អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហម នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៧ ឧសភា នេះ បានសម្រេចកោះហៅអ្នកនិពន្ធភាពយន្តឯកសារ «សត្រូវរបស់ប្រជាជន» (Enemies of the People) មកផ្តល់សក្ខីកម្មនៅក្នុងសវនាការសំណុំរឿង០០២ វគ្គ២។
ប្រធានកិច្ចការសាធារណៈរបស់សាលាក្តីខ្មែរក្រហម លោក ឌឹម សុវណ្ណារុំ ប្រាប់វិទ្យុអាស៊ីសេរី ថា អង្គជំនុំជម្រះសាលាដំបូង បានឯកភាពគ្នាកោះហៅ លោក ថេត សម្បត្តិ ជាសហផលិតករខ្សែភាពយន្តឯកសារ «សត្រូវរបស់ប្រជាជន» ដែលកំពុងរស់នៅសហរដ្ឋអាមេរិក ឲ្យមកផ្តល់ចម្លើយទៅនឹងសំណួរទាំងឡាយពាក់ព័ន្ធនឹងការស្រាវជ្រាវរបស់លោក ស្ដីពីការកាប់សម្លាប់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
ជនជាប់ចោទក្នុងសំណុំរឿង០០២ វគ្គ២ មានពីររូប គឺលោក នួន ជា អតីតប្រធានរដ្ឋសភានៃរបបកម្ពុជាប្រជាធិបតេយ្យ និងជាអនុលេខាបក្សកុម្មុយនីស្តកម្ពុជា និងលោក ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ។ ជនជាប់ចោទទាំងពីរ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ និងអំពើប្រល័យប្រឆាំងនឹងជនជាតិចាម និងជនជាតិវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
