អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី១០ ខែកុម្ភៈ បន្តសវនាការស្ដាប់សក្ខីកម្មអ្នកជំនាញស្រាវជ្រាវអំពីការសម្លាប់ជនជាតិចាម នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ អ្នកជំនាញឈ្មោះ អ៊ីសា ឧស្មាន ជាអ្នកស្រាវជ្រាវអំពីប្រវត្តិនៃការបះបោររបស់ជនជាតិចាម នៅក្នុងរបបនោះ។
លោក អ៊ីសា ឧស្មាន នៅថ្ងៃទី១០ កុម្ភៈ ត្រូវបានអង្គជំនុំជម្រះសាលាដំបូងសួរដេញដោលអំពីការស្រាវជ្រាវរបស់លោក ទាក់ទងនឹងការបោសសម្អាតជនជាតិចាម និងការបង្ក្រាបរបស់ពួកខ្មែរក្រហម បន្ទាប់ពីការបះបោរនៅក្នុងស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។
លោកបង្ហាញពីការស្រាវជ្រាវរបស់លោកដែលរកឃើញថា ពួកខ្មែរក្រហមចាប់ផ្ដើមសម្លាប់ជនជាតិចាម នៅតំបន់នោះ ចាប់តាំងពីឆ្នាំ១៩៧៣។ ការសម្លាប់ជនជាតិចាម មានទ្រង់ទ្រាយ និងស្ថានភាពខុសៗ គ្នា តាមដំណាក់កាលនីមួយៗ។
ប៉ុន្តែលោក អ៊ីសា ឧស្មាន បញ្ជាក់ថា ការសម្លាប់នៅឆ្នាំ១៩៧៧ និងឆ្នាំ១៩៧៨ មានស្ថានភាពធ្ងន់ធ្ងរដោយសារតែពួកខ្មែរក្រហមសម្លាប់ជនជាតិចាម ទូទៅដោយមិនរើសមុខ៖ «ពី១៩៧៥ ដល់ ១៩៧៧ គឺសម្លាប់មិនខុសពីបងប្អូនខ្មែរប៉ុន្មានទេ គឺសម្លាប់អ្នកដែលប្រឆាំង។ បានន័យថា អ្នកដែលមិនទាន់លះបង់សាសនា អ្នកណាដែលនៅរឹងទទឹង ដែលប្រឆាំងនឹងបដិវត្តន៍ នឹងបញ្ជាឱ្យហូបសាច់ជ្រូក ប្រឆាំងនឹងការនិយាយចាម ប្រឆាំងនឹងការដូរឈ្មោះជាដើម។ ដូច្នេះ គេសម្លាប់អ្នកដែលប្រឆាំងជាមួយគេ។ អាហ្នឹង ១៩៧៥ ទៅដល់ ១៩៧៧។ តែឆ្នាំ ១៩៧៧ ដល់ ១៩៧៨ ឱ្យតែនរណាជាចាម គឺត្រូវបានសម្លាប់ទាំងអស់ អត់មានលើកលែង»។
លោកមានប្រសាសន៍ថា កាលពីឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៥ ពួកខ្មែរក្រហមបានសម្លាប់ជនជាតិណាដែលលេចធ្លោជាងគេនៅក្នុងតំបន់នោះ ដូចជាថ្នាក់ដឹកនាំសាសនា អ្នកដែលចេះដឹងសាសនា គ្រូបង្រៀនសាសនា សិស្សសាសនា សម្លាប់អ្នកមានមុខមាត់នៅក្នុងភូមិ អ្នកដែលគេគោរពកោតសរសើរនៅក្នុងភូមិ និងអ្នកមានជីវភាពខ្ពង់ខ្ពស់នៅក្នុងភូមិ។
លោកអះអាងថា ការសម្លាប់ជនជាតិចាម នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះឆ្នាំ ១៩៧៨ គឺសំដៅលើជាតិសាសន៍ ពីព្រោះជនជាតិចាមនៅស្រុកកងមាស ខេត្តកំពង់ចាម ដែលជាភូមិភាគកណ្ដាលក៏ត្រូវគេប្រមូលយកទៅសម្លាប់ទាំងអស់ បើទោះជាមិនពាក់ព័ន្ធអ្វីទៅនឹងជម្លោះផ្ទៃក្នុងរវាងភូមិភាគបូព៌ា និងមជ្ឈិមបក្សកុម្មុយនិស្តកម្ពុជាក៏ដោយ៖ «ដូចជានៅស្រុកកងមាស ស្រុកស្ទឹងត្រង់ ដែលមិនមែនស្ថិតនៅក្នុងភូមិភាគបូព៌ាទេ ស្រុកពីរហ្នឹងស្ថិតនៅក្នុងភូមិភាគកណ្ដាល ក៏ត្រូវគេបោសសម្អាតដូចគ្នា។ អ៊ីចឹងបានន័យថា ការបោសសម្អាតនេះអត់មានពាក់ព័ន្ធនយោបាយនៃការបោសសម្អាតរបស់ថ្នាក់លើទៅដល់ប្រជាជន ឬក៏កម្មាភិបាល កងទ័ពនៃភូមិភាគបូព៌ានោះទេ គឺបោសសម្អាតតែទៅលើប្រជាជនចាម»។
ដូចគ្នានៅក្នុងសវនាការមុនៗដែរ សាក្សីជាជនជាតិចាម ជាច្រើននាក់មកពីស្រុកកងមាស បានជម្រាបអង្គជំនុំជម្រះសាលាដំបូងថា ជនជាតិចាម ទាំងចាស់ទាំងក្មេង ត្រូវបានពួកខ្មែរក្រហមប្រមូលទៅសម្លាប់នៅមន្ទីរសន្តិសុខវត្តអូរត្រកួន នៅឆ្នាំ១៩៧៨នោះ។
ទាក់ទងនឹងការបះបោរនៅភូមិកោះផល និងភូមិស្វាយឃ្លាំង នៅឆ្នាំ១៩៧៥ ក្នុងស្រុកក្រូចឆ្មារ ទាំងសាក្សី និងអ្នកជំនាញ អ៊ីសា ឧស្មាន អះអាងថា មានជនជាតិចាម ជាច្រើននាក់ ត្រូវបានគេប្រមូលយកទៅសម្លាប់។ អ្នកដែលនៅសល់ពីការសម្លាប់ត្រូវបានគេជម្លៀសទៅតំបន់ផ្សេង ហើយបង្ខំឱ្យលះបង់សាសនា និងកែប្រែខ្លួនជាជនជាតិខ្មែរ។
សវនាការស្ដាប់សក្ខីកម្មរបស់អ្នកជំនាញ លោក អ៊ីសា ឧស្មាន ត្រូវបានលើកទៅបន្តនៅព្រឹកថ្ងៃពុធ ទី២ ខែមីនា ទៀត។ នៅសប្ដាហ៍ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ កុម្ភៈ អង្គជំនុំជម្រះសាលាដំបូងនឹងមិនធ្វើសវនាការទេ ព្រោះតុលាការកំពូលនឹងធ្វើសវនាការលើបណ្ដឹងសាទុក្ខក្នុងសំណុំរឿង ០០២ វគ្គ ១។ សប្ដាហ៍បន្ទាប់ទៀត គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ កុម្ភៈ អង្គជំនុំជម្រះសាលាដំបូងនឹងធ្វើសវនាការលើការដាក់ឯកសារគន្លឹះ ពាក់ព័ន្ធនឹងការប្រព្រឹត្តលើមនុស្សដែលជាក្រុមគោលដៅជាក់លាក់របស់របបកម្ពុជាប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
