ដើម​បណ្ដឹង​រដ្ឋប្បវេណី​សំណុំ​រឿង​០០២​វគ្គ​២​ត្រៀម​ជួប​ប្រជុំ​គ្នា​រឿង​សំណង

0:00 / 0:00

ការ​កាត់​ក្តី​លើ​សំណុំរឿង ០០២ វគ្គ ២ នឹង​ចាប់​ផ្ដើម​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ក្រោយ​ពេល​អង្គ​ជំនុំ​ជម្រះ​សាលាដំបូង​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​ហៅ​ថា សាលាក្ដី​ខ្មែរ​ក្រហម ចេញ​សាលក្រម​លើ​សំណុំ​រឿង ០០២ វគ្គ ១ រួច​ហើយ។

នៅ​ពេល​ចៅក្រម​រៀបចំ​ពិនិត្យ​និង​កាត់​ក្តី​លើ​សំណុំ​រឿង ០០២ វគ្គ ២ នេះ អង្គភាព​គាំពារ ​ជនរងគ្រោះ​ក៏​មាន​គម្រោង​ជួបជុំ​ដើម​បណ្ដឹង​រដ្ឋប្បវេណី និង​អ្នក​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ទាមទារ​សំណង​ទាក់ទង​សំណុំ​រឿង ០០២ វគ្គ ២ ដែរ។

​មនុស្ស​ប្រមាណ ១០០​នាក់ ដែល​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​និង​អ្នក​ពាក់ព័ន្ធ​ទាក់ទង​សំណុំ​រឿង ០០២ វគ្គ ២ មាន​គម្រោង​ជួប​ប្រជុំ​គ្នា​នៅ​ពាក់​កណ្ដាល​ខែ​មិថុនា ដើម្បី​ពិភាក្សា​ផែនការ​ទាមទារ​សំណង។

​លោក ហង្ស វណ្ណៈ ប្រធាន​អង្គភាព​គាំពារ​ជនរងគ្រោះ​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ មិថុនា ថា ការ​ជួបជុំ​នៅ​ថ្ងៃ​ទី​១១ មិថុនា ខាង​មុខ គឺ​មាន​សមាសភាព​ដើម​បណ្ដឹង​រដ្ឋប្បវេណី អង្គការ​សង្គម​ស៊ីវិល សមាគម​ជនរងគ្រោះ អាជ្ញាធរ និង​ម្ចាស់​ជំនួយ ហើយ​ពួកគេ​មក​ជួប​ជុំ​គ្នា​ដើម្បី​កំណត់​លើ​សំណើ​គម្រោង​សំណង​ដែល​មាន​ផលប្រយោជន៍​ដល់​ជនរងគ្រោះ​នៃ​អតីត​របប​ខ្មែរក្រហម។

លោក ហង្ស វណ្ណៈ ឲ្យ​ដឹង​បន្ថែម​ថា អ្នក​ដែល​មាន​សិទ្ធិ​ទាមទារ​សំណង​បាន​ទាល់តែ​ជាដើម​បណ្ដឹង​រដ្ឋប្បវេណី។ ក្នុង​ករណី​ដែល​ជនជាប់ចោទ​គ្មាន​លទ្ធភាព​សង​តាម​ការ​ទាមទារ​នោះ គឺ​មាន​តែ​បង្កើត​គម្រោង​សំណង​តែប៉ុណ្ណោះ។

​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ចេញ​ថ្ងៃ​ទី​៤ មិថុនា ទាក់ទង​ការ​ចាប់​ផ្ដើម​ធ្វើ​ផែនការ​សម្រាប់​គម្រោង​សំណង​លើ​សំណុំ​រឿង ០០២ វគ្គ ២ បាន​សរសេរ​ជាអាទិ៍​ថា អ្នក​ពាក់ព័ន្ធ​ទាំង​អស់​ដែល​មាន​ចំណាប់​អារម្មណ៍​ស្ដីពី​គម្រោង​សំណង​នៅ​ចំពោះ​មុខ​​សាលាក្ដី​ខ្មែរក្រហម​ត្រូវ​បាន​ស្វាគមន៍​ចូល​រួម​នៅ​ក្នុង​ដំណើរការ​នោះ។ ដើម​បណ្ដឹង​រដ្ឋប្បវេណី​អាច​ទាមទារ​សំណង​ជា​លក្ខណៈ​សមូហភាព និង​ផ្លូវ​ចិត្ត​បាន។

​សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​សរសេរ​ថា ឧក្រិដ្ឋកម្ម​ជា​ច្រើន​ដែល​នឹង​ត្រូវ​ដាក់​បញ្ចូល​នៅ​ក្នុង​សវនាការ​សំណុំរឿង ០០២ វគ្គ ២ នោះ មាន​ដូចជា ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម។ អង្គភាព​គាំពារ​ជនរងគ្រោះ និង​អង្គភាព​សហ​មេធាវី​នាំ​មុខ នឹង​ស្វះស្វែង​បង្កើត​ឲ្យ​មាន​សំណើ​ផ្សេងៗ ពាក់ព័ន្ធ​ទៅ​នឹង​ព្យសនកម្ម​ដែល​ជា​ផលវិបាក​នៃ​ឧក្រិដ្ឋកម្ម​ដែល​ចោទ​ប្រកាន់ និង​បង្កើត​ឲ្យ​មាន​សំណង​ដល់​ដើម​បណ្ដឹង​រដ្ឋប្បវេណី។

​លោក អ៊ុំ រិទ្ធី ដែល​ជា​ជនរងគ្រោះ​មួយ​រូប​ក្នុង​របប​ខ្មែរក្រហម និង​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​រស់​នៅ​ខេត្ត​សៀមរាប មាន​ប្រសាសន៍​ថា ទោះ​បី​ច្បាប់​បាន​កំណត់​ថា សំណង​ដល់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៅ​សាលាក្ដី​ខ្មែរ​ក្រហម​មាន​តែ​ត្រឹម​ជា​សំណង​ផ្លូវ​ចិត្ត និង​សំណង​សមូហភាព​ក៏ដោយ ប៉ុន្តែ​ចំពោះ​រូប​លោក និង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មួយ​ចំនួន គឺ​ចង់​បាន​សំណង​ជាក់ស្ដែង ជា​ប្រាក់ ឬ​ទ្រព្យ​សម្បត្តិ​តែម្តង។

​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម មាន​ប្រសាសន៍​ថា ដើម​បណ្ដឹង​រដ្ឋប្បវេណី​លើ​សំណុំរឿង ០០២ វគ្គ ២ មាន​ជិត ៤.០០០​នាក់ ហើយ​ជនជាប់ចោទ​នៅ​ក្នុង​សំណុំ​រឿង​នេះ មាន នួន ជា និង ខៀវ សំផន។ ចំពោះ​បទ​ចោទ​វិញ មាន​ទាក់ទង​ជាមួយ​បទ​ប្រល័យ​ពូជសាសន៍​ប្រឆាំង​ជនជាតិ​ចាម និង​ជនជាតិ​វៀតណាម អង្គហេតុ​ទាក់ទង​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

​លោក នេត្រ ភក្ត្រា បាន​ឲ្យ​ដឹង​ថា ការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង ០០២ វគ្គ ២ អាច​ធ្វើ​នៅ​ចុង​ឆ្នាំ​២០១៤ នេះ។

​កាល​ពី​ថ្ងៃ​ទី​២៩ ឧសភា សាលាក្ដី​ខ្មែរ​ក្រហម​បាន​ចេញ​ផ្សាយ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា សាលក្រម​លើ​សំណុំ​រឿង ០០២ វគ្គ ១ នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​៧ សីហា ខាង​មុខ។ បទ​ចោទ​ប្រកាន់​នានា​នៅ​ក្នុង​សំណុំ​រឿង ០០២ វគ្គ ១ នោះ​ផ្ដោត​ទៅ​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ដែល​ពាក់ព័ន្ធ​នឹង​ការ​ផ្លាស់​ទីលំនៅ​ប្រជាជន​ដោយ​បង្ខំ​ចេញពី​ភ្នំពេញ នៅ​ខែ​មេសា ឆ្នាំ​១៩៧៥ និង​ការ​ផ្លាស់​ប្រជាជន​ចេញ​ពី​តំបន់​ផ្សេងៗ ក្នុង​ដំណាក់កាល​ក្រោយ​មក​ទៀត និង​បទ​ចោទ​ទាក់ទង​ការ​សម្លាប់​ទាហាន​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​នៅ​ទួល​ពោធិ៍ជ្រៃ ក្នុង​ខេត្ត​ពោធិ៍សាត់។

​មក​ទល់​ពេល​នេះ គេ​មិន​ទាន់​ដឹង​ថា ជនជាប់ចោទ​ទាំង ២​រូប មាន​ពិរុទ្ធភាព និង​ត្រូវ​ផ្ដន្ទាទោស​កម្រិត​ណា​នៅ​ឡើយ​ទេ ប៉ុន្តែ​កន្លង​មក ដើម​បណ្ដឹង​រដ្ឋប្បវេណី​ធ្លាប់​ប្ដឹង​និង​ទាមទារ​ឲ្យ​ចៅក្រម​ផ្ដន្ទាទោស​ជា​ទម្ងន់​ដាក់​ពន្ធនាគារ​មួយ​ជីវិត និង​មាន​សំណង​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។