តុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម នឹងស្ដាប់សាក្សីមួយរូបទៀតសម្រាប់សវនាការលើបណ្ដឹងសាទុក្ខក្នុងសំណុំរឿងលេខ០០២ វគ្គ១ នៅថ្ងៃច័ន្ទ ទី៦ កក្កដា។ សវនាការលើកទីមួយលើបណ្ដឹងសាទុក្ខនេះ អង្គជំនុំជម្រះតុលាការកំពូលបញ្ជាក់ថា នឹងស្ដាប់តែសាក្សី ៣រូបសិន។
អង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម នឹងបន្តសវនាការស្ដាប់សាក្សីទី៣ នៅថ្ងៃទី៦ កក្កដា។
មុននឹងផ្អាកសវនាការកាលពីថ្ងៃសុក្រ ទី៣ កក្កដា ប្រធានអង្គជំនុំជម្រះតុលាការកំពូល លោកចៅក្រម គង់ ស៊្រីម ប្រកាសឲ្យភាគីដឹងថា អង្គជំនុំជម្រះនឹងធ្វើសវនាការបន្តតាមកាលវិភាគដដែល នៅថ្ងៃច័ន្ទ សប្ដាហ៍ក្រោយ៖ «ថ្ងៃច័ន្ទ ទី៦ ខែកក្កដា ឆ្នាំ២០១៥ យើងនឹងបន្តសវនាការមួយថ្ងៃទៀត ហើយយើងសឺគួមួយថ្ងៃ គឺនៅថ្ងៃទី៧ បើសិនជាមានករណីចាំបាច់ ហើយយើងនឹងបន្តវេលាម៉ោង៩»។
សវនាការដែលចាប់ផ្ដើមនៅថ្ងៃទី២ កក្កដា អង្គជំនុំជម្រះតុលាការកំពូល បានស្ដាប់សាក្សីចំនួន ២រូបហើយ គឺទី១ លោក សៅ វ៉ន ដែលជាអតីតមេឃុំពពេល ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ និងជាលេខាឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ក្នុងតំបន់លេខ២៥។ ដោយឡែកសាក្សីទីពីរ គឺលោក សម សិទ្ធី ជាជនរងគ្រោះមួយរូបដែលរួចជីវិតពីការសម្លាប់របស់ខ្មែរក្រហម នៅខេត្តកំពង់ឆ្នាំង។
សាក្សី សម សិទ្ធី បានជម្រាបមេធាវីការពារក្ដីជនជាប់ចោទ នួន ជា ចំពោះមុខអង្គជំនុំជម្រះតុលាការកំពូល នៅថ្ងៃសុក្រ ទី៣ កក្កដា ថា ពួកខ្មែរក្រហមបានសម្លាប់គ្រួសារលោកដែលជាទាហាននៃរបបសាធារណរដ្ឋខ្មែរ៖ «ក្រុមគ្រួសារខ្ញុំមានឪពុកម្ដាយ និងប្អូន ៤នាក់។ អ៊ីចឹងអ្នកដែលត្រូវគេសម្លាប់ គឺឪពុកម្ដាយ និងប្អូន ២នាក់។ រីឯខ្ញុំបាទនេះ ក៏ត្រូវគេសម្លាប់ដែរ។ ប្អូនម្នាក់ធ្វើគ្រូនោះ ក៏គេយកទៅសម្លាប់ទាំងអស់គ្នា ទាំងគ្រួសារតែម្ដង។ ក៏ប៉ុន្តែនៅពេលនោះ ខ្ញុំអាយុ ១៤ ឬ ១៥ឆ្នាំ ហើយខ្ញុំបានធ្វើពុតជាស្លាប់នៅក្នុងរង្វង់សាកសព ៧គ្រួសារ ដែលសុទ្ធតែជាទាហាន។ អ៊ីចឹងនៅពេលគេបណ្ដើរយើងទៅ គេឲ្យយើងអង្គុយម្ដុំ មួយជុំទាំង ៧គ្រួសារហ្នឹង ហើយគេបាញ់សំដៅបំបិទមាត់តែម្ដង»។
សាក្សីរូបនេះថ្លែងបន្តថា ការសម្លាប់ គឺបន្ទាប់ពីពួកខ្មែរក្រហមបញ្ឆោតឲ្យទាហានរបបសាធារណរដ្ឋខ្មែរ ចុះឈ្មោះបើកអង្ករ និងត្រៀបខ្លួនត្រឡប់ទៅធ្វើការងារដើមវិញ។ លោកមានប្រសាសន៍ថា ទីបំផុត គេសម្លាប់ពួកលោកនៅក្នុងតំបន់ខាងត្បូងវត្តច្រកស្ដេច ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ការជំនុំជម្រះរបស់តុលាការកំពូលនៅពេលនេះ គឺជាការជំនុំជម្រះលើបណ្ដឹងសាទុក្ខរបស់ជនជាប់ចោទ នួន ជា និង ខៀវ សំផន ដោយជំទាស់នឹងសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូង កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤ ដែលសម្រេចដាក់គុកជនជាប់ចោទទាំងពីរអស់មួយជីវិត។
ការសម្រេចបែបនេះ គឺដោយសារអង្គជំនុំជម្រះរកឃើញថា នៅក្នុងសំណុំរឿង០០២ វគ្គ១ ជនជាប់ចោទ នួន ជា និង ខៀវ សំផន មានកំហុសចំពោះឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលមានការសម្លាប់រង្គាល ការធ្វើមនុស្សឃាត ការធ្វើទុក្ខបុកម្នេញដោយមូលហេតុនយោបាយ និងអមនុស្សធម៌ផ្សេងៗទៀត រួមមានការផ្លាស់ទីលំនៅដោយបង្ខំ ការធ្វើឲ្យបាត់ខ្លួនដោយបង្ខំ និងការធ្វើឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់មនុស្ស ដែលបានប្រព្រឹត្តនៅទឹកដីប្រទេសកម្ពុជា ក្នុងអំឡុងថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ និងបញ្ចប់នៅឆ្នាំ១៩៧៧។
អង្គជំនុំជម្រះរបស់តុលាការកំពូល មិនទាន់ប្រកាសឲ្យដឹងទេថា នឹងធ្វើសវនាការលើអង្គហេតុនៅពេលណា បន្ទាប់ពីការស្ដាប់សាក្សីទាំងបីរូបនេះទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
