គម្រោងថវិការបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅសាមញ្ញថា សាលាក្ដីខ្មែរក្រហម សម្រាប់ចំណាយលើការជំនុំជម្រះក្ដីអតីតមេដឹកនាំខ្មែរក្រហម ក្នុងឆ្នាំ២០១៤-២០១៥ ត្រូវបានក្រុមប្រទេសអ្នកផ្ដល់ជំនួយអនុម័តហើយ នៅថ្ងៃទី១៨ មីនា។
សេចក្ដីប្រកាសព័ត៌មានរបស់សាលាក្ដីខ្មែរក្រហម ឱ្យដឹងថា ក្រុមប្រទេសផ្ដល់ជំនួយបានសម្រេចលើគម្រោងថវិកាសម្រាប់ចំណាយរយៈពេល ២ឆ្នាំទៅមុខ ក្នុងទឹកប្រាក់ចំនួនជាង ៦០លានដុល្លារសហរដ្ឋអាមេរិក។
មន្ត្រីនាំពាក្យរបស់សាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ដ្រា ថ្លែងនៅថ្ងៃទី១៩ មីនា ថា គម្រោងថវិកាសរុបដែលក្រុមប្រទេសផ្ដល់ជំនួយសម្រេចសម្រាប់កិច្ចដំណើរការសាលាក្ដីខ្មែរក្រហម ក្នុងឆ្នាំ២០១៤ មានចំនួនសរុបជាង ៣១លានដុល្លារ (៣១.៦លានដុល្លារ) និងឆ្នាំ២០១៥ ចំនួនជិត ២៩លានដុល្លារ។
លោក នេត្រ ភក្ដ្រា បន្តថា ក្នុងឆ្នាំ២០១៤ ភាគីអន្តរជាតិត្រូវការចំនួន ២៥លាន ២សែនដុល្លារ ហើយភាគីជាតិត្រូវការ ៦លាន ៤សែនដុល្លារ។ រហូតមកដល់ពេលនេះ ភាគីជាតិបានទទួលថវិកាជិត ៣លានដុល្លារហើយ៖ «បច្ចុប្បន្ននេះ យើងទទួលបាន ២លាន ៨សែនដុល្លារហើយ ហើយ ២លាន ៨សែនដុល្លារនេះ គឺជាថវិកាដែលបានផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះ ១លាន ៧សែន គឺសម្រាប់ការចំណាយទូទៅលើតុលាការ ហើយនិង ១លាន ១សែនដុល្លារ សម្រាប់បើកប្រាក់បៀវត្សជូនដល់មន្ត្រីបុគ្គលិកភាគីជាតិ»។
ទោះជាដូច្នេះក្ដី លោកថា ខាងភាគីជាតិនៅតែខ្វះថវិកាសម្រាប់កិច្ចដំណើរការរហូតដល់ដាច់ឆ្នាំ២០១៤ នេះ៖ «ឥឡូវនេះ គឺយើងនៅខ្វះថវិកាចំនួន ៩ខែទៀត សម្រាប់មន្ត្រីបុគ្គលិកបើកប្រាក់បៀវត្សរបស់ខ្លួនហ្នឹង ពីខែមេសា ដល់ខែធ្នូ ឆ្នាំ២០១៤ ដែលរហូតមកដល់ពេលនេះ មានកិច្ចខិតខំប្រឹងប្រែងជាច្រើនហើយ មានជំនួបការទូតជាច្រើនរវាងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាតុលាការប្រទេសម្ចាស់ជំនួយ អង្គការសហប្រជាជាតិ ដើម្បីស្វែងរកថវិកាដែលនៅខ្វះហ្នឹង បំពេញបន្ថែមលើថវិកាភាគីជាតិ ដែលយើងត្រូវការប្រមាណជា ៣លាន ៦សែនដុល្លារអាមេរិកទៀត ដើម្បីដើរដល់ដំណាច់ឆ្នាំ២០១៤»។
លោក នេត្រ ភក្ដ្រា ឱ្យដឹងថា ចំពោះភាគីអន្តរជាតិនៅមានថវិកាសម្រាប់ប្រតិបត្តិការការងាររបស់ខ្លួនរហូតដល់ដំណាច់ឆ្នាំ២០១៤។
ដោយឡែក ថវិកាដែលត្រូវការសម្រាប់ឆ្នាំ២០១៥ ទាំងភាគីជាតិ និងភាគីអន្តរជាតិ គឺមានចំនួនជិត ២៩លានដុល្លារ ហើយថវិកាទាំងនេះនៅមិនទាន់មានប្រទេសផ្ដល់ជំនួយណាមួយសន្យាជួយផ្ដល់នៅឡើយទេ។
សាលាក្ដីខ្មែរក្រហមនៅពេលនេះ កំពុងជំនុំជម្រះរឿងក្ដីឧក្រិដ្ឋកម្មរបស់អតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមលេខ០០២ ដែលមានជនជាប់ចោទវ័យជរាចំនួន ២រូប គឺ នួន ជា និង ខៀវ សំផន។
លោក នេត្រ ភក្ដ្រា មានប្រសាសន៍ថា អង្គជំនុំជម្រះសាលាក្ដីខ្មែរក្រហម នឹងវាយតម្លៃលើស្ថានភាពសុខភាពរបស់ជនជាប់ចោទ នួន ជា នៅថ្ងៃទី២៤ និងថ្ងៃទី២៥ មីនា ហើយសវនាការអំពីបញ្ហាសុខភាពនេះ នឹងអាចធ្វើនៅថ្ងៃទី២៨ មីនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
