ទិវាជ័យជម្នះលើរបបខ្មែរក្រហម នៅថ្ងៃទី៧ មករា កាលពីឆ្នាំ១៩៧៩ ដែលគណបក្សប្រជាជនកម្ពុជា យកធ្វើជាថ្ងៃប្រវត្តិសាស្ត្រជាដរាបមក នៅតែមិនមានឯកភាពគ្នាក្នុងចំណោមប្រជាពលរដ្ឋ និងអ្នកនយោបាយកម្ពុជា។ គណបក្សប្រជាជនកម្ពុជា ថាថ្ងៃនេះជារបស់កម្ពុជា ឯបក្សប្រឆាំងថា ថ្ងៃនេះជារបស់វៀតណាម។
លោក សម រង្ស៊ី ចេញសារចាត់ទុកអត្ថន័យថ្ងៃ៧ មករា ដែលគណបក្សប្រជាជនកម្ពុជា យកជ័យជម្នះលើរបបខ្មែរក្រហមកាលពីឆ្នាំ១៩៧៩ ថាជាឆាកល្ខោនដែលវៀតណាម រៀបចំទាំងអស់។
សាររបស់ លោក សម រង្ស៊ី គឺធ្វើឡើងតាមរយៈហ្វេសប៊ុក (Facebook) របស់លោក ស្របគ្នានឹងគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រារព្ធទិវាជ័យជម្នះប្រវត្តិសាស្ត្ររបស់ខ្លួនលើរបបខ្មែរក្រហម ប៉ុល ពត ខួបលើកទី៣៧ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦។
ក្នុងពិធីប្រារព្ធខួបលើកទី៣៧ នេះ ប្រធានគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដេជ្ញាការពារថ្ងៃ៧ មករា ជាបន្តទៀត ហើយបន្តចាត់ទុកអ្នកប្រឆាំងទិវា ៧ មករា ថាជាអ្នកស្រឡាញ់របបប្រល័យពូជសាសន៍៖ «ខ្ញុំសូមបញ្ជាក់ថា ៧ មករា គឺជារបស់ប្រជាជនកម្ពុជា គ្រប់រូបដែលចង់រស់ ហើយមិនចង់ស្លាប់ក្រោមក្រញាំបិសាចរបស់ ប៉ុល ពត។ ដូច្នេះ មានតែពួក ប៉ុល ពត និងសម្ព័ន្ធមិត្តរបស់ពួក ប៉ុល ពត ប៉ុណ្ណោះ ដែលប្រឆាំងនឹង ៧ មករា។ យើងត្រូវរួមគ្នាការពារ ៧ មករា ជាបន្តទៀត»។
សារនៅលើទំព័រហ្វេសប៊ុករបស់ លោក សម រង្ស៊ី អមដោយគំនូររូបជនជាតិវៀតណាម ពាក់មួកដួនកំពុងដុតផ្ទះផង និងពន្លត់ភ្លើងផងនោះ បានសរសេរសេចក្ដីបញ្ជាក់ថា ថ្ងៃ៧ មករា ១៩៧៩ គឺជាឆាកល្ខោនដែលយួន បានរៀបចំទាំងអស់។ លោក សម រង្ស៊ី សរសេរថា គេមករំដោះយើងពីខ្មែរក្រហម តែបើអត់មានយួនកុម្មុយនិស្តពីដើមទី ក៏អត់មានខ្មែរក្រហមដែរ។ ឥឡូវនេះគេថា បើគ្មានថ្ងៃ៧ មករា ១៩៧៩ ក៏គ្មានអ្វីៗដែលយើងមានសព្វថ្ងៃដែរ។ សាររបស់លោកបន្តថា បើគ្មានថ្ងៃ១៧ មេសា ១៩៧៥ ជាថ្ងៃខ្មែរក្រហមឡើងកាន់អំណាចទេ ក៏គ្មានថ្ងៃ៧ មករា ១៩៧៩ ដែរ។ ហើយបើគ្មានពួកកុម្មុយនិស្តយួន ជួយពួកខ្មែរក្រហមក្នុងដើមទសវត្សរ៍ឆ្នាំ១៩៧០ ក៏គ្មានថ្ងៃ១៧ មេសា ១៩៧៥ ដែរ។ ដូច្នេះ មួយផ្នែកធំនៃរឿងរ៉ាវក្នុងរយៈពេលជិត ៥០ឆ្នាំកន្លងមកនេះ គឺមានការរៀបចំយ៉ាងសកម្មដោយយួនកុម្មុយនិស្ត ដើម្បីបំភ័ន្តភ្នែកប្រជារាស្ត្រខ្មែរ។
ថ្វីបើរហូតមកដល់ពេលនេះ តែងតែមានអ្នកនយោបាយខ្លះប្រឆាំងនឹងការប្រារព្ធទិវា ៧ មករា ក្ដី ក៏លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា អ្នកទាំងនោះមិនអាចផ្លាស់ប្ដូរកម្ពុជា បានដែរ៖ «ទោះបីនៅមានក្រុមអ្នកនយោបាយ និងមជ្ឈដ្ឋានអគតិមួយចំនួន ព្យាយាមមួលបង្កាច់ឥតឈប់ឈរនូវអត្ថន័យជាប្រវត្តិសាស្ត្រនៃថ្ងៃ៧ មករា យ៉ាងណាក្ដី ក៏ពួកគេពុំអាចធ្វើឲ្យសភាពការណ៍កម្ពុជា ផ្លាស់ប្ដូរបានឡើយ ព្រោះថា ៧ មករា គឺជារបស់ប្រជាជន ហើយអ្វីៗដែលពួកគេបានធ្វើ គឺផ្ទុយពីឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជន»។
ស្របពេលដែលគណបក្សប្រជាជនកម្ពុជា រំឭកខួបជ័យជម្នះលើរបបខ្មែរក្រហមលើកទី៣៧ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ នេះ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅរាជធានីភ្នំពេញ ក៏ចេញសេចក្ដីថ្លែងការណ៍របស់ខ្លួនមួយដែរ។ សេចក្ដីថ្លែងការណ៍សរសេរថា ជ័យជម្នះរបស់ប្រទេសកម្ពុជា នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺកត់សម្គាល់អំពីការរំដោះទីក្រុងភ្នំពេញពីរបបខ្មែរក្រហម ជារបបមួយដែលគេមើលឃើញច្បាស់ថា ស្ថិតក្នុងចំណោមរបបដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រ។ ជ័យជម្នះលើពួកខ្មែរក្រហម គឺជាជ័យជម្នះរបស់ប្រជាជនកម្ពុជា ទាំងអស់។ ស្ថានទូតសហរដ្ឋអាមេរិក បន្តថា ថ្ងៃនេះយើងសូមសម្ដែងទុក្ខសោកចំពោះការបាត់បង់ជីវិតមនុស្សជិត ២លាននាក់ និងការខ្ចាត់ព្រាត់នៅក្នុងជីវិតមនុស្សជាច្រើនទៀត។ ក្នុងនាមជាមិត្តរបស់ប្រជាជនកម្ពុជា បំណងដ៏មុតមាំរបស់យើង គឺចង់ឃើញប្រជាជនកម្ពុជា ក្នុងគ្រប់ជំនឿទាំងអស់ បន្តធ្វើការជាមួយគ្នា ដើម្បីកសាងអនាគតមួយដែលមានវិបុលភាព និងប្រជាធិបតេយ្យកាន់តែច្រើនឡើង។
ការកត់សម្គាល់លើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្ងៃ៧ មករា ត្រូវបានគេមើលឃើញថា ជាព្រឹត្តិការណ៍មានទិសផ្ទុយគ្នារវាងគណបក្សប្រជាជនកម្ពុជា កាន់អំណាចរដ្ឋាភិបាល និងគណបក្សនយោបាយប្រឆាំង ជាពិសេស គឺក្រុមអ្នកប្រឆាំងនឹងឥទ្ធិពលវៀតណាម។ ទោះបីជាសច្ចភាពមាននៅចំថ្ងៃទី៧ ខែមករា ដូចគ្នាក្ដី ក៏អ្នកគាំទ្រចាត់ទុកថា ជាថ្ងៃកំណើតប្រជាជនកម្ពុជា លើកទីពីរ។ រីឯអ្នកប្រឆាំង ចាត់ទុកថ្ងៃនេះថា ជាថ្ងៃដែលវៀតណាម ឈ្លានពាន និងត្រួតត្រាប្រទេសកម្ពុជា អស់រយៈពេល ១០ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
