អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃអង្គារ ទី២៨ ខែមិថុនា បន្តសវនាការស្ដាប់សក្ខីកម្មរបស់ជនរងគ្រោះមួយរូប ឈ្មោះ ឈុន សាម៉ន។ លោក ឈុន សាម៉ន សុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីរកយុត្តិធម៌នៅក្នុងសំណុំរឿង ០០២ វគ្គ ២ ប្រឆាំងជនជាប់ចោទ នួន ជា និង ខៀវ សំផន។
លោក ឈុន សាម៉ន មកពីខេត្តស្វាយរៀង ដែលអតីតជាអ្នកស៊ើបការណ៍នៃកងទ័ពពិសេសខ្មែរក្រហម នៅថ្ងៃទី២៨ ខែមិថុនា សុំឱ្យអង្គជំនុំជម្រះសាលាដំបូងរកយុត្តិធម៌ដល់មិត្តរួមអាវុធជាមួយលោក ដែលពួកយោធាខ្មែរក្រហមយកទៅសម្លាប់កាលពីឆ្នាំ១៩៧៨៖ «សុំលោកប្រធានជួយរកយុត្តិធម៌ឱ្យខាងក្រុមទាហានបូព៌ាហ្នឹង គឺគ្នាវេទនាណាស់។ សម្លាប់លើសសត្វពាហនៈទៀត។ គ្នានៅសល់តែខោខ្លីដៃជាប់ចំណងដោតទាំងខ្សែនៅតាមប្រហោងក្លៀកទៀត។ វេទនាណាស់! រីឯខ្ញុំរត់រួច ក្រុម ៣នាក់ បានត្រូវរបួសម្នាក់ទៀត។ នេះចាការចាក់ស្ដែង»។
ដើមបណ្ដឹងរដ្ឋប្បវេណីរូបនេះរៀបរាប់ថា លោក និងសមាជិកកងទ័ពនៅភូមិភាគបូព៌ា ត្រូវបានកងទ័ពពីកងពល ៧០៣ របស់គណៈមជ្ឈិមបក្សកុម្មុយនិស្តកម្ពុជា បញ្ឆោតចាប់ខ្លួនយកទៅសម្លាប់ដោយប្រាប់ថា ឱ្យទៅរៀនសូត្រយុទ្ធសាស្ត្រយោធាបន្ថែម។
លោក ឈុន សាម៉ន ប្រាប់ថា ពួកលោកត្រូវបានគេចោទថា ជាអ្នកមាននិន្នាការនយោបាយត្រូវខាងវៀតណាម ដែលលោកមិនដឹងអីសោះ៖ «ពេលចាប់ចងខ្ញុំហ្នឹងខ្ញុំភ័យតក់ស្លុតណាស់។ ខ្ញុំសុំអង្វរគេថា ខ្ញុំជាយុទ្ធជនកូនទាហានសុទ្ធសាធទេ អត់មានដឹងរឿងអ្វីទាំងអស់។ សូមបក្សជួយរកយុត្តិធម៌ផង។ បើក្បត់ ក្បត់តែមេៗ ទេ។ ខ្ញុំបានតវ៉ាអ៊ីចឹង។ ដល់រួចទៅ មានកូនទាហានម្នាក់ឈរក្បែរនោះ គេយកអាកាស្ទុះមកវាយខ្ញុំត្រូវដៃស្ដាំហ្នឹងឱ្យពិការដៃ ហើយជេរខ្ញុំថា ពួកហ្អែង ពួកអាក្បត់បក្ស! ក្បាលយួនខ្លួនខ្មែរ។ ពួកខ្ញុំហ្នឹងសុទ្ធតែពួកស្មោះត្រង់នៅកងទ័ពសមរភូមិទាំងអស់គ្នា ហើយគ្មានដឹងរឿងអ្វីទាំងអស់។ សុខចិត្តបូជាជីវិត វាយហើយមេបញ្ជាថា ឥឡូវអាក្បាលយួនខ្លួនខ្មែរ អាក្បត់បក្ស ស្រាតខោអាវវាឱ្យអស់ ទុកតែខោខ្លីបានហើយ។ ពេលហ្នុងគ្នាខ្ញុំ ២៩នាក់ សល់តែខ្លួនទទេទេលោកប្រធាន!»។
លោកអះអាងថា កម្មាភិបាលមូលដ្ឋាន និងកងទ័ពនៅតំបន់ ២៣ ក្នុងភូមិភាគបូព៌ាគ្រប់ថ្នាក់ ត្រូវបានចាប់ខ្លួនយកទៅបាត់ បន្ទាប់ពីការប្រយុទ្ធគ្នាជាមួយកងទ័ពគណៈមជ្ឈិម ដែលលោកហៅថា ជារដ្ឋប្រហារនៅក្នុងខែសីហា ឆ្នាំ១៩៧៨។
លោកឱ្យដឹងថា មេបញ្ជាការរបស់លោក ឈ្មោះ ហួរ ត្រូវបានអង្គការប្រាប់ឱ្យមករៀនសូត្រ ហើយបាត់ខ្លួនរហូត៖ «អត់មានចុះទៅចាប់នៅសមរភូមិទេ មានតែហៅមករៀនសូត្រ គឺចាប់ចងបញ្ចូលមកតែម្ដង។ ទៅសមរភូមិយ៉ាងម៉េចបាន បើកាំភ្លើងគ្រប់ដៃ។ កាំភ្លើងគ្រប់គ្នា ទៅចាប់ឆៅម៉េចបាន មានតែហៅមករៀនសូត្រទាំងអស់។ ភាគច្រើន គឺហៅមករៀនសូត្រ អត់ដែលបានជួបសោះលោកប្រធាន។ បើជួបក៏នៅតែស្គាល់គ្នាដែរ។ អត់ដែលបានជួប បាត់ទាំងអស់»។
សវនាការនៅថ្ងៃទី២៨ ខែមិថុនា សហព្រះរាជអាជ្ញាបង្ហាញបញ្ជីអ្នកទោសនៅគុកទួលស្លែងថា ឈ្មោះ ជិន គឹមហួរ ប្រធានកងអនុសេនាតូចស៊ើបការណ៍នៃកងវរសេនាធំលេខ ១១២ ត្រូវបានគេចាប់បញ្ជូនចូលមន្ទីរស-២១ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ១៩៧៨ ហើយត្រូវបានគេសម្លាប់នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ១៩៧៨ នោះ។
លោក ឈុន សាម៉ន ថ្លែងថា យោធាក្នុងកងពិសេសរបស់លោកមានគ្នាប្រហែលជា ១៥០នាក់។ អ្នកនៅក្នុងក្រុមរបស់លោកចំនួន ២៩នាក់ គេយកទៅសម្លាប់នោះ មានតែលោក ៣នាក់ទេ ដែលនៅរស់ក្រោយរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩។ ដើមបណ្ដឹងរដ្ឋប្បវេណី ឈុន សាម៉ន នឹងបន្តសក្ខីកម្មរបស់លោកទៀត នៅថ្ងៃពុធ ទី២៩ ខែមិថុនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
