អង្គការ​សហប្រជាជាតិ​អំពាវនាវ​រក​ជំនួយ​ដល់​សាលា​ក្ដី​ខ្មែរ​ក្រហម

តំណាង​អង្គការ​សហប្រជាជាតិ បាន​អំពាវនាវ​ឲ្យ​ប្រទេស​ផ្ដល់​ជំនួយ​ទាំងអស់​រក្សា​ពាក្យ​សន្យា​របស់​ខ្លួន ដែល​បាន​សន្យា​ផ្ដល់​ជំនួយ​ដល់​សាលា​ក្ដី​ខ្មែរ​ក្រហម​នោះ សូម​កុំ​សន្យា​តែ​មាត់ ហើយ​មិន​ផ្ដល់​ប្រាក់។

0:00 / 0:00

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ដំណើរ​ការ​នៃ​ការ​កាត់​ទោស​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម មាន​ដំណើរ​ការ​យឺតៗ ហើយ​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​កាន់​តែ​ចាស់ ថែម​ទាំង​សាលា​ក្ដី​ប្រឈម​បញ្ហា​កង្វះ​ថវិកា​ដំណើរ​ការ​ក្ដី​ឲ្យ​បាន​ចប់ និង​បាន​ឆាប់​រហ័ស ដើម្បី​ស្វែង​រក​យុត្តិធម៌​ឲ្យ​ជន​រងគ្រោះ​ជិត ២​លាន​នាក់ ដែល​ស្លាប់​ក្នុង​របប ប៉ុល ពត កាន់​អំណាច​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩។

អង្គការ​សហប្រជាជាតិ បាន​ធ្វើ​សន្និសីទ​មួយ ដើម្បី​កៀរគរ​ជំនួយ​នៅ​ទីក្រុង​ញីវយ៉ក (New York) សហរដ្ឋ​អាមេរិក ថ្ងៃ​ទី​៧ វិច្ឆិកា ហើយ​បាន​ជំរុញ​ឲ្យ​ប្រទេស​ផ្ដល់​ជំនួយ​ទាំងអស់ ពិនិត្យ​មើល​ការ​សន្យា​របស់​ខ្លួន​ក្នុង​ការ​ផ្ដល់​ជំនួយ។

គេហទំព័រ​អង្គការ​សហប្រជាជាតិ បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៧ វិច្ឆិកា ថា នៅ​ក្នុង​សន្និសីទ​ជាមួយ​ប្រទេស​ផ្ដល់​ជំនួយ​នោះ អគ្គលេខាធិការ​រង​នៃ​អង្គការ​សហប្រជាជាតិ លោក ជេន អ៊ីលៀសុន (Jan Eliasson) បាន​ជំរុញ​ឲ្យ​ប្រទេស​ទាំងអស់​ត្រូវ​ផ្ដល់​ជំនួយ​ថវិកា​ដល់​សាលា​ក្ដី​ខ្មែរ​ក្រហម ឲ្យ​បាន​ដូច​ពាក្យ​ដែល​ខ្លួន​បាន​សន្យា​កន្លង​មក ដោយ​កុំ​ចេះ​តែ​សន្យា​តែ​មាត់​ទទេ ហើយ​មិន​ផ្ដល់​ប្រាក់។

ប្រសាសន៍​របស់​អគ្គលេខាធិការ​រង​នៃ​អង្គការ​សហប្រជាជាតិ លោក ជេន អ៊ីលៀសុន ថ្លែង​ក្នុង​សន្និសីទ​នោះ ត្រូវ​បាន​ដក​ស្រង់​ដោយ​ប្រើ​ពាក្យ​ធ្ងន់ៗ​ដូច្នេះ​ថា៖ «យើង​ទាំងអស់​គ្នា​បាន​ព្រមព្រៀង​គ្នា​ថា មិន​ឲ្យ​មាន​រឿង​និទ្ទណ្ឌភាព​នៃ​បទ​ឧក្រិដ្ឋ​ណា​មួយ​បាន​ទេ គឺ​វា​នាំ​ឲ្យ​ខូច​របៀប​របប​សង្គម​មនុស្ស​ជាតិ​របស់​យើង​បាន។ ប៉ុន្តែ យើង​ត្រូវ​ធ្វើ​អ្វី​ឲ្យ​លើស​ពី​ការ​ព្រមព្រៀង​គ្នា​នេះ​ឲ្យ​លើស​ពី​អ្វី​ដែល​យើង​បាន​និយាយ​ចេញ​ពី​មាត់​ទៅ​ទៀត។ យើង​ត្រូវ​ធ្វើ​អ្វី​ដែល​យើង​បាន​និយាយ ពាក្យ​សម្ដី​មិន​អាច​ចាយ​បាន​ទេ ប្រសិន​បើ​យើង​មិន​ចាយ​ប្រាក់...»

លោក​អគ្គលេខាធិការ​រង​បញ្ជាក់​ថា គ្មាន​ស្ថាប័ន​យុត្តិធម៌​ណា​មួយ​មាន​បញ្ហា​ថវិកា​ដូច្នេះ​ទេ ហើយ​កង្វះ​ថវិកា​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដំណើរ​ការ​យុត្តិធម៌​នៃ​សាលា​ក្ដី ដែល​អាច​ប៉ះពាល់​ដល់​អារម្មណ៍​ជន​រងគ្រោះ​ខ្មែរ​រាប់​លាន​នាក់ ដែល​បាន​ទន្ទឹង​រង់ចាំ​លទ្ធផល​កាត់​ក្ដី ដើម្បី​រក​យុត្តិធម៌​នេះ​យូរ​ឆ្នាំ​ណាស់​មក​ហើយ។

ប្រសាសន៍​របស់ លោក ជេន អ៊ីលៀសុន ត្រូវ​បាន​គេ​ស្រង់​បន្ត​ទៀត​ថា៖ «អគ្គ​លេខា និង​រូប​ខ្ញុំ ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​គម្រោង​ដ៏​សំខាន់​ជា​សកល​មួយ​នេះ ដែល​ប្រឈម​ហានិភ័យ​នៃ​ភាព​បរាជ័យ ចំពោះ​តម្រូវ​ការ​ថវិកា​ដ៏​ចាំបាច់​ដូច្នេះ។ រឿង​ស្លាប់​រស់​អ៊ីចឹង វា​ពិត​ជា​គួរ​ឲ្យ​អាម៉ាស់​ណាស់​ដែល​បញ្ហា​នេះ​មិន​ធ្លាប់​មាន​ពី​មុន​មក​ទាល់​តែ​សោះ​នៅ​ក្នុង​ស្ថាប័ន​យុត្តិធម៌​អន្តរជាតិ ដែល​វា​អាច​ធ្វើ​ឲ្យ​បាត់​បង់​តម្លៃ និង​សីលធម៌​របស់​យើង»

លោក​បាន​អំពាវនាវ​ដល់​ប្រទេស​ផ្ដល់​ជំនួយ​ទាំងអស់ ពិនិត្យ​សើរើ​ការ​ប្ដេជ្ញា​ចិត្ត​ឡើង​វិញ ហើយ​លះ​បង់ និង​សហការ​ផ្ដល់​ជំនួយ​ដល់​សាលា​ក្ដី​ខ្មែរ​ក្រហម​ជា​និរន្ត​បន្ត​ទៅ​ទៀត។ កន្លង​មក សាលា​ក្ដី​ខ្មែរ​ក្រហម បាន​ចំណាយ​ប្រាក់​ជិត ៩០​លាន​ដុល្លារ ក្នុង​ដំណើរ​ការ​ក្ដី​រយៈពេល​ពីរ​ឆ្នាំ គឺ​ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៣។ សព្វថ្ងៃ សាលា​ក្ដី​ខ្មែរ​ក្រហម​កំពុង​កាត់​ក្ដី​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ពីរ​នាក់ ដែល​ជរា​ណាស់​ទៅ​ហើយ គឺ​លោក នួន ជា អាយុ ៨៧​ឆ្នាំ និង ខៀវ សំផន អាយុ ៨២​ឆ្នាំ ចំពោះ​ការ​ទទួល​ខុស​ត្រូវ​មនុស្ស​ស្លាប់​ជិត ២​លាន​នាក់ ក្នុង​របប​ខ្មែរ​ក្រហម​កាន់​អំណាច។

អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​សាលា​ក្ដី​ខ្មែរ​ក្រហម គឺ​ជា​តុលាការ​កូន​កាត់ បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០០៦ មាន​មន្ត្រី​ខ្មែរ និង​បរទេស​ធ្វើ​ការ​រួម​គ្នា​នោះ តែង​ខ្វះ​ថវិកា​ជា​ញឹកញាប់ ហើយ​បុគ្គលិក​ខ្មែរ​តែង​បាន​ធ្វើ​បាតុកម្ម​ជា​ញឹកញាប់​ដែរ ព្រោះ​សាលា​ក្ដី​គ្មាន​លុយ​បើក​ប្រាក់​ខែ​ឲ្យ។

ទាក់ទង​សន្និសីទ​នេះ អ្នក​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ដ្រា បញ្ជាក់​ថា លោក​មិន​បាន​ដឹង​លទ្ធផល​នៅ​ឡើយ​ទេ​មក​ទល់​ថ្ងៃ​ទី​៨ វិច្ឆិកា។ លោក នេត្រ ភក្ដ្រា បន្ត​ថា ភាគី​កម្ពុជា ក៏​បាន​ចូល​រួម​សន្និសីទ​នោះ​ដែរ ហើយ​បាន​សន្យា​ថា​នឹង​ផ្ដល់​ប្រាក់​ជំនួយ ១​លាន ៨​សែន​ដុល្លារ ដល់​សាលា​ក្ដី​ខ្មែរ​ក្រហម សម្រាប់​ឆ្នាំ​២០១៤៖ «ចូល​រួម​ក្នុង​សន្និសីទ​នេះ ប្រទេស​មួយ​ចំនួន​ធ្វើ​ការ​សន្យា​ដោយ​ផ្ទាល់​ផ្ដល់​ថវិកា​មក​ដល់​តុលាការ​តែ​ម្ដង។ ហើយ​ប្រទេស​មួយ​ចំនួន ពួក​គាត់​ដក​ឃ្លា​មក​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​របស់​គេ​សិន មុន​នឹង​ប្រកាស​ផ្ដល់​វិភាគ​ទាន​ដល់​សាលា​ក្ដី​ខ្មែរ​ក្រហម»

ប្រទេស​ដែល​សន្យា​ផ្ដល់​ប្រាក់​ជំនួយ​ដល់​សាលា​ក្ដី​ខ្មែរ​ក្រហម គឺ​ជា​ប្រទេស​អ្នក​មាន​លើ​ពិភពលោក មាន​ដូច​ជា សហគមន៍​អឺរ៉ុប (EU) សហរដ្ឋ​អាមេរិក (US) អង់គ្លេស (England) អាល្លឺម៉ង់ (Germany) ជប៉ុន (Japan) ជាដើម។ ដោយ​ឡែក ប្រទេស​កម្ពុជា ក៏​ជា​សមាជិក​នៃ​ប្រទេស​ផ្ដល់​ជំនួយ​ដែរ ដោយ​បាន​សន្យា​ផ្ដល់​ប្រាក់ ១​លាន ៨​សែន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ ដល់​សាលា​ក្ដី​ខ្មែរ​ក្រហម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។