អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម កំពុងដំណើរការសវនាការលើសំណុំរឿងលេខ ០០២ វគ្គ ២ ដែលមានជនជាប់ចោទជាអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ២រូប គឺ នួន ជា និង ខៀវ សំផន។
ស្របពេលគ្នានេះដែរ សំណុំរឿងលេខ ០០៣ និង ០០៤ មានជនសង្ស័យអតីតមេដឹកនាំខ្មែរក្រហមចំនួន ៣រូបហើយ ដែលត្រូវសហចៅក្រមស៊ើបអង្កេតអន្តរជាតិ សម្រេចចោទប្រកាន់ និងដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ។ ប៉ុន្តែអ្នកទាំងនោះ មិនបានចាប់ខ្លួននៅឡើយទេ។
មន្ត្រីនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា រហូតមកដល់ពេលនេះ នៅមិនទាន់មានព័ត៌មានប្រាកដថា សហចៅក្រមស៊ើបអង្កេតចេញដីកាចាប់ខ្លួន ឬយ៉ាងទេ គឺអាស្រ័យដោយការអនុវត្តច្បាប់ជាតិ ឬច្បាប់របស់សាលាក្ដី៖ «បាទ! ទាក់ទងជាមួយនីតិវិធីនៃការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ ឬមួយក៏ចាប់ខ្លួននេះ គឺនីតិវិធីទាំងពីរនេះមានលក្ខណៈផ្សេងគ្នា ហើយចំពោះការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ បើយើងតាមនីតិវិធីនៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា របស់យើង គឺជនដែលត្រូវចោទហ្នឹង គឺនៅមានសេរីភាព គឺមានន័យថា មិនត្រូវបានចាប់ខ្លួនទេ។ ក៏ប៉ុន្តែការអនុវត្តនៅក្នុងសាលាក្ដីខ្មែរក្រហម យោងតាមវិធានផ្ទៃក្នុង នៅក្នុងករណីដែលមានភាពចាំបាច់ គឺសហចៅក្រមស៊ើបអង្កេត គាត់អាចចេញដីកាចាប់ខ្លួនបាន។ ក៏ប៉ុន្តែទាក់ទងនឹងករណីទាំងពីរនេះ ខ្ញុំមិនទាន់មានព័ត៌មាននៅឡើយទេថា តើមានការចេញដីកាចាប់ខ្លួន ឬមួយក៏យ៉ាងម៉េច ពីព្រោះថា វាឋិតនៅក្នុងដំណាក់កាលស៊ើបអង្កេត និងការសម្ងាត់របស់សហចៅក្រមស៊ើបអង្កេត»។
សហចៅក្រមស៊ើបអង្កេតអន្តរជាតិ កាលពីដើមខែមីនា នេះ បានដាក់អតីតមេដឹកនាំខ្មែរក្រហម ២រូប គឺលោក មាស មុត និងអ្នកស្រី អឹម ចែម ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។ នៅថ្ងៃទី២៧ មីនា ជនសង្ស័យម្នាក់ទៀត ឈ្មោះ អោ អាន ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ។
លោក មាស មុត ជាជនសង្ស័យនៅក្នុងសំណុំរឿង ០០៣ រីឯអ្នកស្រី អឹម ចែម និងលោក អោ អាន ត្រូវបានដាក់ជាជនសង្ស័យ ក្នុងសំណុំរឿង ០០៤។
លោក នេត្រ ភក្ត្រា ថ្លែងថា ករណីទាំងនេះនៅក្នុងការស៊ើបអង្កេតនៅឡើយទេ។ លោកថា រហូតដល់ការស៊ើបអង្កេតចប់ ទើបអាចមានសេចក្ដីសម្រេចលើកលែងការចោទប្រកាន់ ឬត្រូវបញ្ជូនទៅតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
