តុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃច័ន្ទ ទី៦ កក្កដា បញ្ចប់ការស្ដាប់សាក្សីទី៣ មុននឹងផ្អាកសវនាការរបស់ខ្លួនលើបណ្ដឹងសាទុក្ខក្នុងសំណុំរឿងលេខ០០២ វគ្គ១។ សវនាការលើបណ្ដឹងសាទុក្ខលើកទីមួយនេះ អង្គជំនុំជម្រះតុលាការកំពូល កម្រិតត្រឹមស្ដាប់សាក្សី ៣រូប ហើយសវនាការផ្សេងទៀត អង្គជំនុំជម្រះមិនទាន់សម្រេចនៅឡើយទេ។
សាក្សីទី៣ ដែលអង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម បញ្ចប់ការស្ដាប់សក្ខីកម្មនៅថ្ងៃទី៦ កក្កដា គឺជាអតីតប្រធាននីរសាររបស់គណៈភូមិភាគពាយ័ព្យ។
សាក្សីឈ្មោះ ទាត់ ធឿន មកពីខេត្តបាត់ដំបង ជម្រាបអង្គជំនុំជម្រះតុលាការកំពូលថា លោកបានឃើញគេដឹកទាហាន លន់ នល់ យកទៅសម្លាប់ ពេលដែលពួកខ្មែរក្រហមឈ្នះសង្គ្រាមនៅឆ្នាំ១៩៧៥។ លោកបន្តថា ពួកទាហាន លន់ នល់ ដែលគេយកទៅសម្លាប់នោះ មានទាំងកូនទាហាន ដល់អ្នកមានសក្ដិខ្ពស់ ត្រូវបានពួកខ្មែរក្រហមបញ្ឆោតថាឲ្យទៅទទួលសម្ដេច សីហនុ៖ «ដែលខ្ញុំឃើញប្រហែលជាមិនតិចជាង ១០ឡានទេ។ ខ្ញុំឃើញពីរលើក ពេលយប់មួយលើក ព្រលប់ៗ ហើយពីថ្ងៃដែលខ្ញុំមកតាមផ្លូវជួបមួយលើក។ កន្លែងតា ញឹម គាត់នៅឃ្លាតពីផ្លូវប្រហែលជា ២០០ម៉ែត្រ ហើយខ្ញុំនៅឃ្លាតពីគាត់ប្រហែល ៥០ម៉ែត្រ។ ឮសូរទៅមួយលើកទៀត ឮសូរមាត់ស្រែកជយោៗ សម្ដេចឪហ្នឹង ទៅមួយខ្សែឡានទៀត។ ពីរដង តែបានឃើញម្ដង ឮមាត់ស្រែកជយោៗសម្ដេចឪម្ដង»។
សាក្សីរូបនេះមានប្រសាសន៍ថា មេដឹកនាំពួកខ្មែរក្រហមមានគោលនយោបាយត្រូវសម្លាប់អ្នករដ្ឋការក្នុងរបបសាធារណរដ្ឋខ្មែរ និងរបបចាស់៖ «គោលនយោបាយខ្មែរក្រហមខ្ញុំធ្លាប់ឮខ្លះៗ តែមិនច្បាស់លាស់ដែរទេ គឺគេថាគេកម្ទេច ឮប៉ុណ្ណឹង។ គេថាកម្ទេចពួកអតីតចក្រពត្តិ កម្ទេចពួកសក្ដិភូមិ។ ខ្ញុំឮអ៊ីចឹងដោយគេប្រជុំ ហើយខ្ញុំក៏នៅជិតកន្លែងប្រជុំ។ អត់មានអ្នកប្រាប់ទេ គឺឮគេនិយាយអ៊ីចឹងម្ដង ហើយអ្នកនិយាយហ្នឹង គឺតា កឺ អ្នកនិយាយអ៊ីចឹងពេលប្រជុំ ហើយកន្លែងប្រជុំនៅច្រាបក្រសាំង លិចបាត់ដំបង»។
លោក ទាត់ ធឿន ក៏ជាកូនធម៌របស់អតីតគណៈភូមិភាគពាយ័ព្យ ឈ្មោះ មូល សម្បត្តិ ហៅ រស់ ញឹម ដែលត្រូវគេយកមកសម្លាប់នៅគុកទួលស្លែង។ លោក រស់ ញឹម ត្រូវបានអង្គការខ្មែរក្រហមសម្លាប់ ដោយសារពាក់ព័ន្ធនឹងអំពើក្បត់ជាមួយប្រធានបូព៌ាឈ្មោះ សោ ភឹម និងភូមិភាគឧត្ដរឈ្មោះ កុយ ធួន។
សាក្សីបញ្ជាក់ជូនអង្គជំនុំជម្រះថា លោក រស់ ញឹម និងប្រធានតំបន់ ធ្លាប់ជួបប្រជុំជាមួយ សោ ភឹម និងភូមិភាគឧត្ដរឈ្មោះ កុយ ធួន នៅបុរីកីឡា ហើយថា ពួកគាត់នឹងតស៊ូជាមួយគណៈមជ្ឈិម ដើម្បីកុំឲ្យសម្លាប់មនុស្ស និងឲ្យប្រជាជនត្រឡប់ទៅផ្ទះវិញ ហើយចាយលុយដែលបោះពុម្ពរួចហើយ ប៉ុន្តែអ្នកទាំងនោះបរាជ័យ។
សវនាការរបស់អង្គជំនុំជម្រះតុលាការកំពូល ផ្អាកនៅថ្ងៃទី៦ កក្កដា ហើយប្រធានអង្គជំនុំជម្រះ លោកចៅក្រម គង់ ស៊្រីម ប្រកាសថា សវនាការលើកក្រោយ អង្គជំនុំជម្រះនឹងសម្រេចតាមក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
