តុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម ចាប់ផ្ដើមធ្វើសវនាការលើបណ្ដឹងសាទុក្ខក្នុងសំណុំរឿង០០២ វគ្គ១ នៅថ្ងៃទី២ ខែកក្កដា នេះ។ សវនាការលើបណ្ដឹងសាទុក្ខនេះ អង្គជំនុំជម្រះតុលាការកំពូល សម្រេចកោះហៅសាក្សី ៣រូបមកសាកសួរសិន។
អង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម ដែលចាប់ផ្ដើមធ្វើសវនាការនៅថ្ងៃទី២ កក្កដា គឺស្ដាប់សាក្សីទីមួយឈ្មោះ សៅ វ៉ន ហៅ សៅ ពត មកពីខេត្តតាកែវ។
សាក្សីទីមួយឈ្មោះ សៅ វ៉ន អតីតជាលេខាឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ក្នុងតំបន់លេខ២៥។ សាក្សីជម្រាបអង្គជំនុំជម្រះតុលាការកំពូលថា លោកមិនធ្លាប់ទទួលបញ្ជាពីថ្នាក់លើរបស់លោក ឲ្យកាប់សម្លាប់ទាហាន និងអ្នករដ្ឋការរបស់សាធារណរដ្ឋខ្មែរទេ ចាប់តាំងពីមុនពេលឈ្នះសង្គ្រាម៖ «ពេលនោះ លោក ខៀវ សំផន បានប្រកាសតាមវិទ្យុថា ពលទាហាន នាយទាហាន អ្នករដ្ឋការស៊ីវិល អនុធន សិស្ស អ្នកស្នេហាជាតិទាំងអស់ ឲ្យតែចូលរួមក្នុងរណសិរ្សរួបរួមជាតិកម្ពុជា រណសិរ្សរួបរួមជាតិកម្ពុជា លើកលែងទោស ហើយរណសិរ្សរួបរួមជាតិកម្ពុជា វិនិច្ឆ័យ និងកាត់ទោសប្រហារជីវិតតែមនុស្សប្រាំពីររូបទេ តាមតែខ្ញុំចាំដល់ថ្ងៃនេះ។ ទីមួយ លន់ នល់ សិរិមតៈ សឺង ង៉ុកថាញ់ អ៊ិន តាំ សុសស្តែន ឡុង បូរ៉េត និង ចេង ហេង»។
លោក សៅ វ៉ន ថ្លែងថា គណៈមជ្ឈិមគ្មានគោលការណ៍បង្អត់អាហារប្រជាជន ហើយលោកក៏មិនបានដឹងថា មានការសម្លាប់មនុស្សទេក្នុងរបបខ្មែរក្រហម។
ប្រធានអង្គជំនុំជម្រះតុលាការកំពូល លោកចៅក្រម គង់ ស៊្រីម ប្រកាសថា សាក្សីរូបនេះ គឺជាសាក្សីដែលស្នើសុំដោយភាគីជនជាប់ចោទ នួន ជា និង ខៀវ សំផន ក្នុងចំណោមសាក្សីសរុប ៩រូប នៅក្នុងបណ្ដឹងសាទុក្ខ។ ប៉ុន្តែនៅក្នុងពេលនេះ អង្គជំនុំជម្រះសម្រេចកោះហៅសាក្សី ៣រូបសិន៖ «អង្គជំនុំជម្រះបានរក្សាសំណើរបស់ នួន ជា សុំកោះហៅសាក្សីផ្សេងទៀតមាន ហេង សំរិន រ៉ូប៊ឺត ដាំឃីន អ៊ុក ប៊ុន ឈឿន ថេត សម្បត្តិ សាក្សីរហស្សនាម SCW1 និង SCW2 ទុកសម្រេចនៅពេលក្រោយ។ អង្គជំនុំជម្រះសូមបញ្ជាក់ថា សវនាការលើបណ្ដឹងសាទុក្ខរបស់គូភាគីក្នុងសំណុំរឿងលេខ០០២ ស្លាស់ ០១ (០០២/០១) ត្រូវបានចាប់ផ្ដើម ក៏ប៉ុន្តែសវនាការនៅពេលនេះ មានគោលបំណងពិសេស គឺដើម្បីពិនិត្យលើសាក្សី ៣រូប ដែលត្រូវបានស្នើឡើងនៅក្នុងបណ្ដឹងសាទុក្ខ និងក្នុងសំណើទី៣ សុំដាក់ភស្តុតាងបន្ថែមរបស់ នួន ជា»។
កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤ អង្គជំនុំជម្រះសាលាដំបូង សម្រេចដាក់គុកជនជាប់ចោទទាំងពីរអស់មួយជីវិត ដោយសារតែអង្គជំនុំជម្រះរកឃើញថា ជនជាប់ចោទ នួន ជា និង ខៀវ សំផន មានកំហុសចំពោះឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលក្នុងនោះមានការសម្លាប់រង្គាល រួមបញ្ចូលការធ្វើមនុស្សឃាត ការធ្វើទុក្ខបុកម្នេញដោយមូលហេតុនយោបាយ និងអមនុស្សធម៌ផ្សេងៗទៀត រួមមានការផ្លាស់ទីលំនៅដោយបង្ខំ ការធ្វើឲ្យបាត់ខ្លួនដោយបង្ខំ និងការធ្វើឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់មនុស្ស ដែលបានប្រព្រឹត្តទឹកដីប្រទេសកម្ពុជា ក្នុងអំឡុងថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ និងបញ្ចប់នៅឆ្នាំ១៩៧៧។
នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ នួន ជា និង ខៀវ សំផន បានជូនដំណឹងអំពីបណ្ដឹងសាទុក្ខប្រឆាំងនឹងសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូង ដោយ នួន ជា បានលើកទឡ្ហីករណ៍បណ្ដឹងសាទុក្ខចំនួន២២៣ ហើយ ខៀវ សំផន ចំនួន ១៤៨ទឡ្ហីករណ៍ និងបានដាក់សំណើជាបន្តបន្ទាប់។ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ សហព្រះរាជអាជ្ញាក៏បានដាក់សេចក្ដីជូនដំណឹងអំពីបណ្ដឹងសាទុក្ខដែរ។
ជនជាប់ចោទ នួន ជា យល់ឃើញថា សក្ខីកម្មរបស់សាក្សីទាំងនេះអាចជួយកែតម្រូវការយល់ឃើញរបស់អង្គជំនុំជម្រះសាលាដំបូង ជាពិសេសទាក់ទងទៅនឹងរចនាសម្ព័ន្ធបញ្ជាបក្សកុម្មុយនិស្តកម្ពុជា គោលនយោបាយបក្សកុម្មុយនិស្តកម្ពុជា ក្នុងការកំណត់គោលដៅលើទាហាន និងមន្ត្រីនៃរបបសាធារណរដ្ឋខ្មែរ និងការកាប់សម្លាប់នៅទួលពោធិ៍ជ្រៃ។
ជនជាប់ចោទ ខៀវ សំផន លើកឡើងថា អង្គជំនុំជម្រះសាលាដំបូងខុស ព្រោះពុំបានបកស្រាយត្រឹមត្រូវលើរាល់ភស្តុតាងដែលអាចសន្និដ្ឋានថា រូបលោកមិនបានចូលរួមធ្វើសេចក្ដីសម្រេចជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
