ការជំនុំជម្រះរបស់សាលាក្ដីខ្មែរក្រហមលើសំណុំរឿង០០២ វគ្គ២ មិនបានដំណើរការទៅតាមធម្មតានោះទេក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ។
សហចៅក្រម បានប្រកាសបិទសវនាការវិញ ព្រោះអវត្តមានជនជាប់ចោទ ខៀវ សំផន អតីតប្រមុខរដ្ឋនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយសារលោកមានជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅឡើយ។ អង្គជំនុំជម្រះ បានផ្អាកជាបណ្ដោះអាសន្នសិន ហើយនឹងបើកសវនាការឡើងវិញនៅសប្ដាហ៍ក្រោយ បើសិនជា លោក ខៀវ សំផន មានសុខភាពល្អឡើងវិញ។
សាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នឹងបើកសវនាការជំនុំជម្រះលើសំណុំរឿង០០២ វគ្គ២ ដែលមានជនជាប់ចោទ លោក ខៀវ សំផន នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា សប្ដាហ៍ក្រោយ។
សហចៅក្រមសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា លោក និល ណុន នៅថ្ងៃទី៩ មករា បានប្រកាសផ្អាកសវនាការភ្លាមៗ ដោយសារតែ លោក ខៀវ សំផន មេដឹកនាំជាន់ខ្ពស់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ។ លោក និល ណុន បញ្ជាក់ថា ជនជាប់ចោទ លោក ខៀវ សំផន ត្រូវការពេលសម្រាករយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៩ មករា នេះទៅ៖ «វេជ្ជបណ្ឌិតថា លោក ខៀវ សំផន ត្រូវការសម្រាកនៅមន្ទីរពេទ្យ ដូច្នេះអង្គជំនុំជម្រះមិនអាចបើកសវនាការនៅថ្ងៃនេះបានទេ»។
សវនាការនៅថ្ងៃទី៩ មករា នេះ សហចៅក្រមមិនទាន់បានបើកសួរដេញដោលដូចកាលពីថ្ងៃទី៨ មករា ទេ ដោយសារតែអវត្តមាន លោក ខៀវ សំផន។ កាលពីថ្ងៃទី៨ មករា លោក ខៀវ សំផន បានចូលរួមក្នុងសវនាការនេះរយៈពេលមួយព្រឹក។
លោក ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ជាប់ចោទពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ និងអំពើប្រល័យប្រឆាំងនឹងជនជាតិចាម និងជនជាតិវៀតណាម។
អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ដ្រា មានប្រសាសន៍ថា លោក ខៀវ សំផន បានចូលមន្ទីរពេទ្យកាលពីរសៀលថ្ងៃទី៨ មករា។ លោកបន្ថែមថា លោក ខៀវ សំផន មានជំងឺសម្ពាធឈាមឡើងខ្ពស់ ឬលើសឈាម៖ «កាលពីម្សិលមិញ លោក ខៀវ សំផន មានអាការៈងងឹតមុខសម្ពាធឈាមឡើងខ្ពស់ នៅពេលបើកសវនាការជំនុំជម្រះវគ្គទី២»។
សហមេធាវីការពារក្ដី លោក ខៀវ សំផន គឺលោក គង់ សំអុន បញ្ជាក់ថា នៅរសៀលថ្ងៃទី៩ មករា លោក ខៀវ សំផន បានធូរស្បើយបន្តិចហើយ។ លោកសង្ឃឹមថា កូនក្ដីរបស់លោកនឹងចូលរួមជំនុំជម្រះក្នុងសវនាការវិញបាននៅថ្ងៃទី១៥ មករា ខាងមុខ៖ «ខ្ញុំចង់ឲ្យការជំនុំជម្រះនោះឆាប់រហ័ស តែដោយសារកូនក្ដីខ្ញុំមានជំងឺមិនអាចចូលរួមជំនុំជម្រះមិនបានទេ»។
សវនាការសំណុំរឿង០០២ បានផ្អាកតាំងពីចុងឆ្នាំ២០១៤ ដោយសារតែសហមេធាវីការពារជនជាប់ចោទមិនបានចូលរួមក្នុងសវនាការ ព្រោះពួកគាត់ត្រូវការពេលវេលារៀបចំសារណាលើបណ្ដឹងឧទ្ធរណ៍ ប្រឆាំងសាលក្រមក្នុងសំណុំរឿង០០២ វគ្គ១។ សារណានេះ បានបញ្ចប់កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤។
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ឆាំង យុ មានប្រសាសន៍ថា លោក ខៀវ សំផន ត្រូវបានតុលាការរកឃើញថា លោកបានប្រព្រឹត្តបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលលោកមានទោសអស់មួយជីវិត។ លោក ឆាំង យុ កត់សម្គាល់ឃើញថា លោក ខៀវ សំផន តែងតែមានជំងឺនៅពេលបើកសវនាការម្ដងៗ។
ចំពោះនីតិវិធី និងដំណើរការរបស់សាលាក្ដីខ្មែរក្រហមវិញ លោក ឆាំង យុ សង្កត់ធ្ងន់ថា សាលាក្ដីខ្មែរក្រហមមិនសូវបានផ្សព្វផ្សាយឲ្យបានទូលំទូលាយឲ្យប្រជាពលរដ្ឋ ឬជនរងគ្រោះបានដឹងនោះទេ ដោយលោកទាមទារឲ្យសាលាក្ដីនេះផ្សព្វផ្សាយឲ្យបានច្រើន៖ «យើងត្រូវការការស្មោះត្រង់ពីតុលាការ ព្រោះការស្មោះត្រង់ក៏ជាយុត្តិធម៌ដែរ ពីព្រោះថា តុលាការនេះមានការិយាល័យសាធារណៈដើម្បីផ្សព្វផ្សាយ តែតុលាការមិនបានផ្សព្វផ្សាយច្រើនទេ»។
លោក ឆាំង យុ បន្ថែមថា បើសិនជាក្នុងហេតុផលណាមួយដែលសាលាក្ដីខ្មែរក្រហម មិនអាចផ្សព្វផ្សាយបានទេ សាលាក្ដីត្រូវតែលុបចោលការិយាល័យសាធារណៈវិញ ដើម្បីកាត់បន្ថយការចំណាយ។ លោកអះអាងថា ការមិនផ្សព្វផ្សាយពីនីតិវិធីរបស់តុលាការ ឬសំណុំរឿង០០២ ដ៏សំខាន់នេះ ធ្វើឲ្យប៉ះពាល់ដល់លទ្ធផលរបស់តុលាការនៃការជំនុំជម្រះ ដោយសារតែប្រជាពលរដ្ឋមិនបានយល់ច្បាស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
