សេចក្ដីប្រកាសព័ត៌មានរបស់សាលាក្ដីខ្មែរក្រហម ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឱ្យដឹងថា គម្រោងថវិកាសម្រាប់ចំណាយរយៈពេល ២ឆ្នាំ គឺឆ្នាំ២០១២ និង ២០១៣ ក្រុមប្រទេសអ្នកផ្ដល់ជំនួយទាំងអស់ ទើបតែបានកែសម្រួល និងសម្រេច គឺមានទឹកប្រាក់ចំនួនជាង ៣៤លានដុល្លារ (៣៤.២៥២.២០០) សម្រាប់ឆ្នាំ២០១២ និងជាង ៣៥លានដុល្លារ (៣៥.៣៧៥.៤០០) សម្រាប់ឆ្នាំ២០១៣។
អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ត្រា ចាត់ទុកថា នេះជាដំណឹងល្អសម្រាប់សាលាក្ដីខ្មែរក្រហម។ ក៏ប៉ុន្តែ លោកថាក្រុមប្រទេសផ្ដល់ជំនួយដែលសម្រេចលើគម្រោងថវិកានេះ កាលពីថ្ងៃទី២១ កុម្ភៈ គឺគ្រាន់តែជាការសម្រេចលើតួលេខក្នុងគម្រោងស្នើសុំប៉ុណ្ណោះ។
លោក នេត្រ ភក្ត្រា៖ «យើងនៅទន្ទឹងរង់ចាំនូវការសន្យាផ្ដល់ជំនួយពីក្រុមប្រទេសម្ចាស់ជំនួយដែរ ពីព្រោះថា នេះជាការអនុម័តយល់ព្រមទៅលើគម្រោងដែលយើងស្នើសុំ។ ប៉ុន្តេសាច់ប្រាក់ គឺយើងនៅមិនទាន់ទទួលនៅឡើយទេ ហើយយើងសូមអំពាវនាវទៅដល់ក្រុមប្រទេសម្ចាស់ជំនួយ នូវការសន្យាផ្ដល់ជំនួយ ក៏ដូចជាបង្ហាញពីការគាំទ្រផ្នែកថវិកាមកកាន់តុលាការនេះឱ្យបានទាន់ពេលវេលា»។
លោក នេត្រ ភក្ត្រា ថ្លែងបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីការកែសម្រួល ក្រុមប្រទេសផ្ដល់ជំនួយ កាត់បន្ថយទឹកប្រាក់ចំនួន ៩សែនដុល្លារចេញពីគម្រោងដើម។ ថវិកាចំនួនជាង ៣៥លានដុល្លារ ដែលក្រុមប្រទេសផ្ដល់ជំនួយសម្រេចសម្រាប់ចំណាយក្នុងឆ្នាំ២០១៣ នោះ គឺសម្រាប់ភាគីកម្ពុជា ចំនួនជាង ៩,៣លានដុល្លារ (៩.៣៧០.៣០០) និងភាគីសហប្រជាជាតិចំនួន ២៦លានដុល្លារ (២៦.០០៥.១០០)។
បន្ទាប់ពីការសម្រេចនេះ លោក នេត្រ ភក្ត្រា អំពាវនាវឱ្យក្រុមប្រទេសផ្ដល់ជំនួយ ឆាប់ផ្ដល់ការសន្យាក្នុងការជួយដល់សាលាក្ដី ដែលកំពុងជួបវិបត្តិអស់ថវិកាសម្រាប់បើកប្រាក់ខែឱ្យបុគ្គលិករយៈពេល ៣ខែមកហើយ ចាប់តាំងពីខែធ្នូ ឆ្នាំ២០១២ មក ជាពិសេស គឺមន្ត្រី និងបុគ្គលិកខាងភាគីកម្ពុជា។
ទាក់ទងនឹងប្រាក់ខែសម្រាប់ខែធ្នូ ឆ្នាំ២០១២ លោក នេត្រ ភក្ត្រា ថ្លែងថា សាលាក្ដីខ្មែរក្រហម បានទទួលដំណឹងថា សហគមន៍អឺរ៉ុបកំពុងពន្លឿននីតិវិធីបញ្ជូនសាច់ប្រាក់ចំនួន ៣សែនអឺរ៉ូ ដែលខ្លួនបានសន្យាកាលពីឆ្នាំមុននោះ មកកម្ពុជា ដើម្បីបើកឱ្យមន្ត្រី និងបុគ្គលិកសាលាក្ដីហើយ៖ «សម្រាប់ប្រាក់បៀវត្សខែធ្នូ យើងរំពឹងថា នឹងអាចបើកជូនមន្ត្រី បុគ្គលិកជាតិនៅក្នុងអំឡុងពេលមួយសប្ដាហ៍ ឬពីសប្ដាហ៍ខាងមុខ»។
ប្រធានការិយាល័យស្ដីទីនៃសាលាក្ដីខ្មែរក្រហម លោក ក្រាញ់ តូនី ស្វាគមន៍ចំពោះការកែសម្រួលគម្រោងថវិការបស់ក្រុមប្រទេសផ្ដល់ជំនួយ ក្នុងពេលសាលាក្ដីជួបវិបត្តិនេះ។
សាលាក្ដីខ្មែរក្រហម ដែលចាប់ដំណើរការជំនុំជម្រះក្ដីអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ចាប់តាំងពីឆ្នាំ២០០៦ មក បានចំណាយថវិកាអស់ចំនួនជាង ១៧៥លានហើយ ដែលក្នុងនោះ ភាគីខ្មែរចំនួន ៤២,៤លានដុល្លារ និងភាគីសហប្រជាជាតិចំនួន ១៣២,៩លានដុល្លារ។
សាលាក្ដីនេះ បានបញ្ចប់ការជំនុំជម្រះសំណុំរឿង ០០១ ដោយកាត់ទោសឱ្យអតីតប្រធានគុកទួលស្លែង ឈ្មោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច ជាប់ពន្ធនាគារអស់មួយជីវិត។ បច្ចុប្បន្នសាលាក្ដីនេះកំពុងដំណើរការការជំនុំជម្រះទៅលើសំណុំរឿង ០០២ ដែលមានជនជាប់ចោទ ៣រូប គឺ នួន ជា អៀង សារី និង ខៀវ សំផន។
កាលពីដើមឆ្នាំ២០១២ សាលាក្ដីខ្មែរក្រហមបានដាក់គម្រោងថវិកាស្នើសុំទៅក្រុមប្រទេសផ្ដល់ជំនួយជាង ៨០លានដុល្លារ សម្រាប់យកមកបំពេញការងាររបស់ខ្លួនក្នុងរយៈពេល ២ឆ្នាំ គឺឆ្នាំ២០១២ និង២០១៣។
រហូតមកនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៣ ក្រុមប្រទេសផ្ដល់ជំនួយបានសម្រួលខ្ទង់ថវិកាក្នុងគម្រោងស្នើសុំសម្រាប់រយៈពេល ២ឆ្នាំនេះឡើងវិញ ដោយកាត់បន្ថយចំនួន ១៥.១លានដុល្លារ។ ថវិកាសរុបនៃគម្រោងថវិកាដែលបានកែសម្រួលរួចហើយ គឺ ៦៩.៦លានដុល្លារអាមេរិក។ តួលេខនេះ មិនរួមបញ្ចូលកញ្ចប់ថវិកាសម្រាប់ករណីបន្ទាន់ទេ។
ក្នុងថវិកាចំនួន ៦៩.៦លានដុល្លារនេះ ត្រូវបានបែងចែកជា ២ឆ្នាំដូចខាងក្រោមនេះ៖
សម្រាប់ឆ្នាំ២០១២ មានចំនួន ៣៤.២៥២.២០០ដុល្លារ គឺខាងភាគីអន្តរជាតិ ចំនួន ២៥.០១១.៧០០ និងភាគីកម្ពុជា ចំនួន ៩.២៤០.៥០០ដុល្លារ។
សម្រាប់ឆ្នាំ២០១៣ មានចំនួន ៣៥.៣៧៥.៤០០ដុល្លារ គឺខាងភាគីអន្តរជាតិ ចំនួន ២៦.០០៥.១០០ដុល្លារ និងភាគីកម្ពុជា ចំនួន ៩.៣៧០.៣០០ដុល្លារសហរដ្ឋអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
