មន្ត្រីគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោក កែប ជុតិមា អតីតអភិបាលរាជធានីភ្នំពេញ បានរៀបចំទិវាគោរពវិញ្ញាណក្ខន្ធប្រជាជនដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។ ជារៀងរាល់ឆ្នាំ ពិធីនេះសាលារាជធានីភ្នំពេញ បានផ្ដួចផ្ដើមគំនិតធ្វើឡើងចំថ្ងៃទី២០ ឧសភា។
សាកសពជិត ៩ពាន់នាក់ត្រូវបានគេរកឃើញនៅក្នុងរណ្ដៅជាច្រើននៅទួលជើងឯក ជាយក្រុងភ្នំពេញ បន្ទាប់ពីកងទ័ពវៀតណាម លុកលុយកម្ពុជា បណ្ដេញរបបខ្មែរក្រហម ប៉ុល ពត ចេញពីអំណាចឆ្នាំ១៩៧៩។
ឧបាសិកា ភាវ ជា ជាពលរដ្ឋមកពីសង្កាត់ច្បារអំពៅទី១ មកចូលរួមក្នុងពិធីនេះ បានថ្លែងថា ពិធីនេះធ្វើឲ្យគាត់នឹកឃើញឡើងវិញនូវអតីតកាល៖ «មានទឹកចិត្តជ្រះថ្លា ចង់មករាប់បាត្រ បង្សុកូលឧទ្ទិសផលដល់អ្នកដែលបានស្លាប់ទៅ ញាតិទាំងអស់ ទាំងប្ដីខ្ញុំ បងខ្ញុំ ប្អូនខ្ញុំ មាមីងខ្ញុំដែលគាត់ស្លាប់ជំនាន់ ប៉ុល ពត នោះ។ ស្ដាយស្រណោះបងប្អូនសុទ្ធតែអ្នកចេះដឹងដែលគាត់ស្លាប់ទៅហ្នឹង»។
ប្រជាពលរដ្ឋមួយចំនួនមកពីតាមសង្កាត់ខណ្ឌក្នុងរាជធានីភ្នំពេញ បានរៀបចំពិធីបង្សុកូលរាប់បាត្រដើម្បីឧទ្ទិសកុសលដល់អ្នកស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ពីចន្លោះឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
