រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី លោក បប់ ខារ (Bob Carr) បានប្រកាសឱ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលី នឹងផ្ដល់ជំនួយថវិកាចំនួន ៣លាន ២សែន ៥ម៉ឺនដុល្លារ (៣.២៥០.០០០ដុល្លារ) ដល់សាលាក្ដីខ្មែរក្រហម។
តាមរយៈសេចក្ដីប្រកាសព័ត៌មានចេញផ្សាយថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៣ រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី លោក បប់ ខារ សរសេរថា ការផ្ដល់ជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលី ដល់សាលាក្ដីកូនកាត់ខ្មែរអន្តរជាតិមួយនេះ គឺដើម្បីគាំទ្រដំណើរការជំនុំជម្រះអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ដែលកំពុងជាប់ចោទក្នុងការទទួលខុសត្រូវចំពោះការស្លាប់របស់ពលរដ្ឋកម្ពុជា ជិត ២លាននាក់នៅក្នុងទសវត្សឆ្នាំ១៩៧០។
ទន្ទឹមគ្នានឹងការប្រកាសរបស់អូស្ត្រាលី អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ដ្រា បញ្ជាក់ថា ខាងភាគីកម្ពុជា នៅមិនទាន់ទទួលបានការសន្យាផ្ដល់ជំនួយពីប្រទេសណាមួយនៅឡើយទេ។
លោកបន្តថា ខាងភាគីកម្ពុជា ជួបប្រទះបញ្ហាអស់សាច់ប្រាក់សម្រាប់ដំណើរការសាលាក្ដី និងបើកប្រាក់ខែសម្រាប់បុគ្គលិក ចាប់ពីខែមិថុនា នេះទៅហើយ។ លោកថ្លែងទៀតថា ដោយសារខ្វះសាច់ប្រាក់ ប្រាក់ខែសម្រាប់បុគ្គលិកខាងភាគីកម្ពុជា នៅខែមិថុនា នេះ គឺបុគ្គលិកខ្លះបានទទួលពេញលេញ និងខ្លះទៀតបានទទួលត្រឹមតែ ៦៥% ទេ។ ដោយឡែកខាងភាគីអន្តរជាតិ មានថវិការហូតដល់ខែកញ្ញា ឆ្នាំ២០១៣។ លោកថា សាលាក្ដីនឹងមិនអាចដំណើរការទៅបានទេ ប្រសិនបើភាគីមួយមិនមានថវិកា។
សាលាក្ដីខ្មែរក្រហមត្រូវការថវិកាចំនួនជាង ៣៥លានដុល្លារ សម្រាប់ចំណាយក្នុងឆ្នាំ២០១៣ គឺភាគីកម្ពុជា ត្រូវការចំនួនជាង ៩លាន ៣សែនដុល្លារ (៩.៣៧០.៣០០លានដុល្លារ) និងភាគីសហប្រជាជាតិចំនួន ២៦លានដុល្លារ (២៦.០០៥.១០០លានដុល្លារ)។
សាលាក្ដីនេះកំពុងជំនុំជម្រះអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមពីររូប គឺ នួន ជា និង ខៀវ សំផន ក្នុងរឿងដែលពលរដ្ឋកម្ពុជា គ្រប់ជនជាតិជិត ២លាននាក់ បានស្លាប់ក្រោមការគ្រប់គ្រងរបស់ពួកគាត់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ ក្នុងចំណោមជនរងគ្រោះទាំងនោះ ក៏មានក្រុមខ្មែរកម្ពុជាក្រោមដែរ។ បច្ចុប្បន្ន ជនរងគ្រោះជាខ្មែរកម្ពុជាក្រោមជាច្រើនរូប កំពុងធ្វើជាដើមបណ្ដឹងរដ្ឋប្បវេណីតតាំងជាមួយអតីតមេដឹកនាំខ្មែរក្រហមទាំងនេះ។
នាយកប្រតិបត្តិអង្គការការពារជនជាតិភាគតិច លោក អាង ចាន់រិទ្ធិ ថ្លែងថា ដើមបណ្ដឹងរដ្ឋប្បវេណីជាខ្មែរកម្ពុជាក្រោមចំនួន ២៥រូប មកពីខេត្តតាកែវ នឹងចូលរួមស្ដាប់សវនាការរបស់សាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣។
បន្ទាប់ពីការឈប់សម្រាកបុណ្យជាតិ សាលាក្ដីខ្មែរក្រហមនឹងបើកសវនាការរបស់ខ្លួនជាបន្តទៀតនៅថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។