អង្គជំនុំជម្រះសាលាដំបូងនៅថ្ងៃទី៩ ខែមីនា បានសួរដេញដោលសាក្សីមួយរូបមកពីស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ អំពីការឃើញហេតុការណ៍នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ទាក់ទងហេតុការណ៍សម្លាប់ជនជាតិចាម និងជនជាតិវៀតណាម។
សាក្សី សឡេះ អះម៉ាត់ ហៅ វ៉ាន់ ម៉ាត់ ជាសាក្សីមួយរួបក្នុងចំណោមសាក្សីដទៃទៀត ដែលអង្គជំនុំជម្រះសាលាដំបូង បានកោះហៅឲ្យមកឆ្លើយបំភ្លឺនៅក្នុងអង្គសវនាការទាក់ទងនឹងការធ្វើទុក្ខបុកម្នេញលើជនជាតិចាម នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
នៅក្នុងសវនាការថ្ងៃទី៨ ខែមីនា នេះ លោក វ៉ាន់ ម៉ាត់ ដែលនៅក្នុងរបបខ្មែរក្រហម មានអាយុប្រមាណ ១៧ឆ្នាំ ហើយមានស្រុកកំណើតនៅភូមិជីនីក ស្រុកក្រូចឆ្មារ នោះ បានរៀបរាប់ថា ខ្មែរក្រហមមិនត្រឹមតែសម្លាប់ថ្នាក់ដឹកនាំ និងជនជាតិចាម ប៉ុណ្ណោះទេ តែក៏បានបំផ្លាញវប្បធម៌ សាសនាឥស្លាមរបស់ជនជាតិចាម ទៀតផង។
ទាំងសហព្រះរាជអាជ្ញាជាតិ និងអន្តរជាតិ បានសួរដេញដោលលោក វ៉ាន់ ម៉ាត់ ដោយតម្រូវឲ្យលោកស្បថស្បែនៅចំពោះមុខគម្ពីរគួរអាន ដើម្បីឲ្យសាក្សីរួបនេះ និយាយពីអ្វីដែលលោកបានដឹងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ពិសេសគឺការធ្វើទុក្ខបុកម្នេញលើជនជាតិចាម និងការបះបោររបស់ជនជាតិចាម ប្រឆាំងនឹងខ្មែរក្រហម ដូចជានៅភូមិកោះផល និងនៅភូមិទ្រា ជាដើម៖ «វ៉ាន់ ម៉ាត់៖ ខ្មែរក្រហមមិនឲ្យប្រតិបត្តិសាសនា បង្ខំឲ្យយកគម្ពីរដុតចោល និងជម្លៀសឲ្យនៅខែត្របាត់ដំបង ជាដើម។ សហព្រះរាជអាជ្ញា៖ ឥឡូវនេះខ្ញុំសូមបន្តទៅប្រធានបទមួយថ្មីទៀត តើលោកដឹងទេ អំពីការតវ៉ាដែលកើតឡើងនៅស្វាយឃ្លាំង នៅកោះផល នៅចុងឆ្នាំ៧៥ (១៩៧៥) តើលោកដឹងទេ? វ៉ាន់ ម៉ាត់៖ ខ្ញុំដឹងដែរ តែអត់ច្បាស់ណាស់ គ្រាន់តែដឹងតៗគ្នា ព្រោះខ្មែរក្រហមមិនឲ្យទាក់ទងគ្នា។ សហព្រះរាជអាជ្ញា៖ ពេលខ្មែរក្រហមចូលមកដល់ហើយ តែមុនពេលមានការបះបោរដូច្នេះនៅចន្លោះពេលហ្នឹង តើមានការចាប់ខ្លួនជនជាតិចាម នៅភូមិជីនីក ដែរទេ? វ៉ាន់ ម៉ាត់៖ មានគឺចាប់ទាំងអស់នៅជីនីក កោះផល គេថា មេស៊ី.អាយ.អា គេចាប់យកទៅដាក់នៅមន្ទីរសន្តិសុខនៅស្រុកក្រូចឆ្មារ យកទៅបាត់ដល់ពេលឥឡូវហ្នឹង»។
នៅក្នុងសវនាការសំណុំរឿង ០០២ វគ្គ ២ នៅថ្ងៃទី៩ ខែមីនា នេះ ជនជាប់ចោទ នួន ជា មិនបានចូលរួមនោះទេ ដោយសារលោកមានបញ្ហាសុខភាព។ អង្គជំនុំជម្រះសាលាដំបូងនៅពេលនេះ កំពុងធ្វើសវនាការពិនិត្យដេញដោលលើភស្តុតាង និងសួរដេញដោលសាក្សីប្រឆាំងនឹងលោក នួន ជា និងជនជាប់ចោទ ខៀវ សំផន ទាក់ទងនឹងការសម្លាប់ជនជាតិភាគតិចចាម និងវៀតណាម។
នៅក្នុងរបបខ្មែរក្រហម ខ្មែរក្រហមរឹតត្បិត និងមិនអនុញ្ញាតឲ្យជនជាតិចាម ប្រតិបត្តិសាសនាឡើយ។ ការរឹតត្បិត និងការធ្វើទុក្ខបុកម្នេញនេះ បានជំរុញឲ្យជនជាតិចាម រស់នៅភូមិមួយចំនួនតាមដងទន្លេមេគង្គ ខែត្រកំពង់ចាម បច្ចុប្បន្នខែត្រត្បូងឃ្មុំ នោះ ងើបបះបោរប្រឆាំងនឹងខ្មែរក្រហម ដូចជានៅភូមិកោះផល ស្វាយឃ្លាំង និងភូមិទ្រា ជាដើម។
ឯកសារស្រាវជ្រាវរបស់លោកនាយករងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា លោក អេង កុងថាយ បានសរសេរថា ជនជាតិចាម នៅភូមិកោះផល បានងើបបះបោរប្រឆាំងនឹងខ្មែរក្រហមមុនគេ។ បន្ទាប់មកទៀត ជនជាតិចាម នៅភូមិស្វាយឃ្លាំង ងើបឡើងបះបោរតទល់នឹងការធ្វើបាបរបស់ខ្មែរក្រហមទៀត។
ទាំងនៅក្នុងឯកសារស្រាវជ្រាវនេះ និងការអះអាងរបស់សាក្សី វ៉ាន់ ម៉ាត់ នៅក្នុងអង្គសវនាការបានលើកឡើងដូចគ្នាថា ក្រោយពីជនជាតិចាម បានងើបបះបោរនោះ គឺខ្មែរក្រហមមានផែនការកម្ទេចជនជាតិចាម បំផ្លាញគម្ពីរគួរអាន និងចាប់មេដឹកនាំនៅក្នុងភូមិទាំងនោះយកទៅសម្លាប់ចោល។
រីឯកសារស្រាវជ្រាវលើជនជាតិចាម របស់លោក អ៊ីសា អូស្មាន វិញ បង្ហាញថា ប្រជាពលរដ្ឋចាម នៅភូមិកោះផល នៅក្នុងឆ្នាំ១៩៧៥ មានចំនួន ១.៨៦៤នាក់ តែនៅឆ្នាំ១៩៧៩ នៅសល់តែ ១៨០នាក់។
ជនជាតិចាម នៅភូមិស្វាយឃ្លាំង នៅឆ្នាំមុនរបបខ្មែរក្រហមឆ្នាំ១៩៧៥ មាន ១.២៤០គ្រួសារ ក្រោយរបបខ្មែរក្រហមនៅសល់ ១២០គ្រួសារ។ លោក អ៊ីសា អូស្មាន អះអាងថា ជនជាតិចាម ត្រូវបានខ្មែរក្រហមសម្លាប់នៅទូទាំងប្រទេសមានជាង ៤សែននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
