អង្គជំនុំសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅកាត់សាលាក្ដីខ្មែរក្រហមនឹងបើកសវនាការបឋមបន្ថែមមួយទៀតលើសំណុំរឿង ០០២ វគ្គ ០២ (002/02) ប្រឆាំងនឹងជនជាប់ចោទ នួន ជា និង ខៀវ សំផន នៅព្រឹកថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០១៤។ ប៉ុន្តែបើសិនចាំបាច់សវនាការនេះនឹងបន្តទៅថ្ងៃទី៣១ ខែកក្កដា ទៀត។
សេចក្ដីប្រកាសព័ត៌មានសាលាក្ដីខ្មែរក្រហម ចុះថ្ងៃទី២៨ ខែកក្កដា ឲ្យដឹងថា សវនាការនេះ អង្គជំនុំសាលាដំបូងនឹងពិចារណាលើបញ្ហាមួយចំនួនដូចជា៖ ការបញ្ជាក់បន្ថែមលើបញ្ហាសំណងរដ្ឋប្បវេណី។ បញ្ហាអញ្ញត្រកម្ម និងការពិនិត្យទៅលើបញ្ហាច្បាប់នានា ដែលពាក់ព័ន្ធនឹងសំណុំរឿង ០០២/០២ និងការកំណត់លំដាប់លំដោយនៃកិច្ចដំណើរការនីតិវិធីជំនុំជម្រះក្តី និងការពិនិត្យបឋមលើសាក្សីដែលមានសក្ដានុពលដើមបណ្ដឹងរដ្ឋប្បវេណីនិងអ្នកជំនាញ។
សាលាក្ដីខ្មែរក្រហមបញ្ជាក់ថា សវនាការនេះត្រូវធ្វើឡើងជាសាធារណៈ ប៉ុន្តែប្រសិនបើការពិភាក្សាលើសាក្សីដែលមានសក្ដានុពល ដើមបណ្ដឹងរដ្ឋប្បវេណី និងអ្នកជំនាញត្រូវធ្វើឡើងជាអសាធារណៈនោះ សវនាការអសាធារណៈនោះ នឹងធ្វើឡើងនៅចុងបញ្ចប់នៃសវនាការ។
សំណុំរឿង ០០២ វគ្គ ០២ គឺជាការជំនុំជម្រះក្ដីដំណាក់កាលទី២ ដែលបំបែកចេញមកពីដីកាដំណោះស្រាយក្នុងសំណុំរឿង០០២។ អង្គជំនុំសាលាដំបូងបានសម្រេចបំបែកបទចោទនៅក្នុងសំណុំរឿង ០០២ ឲ្យទៅជាការជំនុំជម្រះក្ដីពីរ ឬច្រើន ជាមួយការជំនុំជម្រះក្ដីដំណាក់កាលទី១ ដែលបានផ្ដល់នូវមូលដ្ឋានគ្រឹះសម្រាប់ការជំនុំជម្រះក្ដីបន្តបន្ទាប់ ហើយនឹងចេញសាលក្រមលើបទចោទដែលពាក់ព័ន្ធតាមដំណាក់កាលនីមួយៗ។ ជនជាប់ចោទក្នុងសំណុំរឿង ០០២ វគ្គ ០២ មានលោក នួន ជា អតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា និង ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ។
បទចោទនៅក្នុងសំណុំរឿង ០០២ វគ្គ ០២ រួមមានបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍លើជនជាតិចាម និងវៀតណាម។ ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ បទចោទទាំងនេះមានមូលដ្ឋានលើការចោទប្រកាន់ទាក់ទងនឹងមន្ទីរសន្តិសុខចំនួន ៤ ការដ្ឋានការងារចំនួន ៣ និងសហករណ៍ចំនួន១។
សំណុំរឿង ០០២ វគ្គ ០២ គឺជាការបន្តនីតិវិធីពីសំណុំរឿង ០០២ វគ្គ ០១។ សាលាដីកាលើសំណុំរឿង ០០២ វគ្គ ០១ នឹងត្រូវប្រកាសនៅថ្ងៃទី៧ ខែសីហា ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
