រំឭក​ខួប​ថ្ងៃ​១៧ មេសា

ប្រជាពលរដ្ឋ​ដែល​មាន​វ័យ​ជាង ៥០​ឆ្នាំ​ឡើង នៅ​ចងចាំ និង​ដក់​ក្នុង​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ថ្ងៃ​១៧ មេសា ឆ្នាំ​១៩៧៥ ដែល​របប​កុម្មុយនិស្ត ប៉ុល ពត វាយ​ផ្ដួល​រំលំ​របប​លោក​សេនា​ប្រមុខ លន់ នល់ ដែល​ប្រកាន់​របប​នយោបាយ​សេរី​ពី​ឆ្នាំ​១៩៧០ ដល់​១៩៧៥។

0:00 / 0:00

អ្នក​ស្រាវជ្រាវ​ឯករាជ្យ បញ្ជាក់​ថា ថ្ងៃ​១៧ មេសា បាន​កន្លង​ផុត​ទៅ​អស់​រយៈពេល​ជាង ៣​ទសវត្ស​ហើយ​មែន តែ​បាន​បន្សល់​ទុក​ចំណុច​អវិជ្ជមាន​ជាច្រើន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​អ្នក​ដឹកនាំ​ខ្មែរ​សព្វថ្ងៃ​ដោះស្រាយ។

១៧ មេសា ជា​រដូវ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ។ ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស ជាពិសេស​ប្រជាពលរដ្ឋ​រស់នៅ​តាម​ស្រុក​ស្រែ​ចម្ការ នាំ​គ្នា​ទៅ​វត្ត ខ្លះ​ជួប​ជុំ​គ្រួសារ​ញាតិ​មិត្ត​ជប់​លៀង​យ៉ាង​សប្បាយ​រីករាយ។ ចំណែក​នៅ​ទីក្រុង និង​ទី​ប្រជុំ​ជន​នានា មាន​សភាព​ស្ងប់ស្ងាត់​ជាង​ថ្ងៃ​ធម្មតា មិន​សូវ​មាន​មនុស្ស​ម្នា​ចរាចរ​ទៅ​មក ជាពិសេស​នៅ​រាជធានី​ភ្នំពេញ ដែល​ប្រជាពលរដ្ឋ​ប្រហែល ៤​លាន​នាក់​រស់នៅ បាន​នាំ​គ្នា​ទៅ​លេង​ចូល​ឆ្នាំ​តាម​ជនបទ​ស្ទើរ​អស់។

សភាព​ស្ងប់ស្ងាត់​ដូច្នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​វ័យ​ចំណាស់ៗ​ធ្លាប់​រស់នៅ​ភ្នំពេញ​កាល​ពី​សង្គម​ចាស់ នឹក​ភ្នក​ដល់​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​មួយ កាល​ពី​ជាង ៣០​ឆ្នាំ​មុន ក្នុង​ពេល​យុវជន​ខ្មែរ​សម័យ​នេះ​ភាគ​ច្រើន​មិន​សូវ​ជា​ចាប់​អារម្មណ៍។ នោះ គឺ​ថ្ងៃ​១៧ មេសា ឆ្នាំ​១៩៧៥ ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ពួក​កុម្មុយនិស្ត​ខ្មែរ​ក្រហម វាយ​ផ្ដួល​រំលំ​របប​លោក លន់ នល់ ហើយ​កងទ័ព​ខោ​អាវ​ខ្មៅ​ខ្មែរ​ក្រហម ចូល​កាន់​កាប់​ទីក្រុង​ភ្នំពេញ (ចម្រៀង​ខ្មែរ​ក្រហម)។ ជ័យ​ជម្នះ​នេះ មេ​ដឹកនាំ​ខ្មែរ​ក្រហម​ប្រកាស​ជា​ផ្លូវ​ការ​ប្រាប់​ពិភពលោក​ថា ជា​ថ្ងៃ​មហា​ជ័យ​ជម្នះ ជា​ប្រវត្តិសាស្ត្រ​ដ៏​មហា​អស្ចារ្យ ដែល​កម្ពុជា មិន​ធ្លាប់​មាន ហើយ​បាន​ចាប់​ផ្ដើម​បង្កើត​របប​កុម្មុយនិស្ត​មួយ​ឡើង បន្ទាប់​ពី​តស៊ូ​អាវុធ​អស់​រយៈពេល​ជាង ៥​ឆ្នាំ ប្រឆាំង​របប​សាធារណរដ្ឋ​ខ្មែរ ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក រួច​មក (ចម្រៀង​ខ្មែរ​ក្រហម)។

ស្ដាប់​ចម្រៀង​នេះ​ទៅ ធ្វើ​ឲ្យ​លោក គង់ វន នឹក​ឃើញ​ថ្ងៃ​១៧ មេសា ឆ្នាំ​១៩៧៥ ដែល​លោក​ថា​ជា​ថ្ងៃ​ដ៏​រន្ធត់​នៅ​ក្នុង​ជីវិត​របស់​លោក និង​ប្រជាពលរដ្ឋ​ខ្មែរ​ប្រហែល ២​លាន​នាក់ ត្រូវ​កងទ័ព​ខ្មែរ​ក្រហម​បណ្ដេញ​ចេញ​ពី​ទីក្រុង​ភ្នំពេញ យ៉ាង​តក់​ក្រហល់​បំផុត។ លោក គង់ វន ដែល​កាល​នោះ​ជា​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​របស់​ជប៉ុន មួយ បាន​រំលឹក​ថា ទាហាន​ខ្មែរ​ក្រហម​ក្មេងៗ​មាន​ទឹក​មុខ​មាំ បាន​សម្លុត​ប្រជាពលរដ្ឋ​ឲ្យ​ចេញ​ពី​ផ្ទះ។

ក្នុង​ទសវត្ស​ឆ្នាំ​១៩៧០ កងទ័ព​ខ្មែរ​ក្រហម ក្រោម​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​កងទ័ព​វៀតណាម ខាង​ជើង និង​យៀកកុង បាន​ធ្វើ​សង្គ្រាម​ផ្ដួល​រំលំ​របប​លោក លន់ នល់ ហើយ​បាន​ជ័យ​ជម្នះ​ថ្ងៃ​១៧ មេសា ឆ្នាំ​១៩៧៥។ ហើយ​ថ្ងៃ​ទី១៧ មេសា ឆ្នាំ​១៩៧៥ បាន​នាំ​មក​ក្ដី​សង្ឃឹម​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​រស់​នៅ​ឈឺ​ចាប់​ឆ្លង​កាត់​ភ្នក់​ភ្លើង​សង្គ្រាម​ជាង ៥​ឆ្នាំ រំពឹង​ថា​នឹង​បាន​សន្តិភាព។

ក៏ប៉ុន្តែ លោក គង់ វន រំលឹក​ថា ក្ដី​សង្ឃឹម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​នាំ​គ្នា​ចេញ​ទៅ​ឈរ​នៅ​តាម​ដង​ផ្លូវ ដើម្បី​អបអរ​ស្វាគមន៍​កងទ័ព​ខ្មែរ​ក្រហម បែរ​ជា​អស់​សង្ឃឹម​ទៅ​វិញ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក ដោយសារ​កងទ័ព​ខ្មែរ​ក្រហម​បណ្ដេញ​ប្រជាពលរដ្ឋ​ពី​ទីក្រុង មិន​បាន​ផ្ដល់​ស្បៀង​អាហារ និង​មធ្យោបាយ​ដឹក​ជញ្ជូន​ទេ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជាច្រើន​ស្លាប់​តាម​ផ្លូវ។ ក្រៅ​ពី​នេះ ក៏​មាន​ជន​ស្លូត​ត្រង់​ខ្លះ​ទៀត​ត្រូវ​ទាហាន​ខ្មែរ​ក្រហម​បាញ់​សម្លាប់​តាម​ផ្លូវ​ក៏​មាន។

មិន​ដូច​ពាក្យ​សន្យា​របស់​ខ្មែរ​ក្រហម​ទេ ប្រជាពលរដ្ឋ​ដែល​ខ្មែរ​ក្រហម​ជម្លៀស​ចេញ​ពី​ទី​ប្រជុំ​ជន ដោយ​កុហក​ថា​ចេញ​ពី​ទីក្រុង​រយៈពេល​តែ​បី​ថ្ងៃ ដោយសារ​បញ្ហា​សន្តិសុខ​នោះ មិន​មែន​ជា​ការ​ពិត​នោះ​ទេ តាម​ពិត ជា​កិច្ច​ចាប់​ផ្ដើម​គោល​នយោបាយ​របស់​ខ្មែរ​ក្រហម​ដែល​បាន​គិតគូរ​មក​ហើយ គឺ​មេ​ដឹកនាំ​ខ្មែរ​ក្រហម​បង្កើត​របប​កុម្មុយនិស្ត​មួយ ដែល​មនុស្ស​មាន​ឋានៈ​ស្មើៗ​គ្នា គ្មាន​អ្នក​មាន គ្មាន​អ្នក​ក្រ គ្មាន​ការ​ជិះ​ជាន់។ ដើម្បី​អនុវត្ត​គោល​នយោបាយ​នេះ​បាន មេ​ដឹក​នាំ​ខ្មែរ​ក្រហម ឬ​គេ​ហៅ​ថា «អង្គការ» ដែល​ក្រោយ​មក​គេ​ដឹង​ថា ប៉ុល ពត ជា​មេ​ដឹក​នាំ បាន​បំបិទ​ទីផ្សារ សាលា​រៀន មន្ទីរពេទ្យ មិន​ចាយ​ប្រាក់ បំបិទ​ជំនឿ​សាសនា ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​គ្នា​ត្រូវ​តែ​ស្លៀក​ពាក់​ឯក​សណ្ឋាន​តែ​មួយ គឺ​ពណ៌​ខ្មៅ ដែល​តំណាង​ឲ្យ​វណ្ណៈ​កសិករ និង​កម្មករ ធ្វើ​កសិកម្ម​បម្រើ​ឲ្យ​អង្គការ​តែ​មួយ។ ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​បង្ខំ​ធ្វើ​ពលកម្ម​ទាំង​យប់ ទាំង​ថ្ងៃ ក្នុង​មួយ​ថ្ងៃ​ជាង ១២​ម៉ោង លើក​ទំនប់ ជីក​ប្រឡាយ បង្ខំ​ឲ្យ​ធ្វើ​ស្រែ​ផលិត​ស្រូវ​ឲ្យ​បាន​មួយ​ហិកតារ​ពី ៣​តោន ទៅ ៧​តោន តាម​ផែន​ការ​អង្គការ​ដ៏​ភ្លឺ​ស្វាង​មហា​លោត​ផ្លោះ មហា​អស្ចារ្យ​កំណត់។

ក៏ប៉ុន្តែ របប​នេះ​ត្រូវ​បាន​កងទ័ព​វៀតណាម ផ្ដួល​រំលំ​នៅ​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩។

ក្នុង​រយៈពេល​ខ្មែរ​ក្រហម​កាន់​អំណាច​ជាង​បី​ឆ្នាំ គឺ​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជិត ២​លាន​នាក់​ស្លាប់ ក្នុង​នោះ​ត្រូវ​គេ​វាយ​សម្លាប់ អត់​អាហារ ឈឺ​គ្មាន​ថ្នាំ​ព្យាបាល ធ្វើ​ការ​បាក់​កម្លាំង​ជាដើម។

នៅ​ពេល​នេះ មេ​ខ្មែរ​ក្រហម​ដែល​សល់​ពី​ស្លាប់ កំពុង​ប្រឈម​ការ​កាត់​ទោស​លើ​ការ​ទទួល​ខុស​ត្រូវ​ជីវិត​មនុស្ស​ជិត ២​លាន​នាក់​នេះ ដែល​អ្នក​ស្រាវជ្រាវ​ឯករាជ្យ​ខ្លះ​បាន​អះអាង​ថា ថ្ងៃ​ប្រវត្តិសាស្ត្រ ១៧ មេសា បាន​បន្សល់​រឿង​អាស្រូវ​ជាច្រើន​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ជំនាន់​ក្រោយ គឺ​កេរ្តិ៍​ឈ្មោះ​ខ្មែរ​មិន​ល្អ​លើ​ពិភពលោក ការ​បែក​បាក់ ការ​ឈឺ​ចាប់ ការ​ព្រាត់ប្រាស​ក្រុម​គ្រួសារ​មក​ទល់​សព្វថ្ងៃ។

លោក កែម ឡី អ្នក​ស្រាវជ្រាវ​ឯករាជ្យ បញ្ជាក់​ថា មិន​ដូច​បទ​ចម្រៀង​ខ្មែរ​ក្រហម​ទេ ថ្ងៃ​១៧ មេសា បាន​បន្សល់​បំណុល​បរទេស​រាប់​រយ​លាន​ដុល្លារ ទុក​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​សង បន្សល់​គ្រាប់​មីន​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស​ជាដើម។

ទោះ​យ៉ាង​ណា លោក កែម ឡី រំលឹក​ថា ថ្ងៃ​១៧ មេសា ក៏​ជា​សារ​មួយ​រំលឹក​ដល់​មេ​ដឹក​នាំ​ខ្មែរ​ជំនាន់​ក្រោយ កុំ​ឲ្យ​យក​គំរូ​ដឹក​នាំ​ផ្ដាច់​ការ​តាម​ដែរ។ ក្រៅ​ពី​នេះ លោក​ក៏​បាន​រំលឹក​ថា ថ្ងៃ​១៨ មីនា ឆ្នាំ​១៩៧០ ដែល​លោក​សេនា​ប្រមុខ លន់ នល់ ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​សម្ដេច​ព្រះ នរោត្តម សីហនុ ពី​ប្រមុខ​រដ្ឋ ក៏​ជា​កំហុស​អ្នក​នយោបាយ​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ​ដែរ ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ធ្លាក់​ចូល​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម​អស់​ជាង ៣០​ឆ្នាំ​ដូច្នេះ។ លោក​ថា តាម​ពិត កម្ពុជា មាន​ឱកាស​អភិវឌ្ឍ​តាំង​ពី​ឆ្នាំ​១៩៧០ មក​ម្ល៉េះ តែ​ដោយសារ​អ្នក​នយោបាយ​ដើរ​ខុស ទើប​កម្ពុជា រងគ្រោះ​ដូច្នេះ។ លោក​ថា ទើប​តែ​ពេល​នេះ កម្ពុជា មាន​ឱកាស​ចាប់​ផ្ដើម​អភិវឌ្ឍ តែ​បើ​អ្នក​នយោបាយ​ដើរ​ខុស​ដូច​មុន កម្ពុជា នឹង​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ចាស់​ជាក់​ជា​មិន​ខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។