សាក្សី៖ អ្នក​ខ្លះ​ធ្វើ​ការ​នៅ​ទំនប់​អាង​ត្រពាំង​ថ្ម​ធ្លាក់​ខ្លួន​ឈឺ​ស្លាប់​ដោយ​គ្មាន​ថ្នាំ​ព្យាបាល

0:00 / 0:00

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​២៩ កក្កដា បាន​បញ្ចប់​ការ​ស្ដាប់​សាក្សី​ទី​ពីរ អំពី​ការដ្ឋាន​ការងារ​ដោយ​បង្ខំ​នៅ​អាង​ត្រពាំង​ថ្ម ខេត្ត​បន្ទាយមានជ័យ។ សាក្សី​រូប​នេះ​ថា លក្ខខណ្ឌ​រស់នៅ និង​ការ​ធ្វើ​ការងារ​ដ៏​លំបាក​នៅ​ការដ្ឋាន​ការងារ​ទំនប់​ត្រពាំង​ថ្ម បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់។

សាក្សី​ទី​ពីរ គឺ​លោក ម៉ម សឿម ហៅ ហេង សាមួត ជម្រាប​អង្គ​ជំនុំ​ជម្រះ​នៅ​ថ្ងៃ​ទី​២៩ កក្កដា ថា អ្នក​ដែល​ត្រូវ​អង្គការ​បង្ខំ​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ទំនប់​អាង​ត្រពាំង​ថ្ម ខ្លះ ធ្លាក់​ខ្លួន​ឈឺ​ស្លាប់ ដោយសារ​គ្មាន​ថ្នាំ​ព្យាបាល។

លោក​បន្ត​ថា លក្ខខណ្ឌ​រស់នៅ​ទីនោះ​លំបាក ដែល​ត្រូវ​ធ្វើ​ការ​តាំង​ពី​ព្រឹក​រហូត​ដល់​ម៉ោង ៩​យប់ ស្បៀង​អាហារ​មិន​គ្រប់គ្រាន់ និង​អម​ដោយ​ការ​ភ័យ​ខ្លាច។ ពលរដ្ឋ​ម្នាក់ៗ​រស់នៅ​ដោយ​មិន​មាន​សេរីភាព​ដើរ​ហើរ មិន​ហ៊ាន​និយាយ​ស្ដី​ច្រើន ព្រោះ​ភ័យ​ខ្លាច​អំពី​ការ​ចាប់​ខ្លួន។ លោក ម៉ម សឿម បញ្ជាក់​ថា អ្នក​ខ្លះ​ត្រូវ​ពួក​ខ្មែរ​ក្រហម​ចាប់​យក​ទៅ​បាត់​រហូត ទោះ​ជា​អ្នក​ទាំង​នោះ​ធ្វើ​ការ​ល្អ​ក៏ដោយ៖ «នៅ​ក្នុង​កង​តំបន់ អ្នក​ដែល​ទៅ​ធ្វើ​ការ គឺ​ត្រូវ​ថែ​រក្សា​ខ្លួន មិន​ហ៊ាន​និយាយ​ទេ ដឹង​ក៏​មិន​ហ៊ាន​និយាយ អ្វី​ដែល​ឮ​ក៏​មិន​និយាយ។ ដូច្នេះ​បាន​ន័យ​ថា ម្នាក់ៗ​មិន​និយាយ​អី​ទាំងអស់ ព្រោះ​ការ​និយាយ​នេះ​វា​មិន​ល្អ ហើយ​ប្រើ​ភាសា​មួយ គេ​ថា "ឲ្យ​ដាំ​ដើម​គ ឬ​ក៏​ដាំ​នាង​លាក់"។ ភាសា​នេះ គឺ​សម្រាប់​ឲ្យ​យើង​ចេះ មិន​និយាយ ការពារ​ខ្លួន​យើង។ ដូច្នេះ​បាន​ន័យ​ថា អ្វី​ក៏​ខ្ញុំ​មិន​ចង់​និយាយ​ដែរ»

សាក្សី​រូប​នេះ​ឲ្យ​ដឹង​ថា អ្នក​គ្រប់គ្រង​រួម​លើ​ការដ្ឋាន​នោះ គឺ​តា វ៉ាល់។ តា វ៉ាល់ ក៏​ត្រូវ​អង្គការ​ចាប់​ខ្លួន​ដែរ​នៅ​ឆ្នាំ​១៩៧៧ ក្រោម​ហេតុផល​ថា​ក្បត់​អង្គការ។

សាក្សី ម៉ម សឿម បញ្ជាក់​ថា ទន្ទឹម​គ្នា​នឹង​ភាព​ស្គមស្គាំង​បាក់​កម្លាំង ខ្វះ​អាហារ​ហូប​ចុក អង្គការ​ក៏​បង្ខំ​ឲ្យ​យុវជន​យុវនារី​កង​ចល័ត​រៀបការ​ដែរ។ ការ​រៀបការ​ដោយ​បង្ខំ​តាម​ការ​ផ្សំផ្គុំ​ដោយ​អង្គការ​ខ្មែរ​ក្រហម មាន​ជាច្រើន​គូ​នៅ​ការដ្ឋាន​នោះ។ ទោះ​ជា​ដូច្នេះ​ក្ដី មាន​គូ​ខ្លះ​ក៏​ពេញ​ចិត្ត​នឹង​គ្នា​ដែរ៖ «ការ​រៀបការ​រួច​មិន​បាន​ទៅ​ណា​ទេ គឺ​នៅ​ការដ្ឋាន​នោះ​តែ​ម្ដង។ ធ្វើ​កន្លែង​មួយ​បន្ទប់ៗ​ឲ្យ​នៅ​តាម​កន្លែង រហូត​ដល់​ខ្ញុំ​ថា ពេល​រៀបការ​ហើយ ពេល​អត់​មាន​ភ្លើង​ផង​អី​ផង ជុំ​មក​ងងឹត ខ្លះ​មិន​ទាន់​ស្គាល់​គ្នា​ច្បាស់​ផង ច្រឡំ​គូ​គ្នា​ក៏​មាន។ ដូច្នេះ​បាន​ជា​ខ្ញុំ​ជម្រាប​កាល​ពី​ម្សិលមិញ​ហើយ​ថា ការ​រៀបការ​ក្នុង​សម័យ​នោះ គឺ​មិន​បាន​រៀបការ​ដូច​សព្វថ្ងៃ​ទេ ដាក់​តែ​កួរ​ស្រូវ ដាក់​តែ​ផ្កា​ឈើ ឬ​តែ​ស្លឹក​ឈើ​ទៅ ហា​ហុកសិប​គូ ឬ ១០០​គូ​ទៅ សម្រេច​តែ​អង្គការ​រៀបចំ​ឲ្យ​បាន»

ឯកសារ​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​បង្ហាញ​ថា ទំនប់​អាង​ត្រពាំង​ថ្ម មាន​ខ្នង​ទំនប់​ប្រហែល ១០​ម៉ែត្រ ជើង​ទំនប់​មាន​ប្រវែង​ប្រហែល ១៨​ម៉ែត្រ និង​មាន​កម្ពស់​ប្រហែល​ពី ៣ ទៅ ៥​ម៉ែត្រ។ ទំនប់​អាង​នេះ ទប់​ទឹក​ដែល​មាន​បណ្ដោយ​ប្រមាណ ១០​គីឡូម៉ែត្រ និង​ទទឹង​ប្រមាណ ៧​គីឡូម៉ែត្រ។ ទំនប់​នេះ ត្រូវ​បាន​កសាង​ដោយ​កម្លាំង​មនុស្ស​ចន្លោះ​ពី ១៥.០០០​នាក់ ទៅ ២០.០០០​នាក់ ដែល​មក​ពី​ស្រុក​ថ្មពួក ស្រុក​ភ្នំស្រុក ស្រុក​សិរីសោភ័ណ និង​ស្រុក​ព្រះនេត្រព្រះ។ អ្នក​ទាំង​នោះ​ភាគ​ច្រើន​ជា​ប្រជាជន​ថ្មី​ជម្លៀស​ពី​ទីក្រុង​ភ្នំពេញ។

បន្ទាប់​ពី​សាក្សី​រូប​នេះ អង្គ​ជំនុំ​ជម្រះ​ងាក​មក​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី​មួយ​រូប​ទៀត ឈ្មោះ ឃឹន វ៉ាត ទាក់ទង​នឹង​ការដ្ឋាន​ធ្វើ​វាល​យន្តហោះ​ខេត្ត​កំពង់ឆ្នាំង វិញ។ សាក្សី ឃឹន វ៉ាត អតីត​ជា​អ្នក​ដាំ​បាយ​ស្ល​សម្រាប់​អ្នក​ជំនាញ​ចិន នៅ​ការដ្ឋាន​នោះ។ សាក្សី​នេះ នឹង​ត្រូវ​មក​ផ្ដល់​សក្ខីកម្ម​បន្ត​ទៀត​នៅ​ថ្ងៃ​ទី​៣០ កក្កដា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។