សាលាក្ដី​ខ្មែរ​ក្រហម​គ្រោង​ប្រកាស​សាលក្រម​សំណុំ​រឿង​០០២​វគ្គ​១​នៅ​ដើម​ខែ​សីហា

0:00 / 0:00

អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​ហៅ​ថា សាលាក្ដី​ខ្មែរ​ក្រហម បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ថា សាលក្រម​សំណុំ​រឿង ០០២ វគ្គ ១ ពាក់ព័ន្ធ នួន ជា និង ខៀវ សំផន នឹង​ត្រូវ​ប្រកាស​នៅ​ខែ​សីហា ខាង​មុខ។ សវនាការ​លើ​សំណុំរឿង ០០២ វគ្គ ១ បាន​ចាប់​ផ្ដើម​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១១ និង​បាន​ដេញដោល​ធ្វើ​សេចក្ដី​សន្និដ្ឋាន​បញ្ចប់ កាល​ពី​ខែ​តុលា ឆ្នាំ​២០១៣ កន្លង​ទៅ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលាក្ដី​ខ្មែរក្រហម បាន​លើក​ឡើង​ថា នៅ​ក្នុង​ថ្ងៃ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​ប្រកាស​សាលក្រម ទី​៧ សីហា នោះ បើ​សិន​ជា​រក​ឃើញ​ថា ជន​ជាប់​ចោទ​ទាំង ២ គឺ នួន ជា និង ខៀវ សំផន មាន​ពិរុទ្ធភាព នោះ​សេចក្ដី​សម្រេច​អំពី​ការ​ផ្ដន្ទាទោស និង​ការ​ទាមទារ​សំណង​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី ក៏​នឹង​ត្រូវ​ប្រកាស​នៅ​ពេល​នោះ​ដែរ។

ជន​ជាប់​ចោទ​នៅ​ក្នុង​សំណុំរឿង ០០២ វគ្គ ១ រួម​មាន នួន ជា អតីត​អនុ​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា និង ខៀវ សំផន អតីត​ប្រមុខរដ្ឋ​នៃ​កម្ពុជា​ប្រជាធិបតេយ្យ។ បទ​ចោទ​ប្រកាន់​នានា នៅ​ក្នុង​សំណុំ​រឿង ០០២ វគ្គ ១ នោះ ផ្ដោត​ទៅ​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដែល​ពាក់ព័ន្ធ​នឹង​ការ​ផ្លាស់​ទីលំនៅ​ប្រជាជន​ដោយ​បង្ខំ​ចេញ​ពី​ភ្នំពេញ នៅ​ខែ​មេសា ឆ្នាំ​១៩៧៥ និង​ការ​ផ្លាស់​ប្រជាជន​ចេញ​ពី​តំបន់​ផ្សេងៗ ក្នុង​ដំណាក់កាល​ក្រោយ​មក​ទៀត។ បទ​ចោទ​ទាក់ទង​ការ​សម្លាប់​ទាហាន​នៃ​របប​សាធារណរដ្ឋ​ខ្មែរ នៅ​ទួល​ពោធិ៍ជ្រៃ ក្នុង​ខេត្ត​ពោធិ៍សាត់។

លោក នេត្រ ភក្ត្រា អ្នក​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៩ ឧសភា ថា ការ​គ្រោង​ប្រកាស​សាលក្រម​នៅ​ខែ​សីហា នេះ ដោយសារ​ចៅក្រម​ត្រូវ​ការ​ពេល​វេលា​សិក្សា​សរុប​លទ្ធផល​សវនាការ​មុន​នឹង​សរសេរ​សាលក្រម​ប្រកាស​ចេញ៖ «ការ​ប្រកាស​សាលក្រម​នៅ​ក្នុង​ខែ​៨​នេះ គឺ​បន្ទាប់​ពី​ចៅក្រម​ជំនុំ​ជម្រះ​លោក​បាន​ពន្លឿន​កិច្ចការ​ក្នុង​ការ​សរសេរ​សាលក្រម ហើយ​នៅ​ក្នុង​រយៈពេល ១​ខែ ខាង​មុខ​ទៀត​នេះ គឺ​ចៅក្រម​បាន​ប្រមើល​ឃើញ​ថា យើង​នឹង​អាច​បញ្ចប់»

លោក នេត្រ ភក្ត្រា បាន​ឲ្យ​ដឹង​បន្ថែម​ថា នៅ​ក្នុង​សំណុំរឿង ០០២ វគ្គ ១ មាន​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ដាក់​ពាក្យ​ចំនួន​ជិត ៤.០០០​នាក់។ មក​ទល់​ពេល​នេះ គេ​មិន​ទាន់​ដឹង​ថា ជន​ជាប់​ចោទ​ទាំង ២​រូប មាន​ពិរុទ្ធភាព និង​ត្រូវ​ផ្ដន្ទាទោស​កម្រិត​ណា​នៅ​ឡើយ​ទេ ប៉ុន្តែ​កន្លង​មក ដើម​បណ្ដឹង​រដ្ឋប្បវេណី​ធ្លាប់​ប្ដឹង និង​ទាមទារ​ឲ្យ​ចៅក្រម​ផ្ដន្ទាទោស​ជា​ទម្ងន់​ដាក់​ពន្ធនាគារ​មួយ​ជីវិត​និង​មាន​សំណង​ផង៖ «នៅ​ក្នុង​ករណី​មាន​ពិរុទ្ធភាព សំណង​ដែល​ផ្ដល់​ឲ្យ​នេះ គឺ​មាន​សំណង​ផ្លូវ​ចិត្ត និង​សំណង​ជា​សមូហភាព។ ហើយ​គម្រោង​សំណង​នេះ គឺ​មាន ១៣ ដែល​បាន​ស្នើ​ទៅ​កាន់​អង្គ​ជំនុំជម្រះ​យូរ​ហើយ។ ដូចជា​ការ​កំណត់​ទិវា​ជាតិ​នៃ​ការ​ចង​ចាំ​ដោយ​យក​ថ្ងៃ​២០ ឧសភា ការ​កសាង​ស្តូប​ដើម្បី​រំលឹក​ទៅ​ដល់​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ ក៏​ដូចជា​ផ្សេងៗ​ទៀត»

ចំពោះ​ស្ថានភាព​សុខភាព​ជន​ជាប់​ចោទ​វ័យ​ជរា​ទាំង ២​នាក់​នោះ លោក នេត្រ ភក្ត្រា បាន​ឲ្យ​ដឹង​ថា សុខភាព​ពួកគាត់​ធម្មតា ដោយ​មាន​ពេទ្យ​ថែទាំ ដើម្បី​ឲ្យ​ពួកគាត់​អាច​ចូល​រួម​ក្នុង​ដំណើរការ​សវនាការ​ស្ដាប់​ការ​ប្រកាស​សាលក្រម​លើ​សំណុំ​រឿង ០០២ វគ្គ ១ និង​ចូល​រួម​ក្នុង​សវនាការ​បន្ត​លើ​សំណុំ​រឿង ០០២ វគ្គ ២ ជា​បន្ត​ទៀត។

ព័ត៌មាន​ស្ដីពី​គម្រោង​ប្រកាស​សាលក្រម​លើ​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន នេះ ធ្វើ​ឲ្យ​លោក ប៊ូ ម៉េង អតីត​អ្នក​ទោស​ខ្មែរ​ក្រហម​ជាប់​ឃុំ​ក្នុង​គុក​ទួលស្លែង មាន​ការ​សប្បាយ​ចិត្ត ពីព្រោះ លោក​សង្ឃឹម​ថា លោក​បាន​ឃើញ​ជន​ប្រព្រឹត្ត​ខុស​ត្រូវ​ទទួល​ទោស​តាម​ច្បាប់ មិន​អាច​គេច​ផុត​ពី​សំណាញ់​ច្បាប់​ទេ៖ «ខ្ញុំ​ថា​អ៊ីចេះ ថ្នាក់​ខាង​លើ​នេះ​ក៏​ដូច​ជា ឌុច ដែរ។ ឧបមា​ថា បើ ឌុច រួច​ទោស​ពី​ការ​កាប់​សម្លាប់ អ្នក​ខាង​លើ​នេះ​ក៏​រួច​ទោស បើ ឌុច ជា​មេ​ប្រធាន​គុក ស្ដាប់​បង្គាប់​អ្នក​ខាង​លើ​នេះ ទាំង ២ ទាំង ៣​នាក់​ហ្នឹង ឌុច ជាប់​យ៉ាង​ណា អ្នក​ខាង​លើ​ជាប់​យ៉ាង​ហ្នឹង​ដែរ។ ឌុច ទទួល​បញ្ជា​ពី​អ្នក​ខាង​លើ អ៊ីចឹង ឌុច ជាប់​មួយ​ជីវិត ប្រហែល​ជា ឌុច ជាប់​មួយ​ជីវិត​ដែរ»

ចំណែក​មន្ត្រី​សង្គម​ស៊ីវិល​ដែល​តាម​ដាន​សង្កេតការណ៍​កាត់​ក្ដី​នៅ​សាលាក្ដី​ខ្មែរ​ក្រហម លោក ឡាត់ គី ធ្វើ​ការ​នៅ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) មាន​ប្រសាសន៍​ថា ទោះ​បី​ប្រជាពលរដ្ឋ​ធ្លាប់​បាន​លើក​ឡើង​ថា ដំណើរ​ការ​កាត់​ក្ដី​នៅ​សាលាក្ដី​ខ្មែរ​ក្រហម​នេះ​យឺតយូរ ប៉ុន្តែ​ដំណឹង​អំពី​ការ​ប្រកាស​សាលក្រម​នេះ គឺ​ជា​ដំណឹង​មួយ​ដែល​មនុស្ស​ទាំង​អស់​ចង់​ដឹង។

ការ​ជំនុំ​ជម្រះ​ក្ដី​សំណុំរឿង ០០២ វគ្គ ១ ចាប់​ផ្ដើម​ឡើង​កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១១ ជាមួយ​ការ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​បើក​ការ​សួរ​ដេញ​ដោល​ធ្វើ​ឡើង​ដោយ​សហ​ព្រះរាជអាជ្ញា និង​មេធាវី​តំណាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី និង​ជនជាប់ចោទ។ ដំណើរការ​ជំនុំ​ជម្រះ​ក្ដី​នេះ​បាន​ប្រើ​រយៈពេល ២០​ខែ​ដោយ​ផ្ដោត​លើ​សវនាការ​លើ​ភស្តុតាង​ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១៣។ សំណុំរឿង ០០២ វគ្គ ១ នេះ បាន​ធ្វើ​សេចក្ដី​សន្និដ្ឋាន​បិទ​បញ្ចប់​ការ​សួរ​ដេញ​ដោល​នៅ​អំឡុង​ខែ​តុលា ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។