រាយ​សោះ៖ «កន្លង​ទៅ​នេះ ឯកសារ​ដែល​សហ​ព្រះរាជ​អាជ្ញា​បាន​បង្ហាញ​ជូន​អង្គ​សវនាការ ដើម្បី​ចោទ​ប្រកាន់​ខ្ញុំ​នោះ គឺ​សុទ្ធ​តែ​ជា​ឯកសារ​ចម្លង។ ប្រការ​នេះ​វា​មិន​មាន​យុត្តិធម៌​សម្រាប់​ខ្ញុំ​ទេ ដោយ​ហេតុ​ថា​គ្មាន​នរណា​អាច​ដឹង​ថា តើ​ឯកសារ​ដែល​បាន​បង្ហាញ​នោះ វា​ជា​ឯកសារ​ពិត ឬ​ក្លែងក្លាយ។ ម្យ៉ាង បើ​តុលាការ​ប្រើ​ឯកសារ​ចម្លង​បែប​នេះ ឱកាស​ច្រើន​ណាស់​ដែល​ឯកសារ​ទាំង​នោះ​អាច​ត្រូវ​បាន​គេ​ផ្លាស់​ប្ដូរ​បាន ហើយ​រក​យុត្តិធម៌ ឬ​កែ​តម្រូវ​បាន​ដោយ​ងាយ។ ពេល​នោះ​ហើយ​ភាព (អ)យុត្តិធម៌​នឹង​អាច​កើត​ឡើង ហើយ​ការ​ពិត ក៏​មិន​អាច​រក​ឃើញ​បាន​ដែរ។ ដូច្នេះ​ហើយ ខ្ញុំ​សុំ​ច្រាន​ចោល​នូវ​ឯកសារ​ចម្លង​ទាំងអស់ ដែល​សហ​ព្រះរាជ​អាជ្ញា​បាន​ប្រើប្រាស់​ប្រឆាំង​នឹង​ខ្ញុំ​នា​ពេល​នេះ»

លោក នួន ជា ថ្លែង​ថា នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ លោក​មាន​តួនាទី​តែ ៣​ប៉ុណ្ណោះ គឺ​ទី១ អនុ​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា ទី២ អនុ​ប្រធាន​គណៈកម្មការ​ទំនាក់ទំនង​ជាមួយ​គណបក្ស​ពលករ​វៀតណាម និង​ទី៣ ប្រធាន​គណៈកម្មការ​ប្រធាន​សភា​តំណាង​ប្រជាជន​កម្ពុជា។

លោក​ថា ជា​អនុ​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា និង​ជា​អ្នក​ផ្សព្វផ្សាយ និង​អប់រំ​ផ្ទៃ​ក្នុង​បក្ស លោក​មិន​ដែល​អប់រំ​សមាជិក​ណា​ម្នាក់​ឱ្យ​កាប់​សម្លាប់​បង្អត់​បាយ​ប្រជាជន​ទេ។ លោក​ជំទាស់​ថា លោក​មិន​ដែល​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ស្ដីទី ឬ​គណៈកម្មការ​កិច្ចការ​យោធា ឬ​ការ​ជាប់​ទាក់ទង​ទៅ​នឹង​ការ​គ្រប់គ្រង​មន្ទីរ ស២១ ដោយសារ​តែ​គេ​ឆ្លើយ​ដាក់​នោះ​ទេ។

ដោយ​ឡែក ភាគី​ជន​ជាប់​ចោទ ខៀវ សំផន វិញ មិន​ឆ្លើយ​តប​នឹង​អ្វី​ដែល​លើក​ឡើង​ដោយ​សហ​ព្រះរាជ​អាជ្ញា និង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ទេ។ លោក ខៀវ សំផន បញ្ជាក់​ថា ការ​រក្សា​សិទ្ធិ​មិន​ឆ្លើយ​តប​របស់​គាត់ ព្រោះ​តែ​អស់​ជំនឿ​លើ​សាលាក្ដី​ខ្មែរ​ក្រហម៖ «ខ្ញុំ​សុំ​ជម្រាប​នូវ​ហេតុផល​ដែល​ខ្ញុំ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្ញុំ​នៅ​ស្ងៀមស្ងាត់ គឺ​មក​ពី​តុលាការ​មិន​បាន​គោរព​នូវ​សិទ្ធិ​របស់​ខ្ញុំ និង​មេធាវី​ការពារ​ក្ដី​របស់​ខ្ញុំ។ ពី​មុន​ដំបូង ខ្ញុំ​ជឿ​លើ​តុលាការ​នេះ។ ប៉ុន្តែ ជា​បន្តបន្ទាប់​ហូរហែ​មក រហូត​មក​ដល់​ដំណាក់​ចុង​ក្រោយ​នេះ ខ្ញុំ​លែង​ជឿ​ហើយ។ ខ្ញុំ​អស់​ជំនឿ​ហើយ»

ជន​ជាប់​ចោទ ខៀវ សំផន ជម្រាប​អង្គ​ជំនុំ​ជម្រះ​ទៀត​ថា ការ​អនុញ្ញាត​ឱ្យ​មេធាវី​គាត់​ឆ្លើយ​តប​ឯកសារ​តែ ១០០​ទំព័រ គឺ​ជា​ការ​រាំង​ខ្ទប់​ការ​ការពារ​ពេញលេញ​ដល់​រូប​គាត់៖ «វា​មាន​បញ្ហា​ផ្លូវ​ច្បាប់​ជា​ច្រើន​ទៀត​ដែល​វា​ចោទ។ ឧទាហរណ៍ ខ្ញុំ​សុំ​លើក​តែ​មួយ​ទេ។ ការ​រាំង​ខ្ទប់​មិន​ឱ្យ​មេធាវី​របស់​ខ្ញុំ ការពារ​ខ្ញុំ​ឱ្យ​បាន​ពេញលេញ។ ការ​អនុញ្ញាត​ត្រឹម​តែ ១០០​ទំព័រ ដើម្បី​មេធាវី​ខ្ញុំ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​នៅ​ទី​បញ្ចប់ អា​នេះ​ខ្ញុំ​មើល​ឃើញ​ថា ជា​ការ​រាំង​ខ្ទប់​មិន​ឱ្យ​មេធាវី​ខ្ញុំ​ការពារ​ខ្ញុំ​បាន​ពេញលេញ»

មេធាវី​អន្តរជាតិ​ការពារ​ក្ដី​ជន​ជាប់​ចោទ ខៀវ សំផន ក៏​បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​នឹង​អង្គ​ជំនុំ​ជម្រះ​ដែរ ដោយ​ថ្លែង​ថា សិទ្ធិ​របស់​ជន​ជាប់​ចោទ ខៀវ សំផន ត្រូវ​បាន​រំលោភ ដោយសារ​តែ​ការ​កម្រិត​ឯកសារ និង​ផ្ដល់​ពេល​វេលា​ត្រឹម​តែ ៩​ម៉ោង​ក្នុង​ការ​ឆ្លើយ​តប។ ក៏ប៉ុន្តែ លោក​មិន​បាន​ទាមទារ​ពេល​វេលា​ជាក់លាក់​ណា​មួយ​ទេ នៅ​ពេល​ដែល​អង្គ​ជំនុំ​ជម្រះ​សួរ​បញ្ជាក់​ពី​លោក។

សវនាការ​នឹង​បន្ត​នៅ​ថ្ងៃ​ទី១០ កក្កដា ទៀត ហើយ​នៅ​ក្នុង​សវនាការ​នេះ អង្គ​ជំនុំ​ជម្រះ​នឹង​ស្ដាប់​សាក្សី​ជា​អ្នក​ប្រវត្តិសាស្ត្រ​អំពី​របប​ខ្មែរ​ក្រហម​មួយ​រូប គឺ​លោក ស្ទីវ ហេដឌ័រ (Steve Heder)។ លោក ស្ទីវ ហេដឌ័រ ក៏​ជា​អ្នក​និពន្ធ​សៀវភៅ​មួយ​ក្បាល​ទាក់ទង​នឹង​មេ​ដឹកនាំ​ខ្មែរ​ក្រហម ដោយ​មាន​ចំណង​ជើង​ថា "បេក្ខជន​ប្រាំពីរ​រូប​សម្រាប់​ធ្វើ​ការ​ជំនុំ​ជម្រះ" ដែល​ក្នុង​នោះ​ក៏​មាន​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។