សាលាក្តីខ្មែរក្រហម នឹងប្រកាសសាលក្រមសំណុំរឿង០០២ វគ្គ១ ស្ដីពីការកាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់របបកម្ពុជាប្រជាធិបតេយ្យ នៅថ្ងៃទី៧ ខែសីហា ខាងមុខនេះ។ យ៉ាងនេះក៏ដោយ នៅឯខេត្តរតនគិរី សហគមន៍ជនជាតិដើមភាគតិចទំពួន មួយក្រុម បានជួបពិគ្រោះយោបល់គ្នា ដើម្បីទាមទារឲ្យការកាត់ក្តីនេះមានយុត្តិធម៌ចំពោះជនរងគ្រោះទាំងអស់ក្នុងរបបវាលពិឃាតនេះ។
ការទាមទារឲ្យផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត និងផ្តល់សំណងជំងឺចិត្ត ចំពោះក្រុមគ្រួសារជនរងគ្រោះដែលត្រូវសម្លាប់យ៉ាងសាហាវឃោរឃៅក្នុងរបបខ្មែរក្រហម គឺជាបំណងប្រាថ្នារបស់សហគមន៍ជនជាតិដើមទំពួន នៅភូមិសីល សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី។
នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់សហគមន៍ កាលពីថ្ងៃទី១៧ ខែកក្កដា អ្នកភូមិបានចាត់ទុកសក្ខីកម្មដែលជនជាប់ចោទអតីតមេដឹកនាំខ្មែរក្រហម បានថ្លែងក្នុងសវនាការសំណុំរឿង០០២ ភាគ១ ថាជាការមិនទទួលខុសត្រូវ ឆ្លើយដោះសា និងបំភ្លៃការពិត៖ «គាត់ថាគាត់ហ្នឹងអត់ដឹងថាគេសម្លាប់ គាត់អត់ដឹងអ្វីទាំងអស់ រឿងគេបង្ខំធ្វើស្រែគាត់អត់ដឹងទាំងអស់។ ខ្ញុំមិនជឿថាគាត់មិនដឹងទេ ប៉ុន្តែគាត់មិនអើពើគាត់ចង់យកលេស»។
កម្មវិធីសំឡេងនៃការផ្សះផ្សា រៀបចំឡើងដោយសមាគមអាដហុក (adhoc) បានបញ្ចាំងខ្សែវីដេអូខ្នាតខ្លីមានរយៈពេល ២៨នាទី មានឈ្មោះថា ប្រឈមមុខនឹងយុត្តិធម៌ (Facing Justice) ជាលើកទីពីរ ជូនសហគមន៍ភូមិសីល ទស្សនាស្វែងយល់ពីដំណើរការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ៤រូប។ ខ្សែវីដេអូ បានសង្ខេបពីចំណុចសំខាន់ៗនៃសវនាការសំណុំរឿង០០២ វគ្គទី០១ ទាក់ទិនជនជាប់ចោទជាអតីតមេដឹកនាំខ្ពស់បំផុតនៃរបបខ្មែរក្រហម គឺលោក ខៀវ សំផន ជាប្រធានរដ្ឋ លោក នួន ជា ប្រធានរដ្ឋសភា កំពុងជាប់ឃុំ លោក អៀង សារី រដ្ឋមន្ត្រីក្រសួងការបរទេស បានស្លាប់ក្នុងដំណើរការសវនាការ និងលោកស្រី អៀង ធីរិទ្ធ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បច្ចុប្បន្នមានជំងឺវង្វេងវង្វាន់ ត្រូវបានតុលាការដាក់នៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ហើយអនុញ្ញាតឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។
ចំពោះអារម្មណ៍របស់ជនជាប់ចោទ ខៀវ សំផន ថ្លែងក្នុងអង្គសវនាការ បានសង្កត់ធ្ងន់ទៅលើភាពមិនយុត្តិធម៌ ដែលតុលាការផ្តល់ដល់រូបលោក។ ហើយលោកបដិសេធ មិនទទួលខុសត្រូវការចោទប្រកាន់ជម្លៀសប្រជាពលរដ្ឋ និងទម្លាក់ការទទួលខុសត្រូវបញ្ហានេះ លើបរទេសមានវៀតណាម និងអាមេរិក៖ «ខ្ញុំគិតថា តុលាការនេះមានភាពមិនយុត្តិធម៌សម្រាប់ខ្ញុំតាំងពីដើមដំបូងមកម្ល៉េះ ដោយហេតុថា យកតែបញ្ហាមួយចំណែកប៉ុណ្ណោះមកជំនុំជម្រះ។ ខ្ញុំសុំនិយាយថា សត្វក្រពើមួយទាំងមូល គេយកតែខ្លួនមកនិយាយ តែមិនយកក្បាល និងកន្ទុយ។ ខ្ញុំនៅតែនិយាយថា មិនដែលបានចូលរួមសម្រេចកិច្ចការអ្វីធំដុំសោះ»។
ចូលរួមក្នុងការពិគ្រោះយោបល់នេះដែរ មេឃុំយក្សឡោម លោក ពិន លួង ចាប់អារម្មណ៍ថា អ្នកភូមិបានគាំទ្រសក្ខីកម្មជាច្រើនដែលដើមបណ្ដឹងរដ្ឋប្បវេណី សាក្សី និងមេធាវីជនរងគ្រោះ បានបង្ហាញជូនអង្គសវនាការថា ជាតឹកតាងដាក់បន្ទុកជាក់លាក់ទៅលើជនជាប់ចោទបាន។ លោកបន្តថា អ្នកភូមិក៏បានទទួលស្គាល់ដែរថា អង្គសវនាការបានផ្តល់យុត្តិធម៌ដល់ភាគីទាំងអស់ ដើម្បីឆ្លើយដាក់បន្ទុក និងដោះបន្ទុកក្នុងពេលសវនាការ៖ «នៅមានការតវ៉ាថាខ្លួនមិនដឹង ខ្លួនមិនធ្វើអ៊ីចឹង។ ដល់អ៊ីចឹង គេយល់ថាការងារនេះដូចជាមិនទាន់បានត្រឹមត្រូវ។ ប៉ុន្តែកាត់ក្តីនេះ វាត្រូវពេញចិត្តដែរ ដូចរាល់ថ្ងៃនេះ កំពុងមានអ្នកតវ៉ា មានអ្នកប្រកែកប្រណាំងគ្នា ដើម្បីរកឈ្នះចំពោះក្រុមខ្មែរក្រហមនេះ»។
ដើមបណ្ដឹងរដ្ឋប្បវេណីជិត ៤ពាន់នាក់នៅទូទាំងប្រទេស បានដាក់ពាក្យប្ដឹងអតីតមេដឹកនាំខ្មែរក្រហមនេះ ដើម្បីសុំឲ្យសាលាក្តីខ្មែរក្រហមកាត់ក្តីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងក្រុមគ្រួសារពួកគេ។
មេធាវីការពារក្តីដើមបណ្ដឹងរដ្ឋប្បវេណី លោក ឡោ ជុនធី កត់សម្គាល់ថា តុលាការខ្មែរក្រហម បានចំណាយពេលជាង ២០០ថ្ងៃ បើកសវនាការរឿងក្តី០០២នេះ។ ហេតុនេះ ការប្រកាសសាលក្រមខាងមុខនេះ គឺជាលទ្ធផលដែលបញ្ជាក់ថា តើជនជាប់ចោទត្រូវមានទោស ឬយ៉ាងណា? លោកថ្លែងថា អ្នកជំនាញផ្នែកឯកសារ ក៏បានរកឃើញឯកសារជាច្រើនដែលបញ្ជាក់ថា មេដឹកនាំទាំងនោះបានចូលរួមក្នុងការសម្លាប់មនុស្សរង្គាលក្នុងរបបខ្មែរក្រហម៖ «លោកតា នួន ជា ហើយនិងលោក ខៀវ សំផន ត្រូវមានទោស ឬអត់ទោស? មានសំណួរយ៉ាងល្អ សំណួរផុសផុលមែនទែន ថាតា នួន ជា ក៏ដូចជា លោក ខៀវ សំផន ដែរ គាត់អត់ព្រមទទួលទេ ដូចជាការចោទប្រកាន់ទៅលើពួកគាត់ពីឧក្រិដ្ឋកម្មដែលបានកើតឡើង។ មានការស្នើសុំដាក់ទោសទណ្ឌអស់មួយជីវិត។ តាមផ្លូវច្បាប់ គឺមានសិទ្ធិការពារខ្លួនតាមផ្លូវច្បាប់ ប៉ុន្តែអ្វីដែលច្បាស់លាស់ គឺមានភស្តុតាង មានសាក្សី មានឯកសារ ជាភស្តុតាង»។
ចំណែកមន្ត្រីកម្មវិធីសាលាក្តីខ្មែរក្រហម និងជាមន្ត្រីជាន់ខ្ពស់សមាគមអាដហុក លោក ឡាត់ គី ចាត់ទុកការពិគ្រោះយោបល់របស់សហគមន៍ជនជាតិដើមថា ជាកត្តាសំខាន់ជួយឲ្យជនជាតិដើមភាគតិច មានការយល់ដឹងពីសិទ្ធិរបស់ពលរដ្ឋ ទាក់ទិនទៅនឹងការតាំងខ្លួនជាដើមបណ្ដឹង។ លោករំពឹងថា នេះជាបទពិសោធន៍ជាមរតកសំខាន់ទៅថ្ងៃអនាគត សម្រាប់ការពារផលប្រយោជន៍យុត្តិធម៌៖ «យើងឲ្យឱកាសដើមបណ្ដឹងរដ្ឋប្បវេណីទាំងអស់ បានជួបពិភាក្សាគ្នាជាមួយប្រជាសហគមន៍នៅក្នុងមូលដ្ឋាន ដើម្បីឲ្យគាត់មានឱកាសផ្លាស់ប្ដូរបទពិសោធន៍ និងចំណេះដឹងទាំងឡាយពីតួនាទីជាជនរងគ្រោះ ជាដើមបណ្ដឹងរដ្ឋប្បវេណី»។
លោក ខៀវ សំផន និងលោក នួន ជា រងបទចោទប្រកាន់ពីឧក្រិដ្ឋកម្មធ្ងន់ធ្ងរជាច្រើន ដែលប្រព្រឹត្តនៅប្រទេសកម្ពុជា ចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ជាពិសេសការបង្ខំជម្លៀសប្រជាពលរដ្ឋចេញពីក្រុងភ្នំពេញ និងតំបន់ផ្សេងទៀត រួមទាំងការសម្លាប់មន្ត្រី និងទាហានរបប លន់ នល់ នៅទួលពោធិ៍ជ័យ ខេត្តពោធិ៍សាត់ ផងដែរ។
សំណងជួសជុលផ្លូវចិត្ត ដែលសហគមន៍ទាមទាររួមមាន សំណងបូជនីយដ្ឋានជាទីសក្ការៈសម្រាប់ការគោរពវិញ្ញាណក្ខន្ឋជនរងគ្រោះ ដែលបានស្លាប់ និងបណ្ណាល័យប្រវត្តិសាស្ត្រជាសារមន្ទីរតម្កល់វត្ថុតាង ដែលបានបន្សល់ទុកពីរបបខ្មែរក្រហម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
