មេធាវី​ជន​ជាប់​ចោទ​សំណុំ​រឿង​០០៤​បារម្ភ​ពី​ការ​កាត់​ក្ដី​មិន​យុត្តិធម៌

ក្រុម​មេធាវី​ការ​ពារ​ក្ដី​ជន​ជាប់​ចោទ​ក្នុង​សំណុំ​រឿង​លេខ ០០៤ នៅ​សាលាក្ដី​ខ្មែរក្រហម ព្រួយ​បារម្ភ​ចំពោះ​ការ​កាត់​ក្ដី​ដោយ​យុត្តិធម៌ និង​ការ​​ធានា​បាន​​ភាព​ត្រឹមត្រូវ​នៃ​រដ្ឋបាល​យុត្តិធម៌​ពី​សាលាក្ដី​នេះ។

ការ​ព្រួយ​បារម្ភ​គឺ​ធ្វើ​តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុម​អ្នក​ការពារ​ក្ដី​ជន​សង្ស័យ ក្នុង​សំណុំ​រឿង​ក្ដី​លេខ ០០៤ ដែល​មិន​បញ្ចេញ​អត្តសញ្ញាណ​មួយ​រូប បន្ទាប់​ពី​សហ​ចៅក្រម​ស៊ើប​អង្កេត​បន្ត​បដិសេធ មិន​ឱ្យ​មេធាវី​ការពារ​ក្ដី​ទាំង​នេះ បាន​មើល​ឯកសារ​សំណុំរឿង។

ក្រុម​​ការពារ​ក្ដី​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​ក្ដី​លេខ ០០៤ ដែល​មាន​លោក​មេធាវី មុំ លុជ្ស និង​លោក​មេធាវី ហ្គរ៉ាន ស៊្លូតធើរ (Goran Sluiter) បាន​សរសេរ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន ​នៅ​ថ្ងៃ​ទី​៨ មករា ថា ជន​សង្ស័យ​ត្រូវ​តែ​បាន​ប្រាប់​ឱ្យ​ដឹង​ខ្លួន​ថា គាត់​ជាប់​សង្ស័យ ហើយ​បាន​មើល​សំណុំរឿង។ ការ​បដិសេធ​មិន​ឱ្យ​គាត់​មើល​សំណុំ​រឿង គឺ​ជា​ការ​មិន​គោរព​សិទ្ធិ និង​ប្រយោជន៍​របស់​គាត់។ ជា​ពិសេស ប៉ះពាល់​សិទ្ធិ​របស់​ជន​សង្ស័យ​ក្នុង​ការ​ទទួល​បាន​ការ​កាត់​ក្ដី​ដោយ​យុត្តិធម៌ ព្រោះ​ថា មាន​តែ​ការ​បាន​មើល​សំណុំរឿង​ទេ ដែល​អាច​ឱ្យ​ក្រុម​អ្នក​ការពារ​ក្ដី រៀបចំ​ការ​ការពារ​ក្ដី​បាន​ល្អ និង​មាន​ប្រសិទ្ធភាព។

លើស​ពី​នេះ​ទៀត ការ​មើល​ឯកសារ​សំណុំរឿង​ជា​ការ​ការពារ​ផល​ប្រយោជន៍​រដ្ឋបាល​យុត្តិធម៌ ព្រោះ​បាន​អនុញ្ញាត​ឱ្យ​ក្រុម​ការពារ​ក្ដី បាន​ចូល​រួម​ក្នុង​កិច្ច​ស៊ើប​អង្កេត ដើម្បី​ធានា​នូវ​ការ​ស៊ើប​អង្កេត​មួយ​ស្មើ​ភាព និង​មិន​លំអៀង។

ក្រុម​មេធាវី​ការ​ពារ​ក្ដី​បញ្ជាក់​ថា កិច្ច​ស៊ើប​អង្កេត​សំណុំ​រឿង ០០៤ គួរ​តែ​ធ្វើ​ក្នុង​រូបភាព​យុត្តិធម៌ និង​មាន​តម្លា​ភាព បើ​មិន​ដូច្នេះ​ទេ គួរ​ទម្លាក់​ចោល​ការ​ស៊ើប​អង្កេត​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។