ការបន្តសវនាការរបស់អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី១៧ វិច្ឆិកា ដើម្បីពិភាក្សាលើអង្គសេចក្ដីក្នុងសំណុំរឿង០០២ វគ្គ២ មិនបានប្រព្រឹត្តទៅដូចការគ្រោងទុកទេ ដោយសារមេធាវីការពារក្ដីជនជាប់ចោទ ខៀវ សំផន មិនបានចូលរួម។
ចៅក្រមសាលាដំបូងនៃសាលាក្តីខ្មែរក្រហម បង្ខំចិត្តផ្អាកសវនាការជាថ្មីម្តងទៀត ដោយសារគ្មានមេធាវីរបស់ជនជាប់ចោទ ខៀវ សំផន ចូលរួម ប៉ុន្តែបានដាក់លក្ខខណ្ឌកំហិតឲ្យជនជាប់ចោទទទួលយកការសម្រេចរបស់សាលាក្តីខ្មែរក្រហម។
នៅមុនពេលផ្អាកសវនាការនៅពេលរសៀលថ្ងៃទី១៧ វិច្ឆិកា នេះ ប្រធានអង្គជំនុំជម្រះសាលាដំបូង គឺលោកចៅក្រម និល ណុន ប្រាប់ទៅជនជាប់ចោទ ខៀវ សំផន ថា ប្រសិនបើជនជាប់ចោទនៅតែបង្គាប់មិនឱ្យមេធាវីការពារក្ដីគាត់ចូលរួមសវនាការទៀត អង្គជំនុំជម្រះនឹងតែងតាំងមេធាវីដោយមិនចាំបាច់យល់ព្រមពីជនជាប់ចោទ។ ការតែងតាំងនេះ នឹងអនុវត្តតាមវិធានការ ៣យ៉ាង៖ «១ ការតែងតាំងឡើងវិញនូវមេធាវីបច្ចុប្បន្នរបស់ជនជាប់ចោទ។ ២ មេធាវីថ្មីដែលតែងតាំងដោយអង្គជម្រះក្រៅពីឆន្ទៈជនជាប់ចោទ។ ៣ ការតែងតាំងព្រមគ្នារវាងមេធាវីបច្ចុប្បន្នផង និងមេធាវីផ្សេងទៀតផង ឬចាត់វិធានការផ្សេងៗទៀត ប្រសិនបើយល់ឃើញថាសមស្រប។ មេធាវីតែងតាំងដោយអង្គជម្រះ ត្រូវតែចូលរួមពេញលេញក្នុងកិច្ចដំណើរការនីតិវិធីនៅក្នុងសំណុំរឿង ០០២/០២ (០០២ វគ្គ២) ដោយចូលរួមនៅក្នុងសវនាការទាំងឡាយដែលបានកំណត់ដោយអង្គជំនុំជម្រះ។ គ្មានមូលដ្ឋានផ្លូវច្បាប់ណាមួយដែលមេធាវីតែងតាំងដោយអង្គជម្រះ ត្រូវស្ដាប់តាមការណែនាំរបស់ជនជាប់ចោទ មិនឱ្យចូលរួមនៅក្នុងសវនាការនេះឡើយ»។
លោកចៅក្រមបញ្ជាក់ទៅជនជាប់ចោទ ខៀវ សំផន ថា ទោះបីជាគាត់មានសិទ្ធិជ្រើសរើសមេធាវីក្ដី ក៏សិទ្ធិនេះមិនមានលក្ខណៈដាច់ខាតទេ ហើយសិទ្ធិនេះនឹងត្រូវកម្រិតនៅពេលដែលផលប្រយោជន៍រកយុត្តិធម៌តម្រូវឱ្យធ្វើ។
ជនជាប់ចោទ ខៀវ សំផន ឆ្លើយតបអង្គជំនុំជម្រះថា គោលបំណងតែងតាំងមេធាវីថ្មីសម្រាប់រូបលោកនោះ លោកមើលមិនឃើញថាមានអ្វីដែលអាចការពារសិទ្ធិរបស់លោកទេ។ ផ្ទុយទៅវិញ លោកថា ជួនកាលការតែងតាំងបែបនេះ អាចប៉ះពាល់សិទ្ធិរបស់លោកទៅវិញ៖ «ម៉េចបានជាខ្ញុំថាជាអ៊ីចេះ? ខ្ញុំជូនជាឧទាហរណ៍ ជួនណាមេធាវីឡើងនិយាយចង់ការពារខ្ញុំទេ ក៏ប៉ុន្តែគាត់អត់យល់សំណុំរឿងខ្ញុំ គាត់អត់យល់ការពាររបស់ខ្ញុំ គាត់ទៅនិយាយផ្ទុយពីទិសការពាររបស់ខ្ញុំ។ បើអ៊ីចឹង វាទៅជាប៉ះពាល់ដល់សិទ្ធិការពាររបស់ខ្ញុំ។ ដូច្នេះ វាអត់ឃើញអីដែលថាមានយុត្តិធម៌នោះទេ។ ហ្នឹងសុំជម្រាបអំពីមេធាវីដែលអស់លោកលោកស្រីបម្រុងចាត់តាំង ដោយគ្មានការយល់ស្របពីខ្ញុំ»។
សវនាការនៅពេលព្រឹក ជនជាប់ចោទ ខៀវ សំផន បញ្ជាក់ជូនអង្គជំនុំជម្រះថា អវត្តមានក្រុមមេធាវីការពារក្ដីលោក មិនមែនជាពហិការទេ។ ក៏ប៉ុន្តែ លោកបង្គាប់មិនឱ្យមេធាវីមកចូលរួម ព្រោះលោកឱ្យក្រុមមេធាវីនោះខំយកចិត្តទុកដាក់ខ្លាំងលើការធ្វើសារណាប្ដឹងឧទ្ធរណ៍ ជំទាស់នឹងសាលក្រមដែលកាត់ទោសលោកឱ្យជាប់ពន្ធនាគារមួយជីវិត។
ប្រធានអង្គជំនុំជម្រះសាលាដំបូង លោកចៅក្រម និល ណុន ចាត់ទុកការអវត្តមានរបស់មេធាវីការពារជនជាប់ចោទ ខៀវ សំផន នៅពេលនេះ ថាជាការរំលោភសេចក្ដីបង្គាប់របស់អង្គជំនុំជម្រះ។ ការដាក់ជម្រើសឱ្យជនជាប់ចោទ ខៀវ សំផន នៅពេលនេះ គឺជាវិធានការដំបូងដែលអង្គជំនុំជម្រះធ្លាប់ចេញការព្រមានមុនពេលចាប់ផ្ដើមសវនាការ។
រីឯអ្នកច្បាប់ខ្លះចាត់ទុកថា ការប៉ុនប៉ងតែងតាំងមេធាវីថ្មីរបស់អង្គជំនុំជម្រះ គឺខុសច្បាប់។
មេធាវីការពារក្ដីជនជាប់ចោទ ខៀវ សំផន លោក គង់ សំអុន ចាត់ទុកវិធានការរបស់អង្គជំនុំជម្រះថាខុសច្បាប់ និងប៉ះពាល់គោលការណ៍សិទ្ធិចូលរួមពេញលេញក្នុងការកាត់ក្ដីដោយយុត្តិធម៌ ដែលបណ្ដាលមកពីការបង្ខំឱ្យជនជាប់ចោទធ្វើការលើរឿងក្ដីពីរក្នុងពេលតែមួយ៖ «មិនមែនបង្ខំឱ្យ លោក ខៀវ សំផន ទទួលយកមេធាវីណាមួយដែល លោក ខៀវ សំផន មិនពេញចិត្តទេ ទាំងនៅក្រមព្រហ្មទណ្ឌរបស់យើង ទាំងច្បាប់ អ.វ.ត.ក (អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា) នេះទៀត។ ម្យ៉ាងទៀត ទាក់ទងទៅនឹងការចូលរួមរបស់ជនជាប់ចោទនៅនីតិវិធីច្បាប់បានធានាហើយថា ជនជាប់ចោទត្រូវមានសិទ្ធិពេញលេញក្នុងការចូលរួម ការការពារ ក្នុងការចូលរួមសវនាការក្ដី។ ដូច្នេះបញ្ហានេះ មិនអាចបំពានបានទេ ពីព្រោះយើងមានច្បាប់រួចហើយ។ ហេតុអីបានជាយើងត្រូវបំពានដោយបង្ខំឱ្យជនជាប់ចោទទទួលយកមេធាវី ដែលខ្លួនមិនពេញចិត្ត? នេះជាបញ្ហាមួយដែលយើងអាចមើលឃើញថា តុលាការនេះកាន់តែខុសថែមទៀត បើករណីនៅតែបន្តបង្ខំបែបនេះ»។
ទោះជាយ៉ាងណាក្ដី អង្គជំនុំជម្រះសាលាដំបូងលើកសវនាការទៅបន្តនៅថ្ងៃទី២៤ វិច្ឆិកា ទៀត ដោយទុកពេលឱ្យជនជាប់ចោទ ខៀវ សំផន ត្រឹមម៉ោង ៤ល្ងាចថ្ងៃទី១៨ វិច្ឆិកា ដើម្បីឆ្លើយតបទៅអង្គជំនុំជម្រះវិញ អំពីការសម្រេចចិត្តរបស់លោក ថាតើត្រូវបន្តបង្គាប់ឱ្យមេធាវីចូលរួមសវនាការសំណុំរឿង ០០២ វគ្គ២ ឬមិនចូលនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
