ស៊ុយអែត​ផ្ដល់​វិភាគទាន​៣០​លាន​ក្រូណា​ដល់​ភាគី​អន្តរជាតិ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម

ដោយ កែវ និមល
2014.07.10
eccc305 ទិដ្ឋភាព​ក្នុង​សវនាការ​នា​ថ្ងៃ​ទី​២៩ មិថុនា ២០០៩ នៅ​សាលាក្ដី​ខ្មែរ​ក្រហម។
Photo courtesy of ECCC

ប្រទេស​ស៊ុយអែត បាន​ប្រកាស​ផ្តល់​វិភាគទាន​ចំនួន ៣០​លាន​ក្រូណា ប្រហាក់​ប្រហែល ៤​លាន ៥​សែន​ដុល្លារ​សហរដ្ឋ​អាមេរិក ដល់​ភាគី​អន្តរជាតិ នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ហៅ​កាត់​ថា សាលា​ក្តី​ខ្មែរ​ក្រហម សម្រាប់​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥។

គិត​សរុប​ជាមួយ​ប្រាក់​ជំនួយ​កន្លង​មក បាន​បង្ហាញ​ថា ប្រទេស​ស៊ុយអែត បាន​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​សាលា​ក្តី​ខ្មែរ​ក្រហម​ចំនួន​ជាង ១០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ហើយ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលា​ក្តី​ខ្មែរ​ក្រហម ថ្ងៃ​ទី​១០ កក្កដា ប្រកាស​ថា ប្រទេស​ស៊ុយអែត គឺ​ជា​ប្រទេស​ម្ចាស់​ជំនួយ​ដ៏​សំខាន់​មួយ​របស់​សាលា​ក្តី​ខ្មែរ​ក្រហម ហើយ​ជា​សមាជិក​មួយ​ក្នុង​ចំណោម​ក្រុម​ប្រទេស​ផ្តល់​ជំនួយ​សំខាន់ៗ​របស់​សាលា​ក្តី​ខ្មែរ​ក្រហម។

លោក ក្រាញ់ តូនី ប្រធាន​ការិយាល័យ​រដ្ឋបាល​ស្តីទី និង​លោក ឃ្នុត រូហ្សិនហក (Knut Rosandhaug) អនុប្រធាន​ការិយាល័យ​រដ្ឋបាល​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម ថ្លែង​អំណរគុណ​ចំពោះ​ប្រទេស​ស៊ុយអែត ដែល​បន្ត​ផ្តល់​ការ​គាំទ្រ​ចំពោះ​សាលា​ក្តី​ខ្មែរ​ក្រហម ដែល​កំពុង​ស្វែងរក​យុត្តិធម៌​ជូន​ប្រជាជន​កម្ពុជា។

កាល​ពី​ថ្ងៃ​ទី​២ កក្កដា កន្លង​មក ប្រទេស​អូស្ត្រាលី បាន​ប្រកាស​ផ្តល់​វិភាគទាន​ចំនួន ៣​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដល់​ភាគី​អន្តរជាតិ នៃ​សាលា​ក្តី​ខ្មែរ​ក្រហម​ដែរ។ ប្រទេស​អូស្ត្រាលី គឺ​ជា​ប្រទេស​ម្ចាស់​ជំនួយ​ធំ​ទី​ពីរ​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម ហើយ​គាំទ្រ​សាលា​ក្ដី​នេះ​ចាប់​តាំង​ពី​ពេល​បង្កើត​មក។

សាលា​ក្ដី​ខ្មែរ​ក្រហម ត្រូវ​ការ​ថវិកា​សរុប​ជាង ៣១​លាន​ដុល្លារ (៣១.៦) សម្រាប់​ចំណាយ​ក្នុង​ឆ្នាំ​២០១៤។ ក្នុង​នោះ ភាគី​អន្តរជាតិ​ត្រូវ​ការ​ចំនួន ២៥​លាន ២​សែន​ដុល្លារ ហើយ​ភាគី​ជាតិ​ត្រូវ​ការ ៦​លាន ៤​សែន​ដុល្លារ។

មន្ត្រី​នាំ​ពាក្យ​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ដ្រា ឱ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ ភាគី​ជាតិ​នៅ​ខ្វះ​ថវិកា​ជាង ២​លាន​ដុល្លារ​ទៀត ដើម្បី​បំពេញ​ការងារ​រហូត​ដល់​ចុង​ឆ្នាំ​២០១៤។ ដោយ​ឡែក​ខាង​ភាគី​អន្តរជាតិ មិន​មាន​បញ្ហា​រឿង​ថវិកា​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។