នៅថ្ងៃទី១៨ ខែធ្នូ ការិយាល័យសហចៅក្រមស៊ើបអង្កេតបានចេញសេចក្ដីជូនដំណឹងមួយថា កិច្ចស៊ើបសួរប្រឆាំងជនសង្ស័យ អ៊ឹម ចែម នៅក្នុងសំណុំរឿង ០០៤ បានបញ្ចប់ហើយ។
មន្ត្រីនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ត្រា បញ្ជាក់ថា សហចៅក្រមការស៊ើបអង្កេតចេញសេចក្ដីជូនដំណឹងនេះ គឺជាការបិទបញ្ចប់កិច្ចស៊ើបសួរលើអ្នកស្រី អ៊ឹម ចែម ដែលធ្វើឡើងអស់រយៈពេល ៦ឆ្នាំ បន្ទាប់ពីទទួលបានដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបអង្កេតដែលសហព្រះរាជអាជ្ញាអន្តរជាតិ បានដាក់នៅខែកញ្ញា ឆ្នាំ២០០៩។
លោកបញ្ជាក់បន្ថែមជំហានបន្ទាប់គឺការវាយតម្លៃភស្តុតាង ដែលប្រមូលបានពីអ្នកស្រី អ៊ឹម ចែម៖ «ចំពោះករណីលោកស្រី អ៊ឹម ចែម នេះ បន្ទាប់ពីបិទការស៊ើបអង្កេត គឺសហចៅក្រមស៊ើបអង្កេតទាំងពីរនឹងធ្វើការវាយតម្លៃ និងវិភាគទៅលើភស្តុតាង ឯកសារផ្សេងដែលជាភស្តុតាង ដើម្បីឈានទៅដល់ចុងក្រោយធ្វើការកំណត់ថា តើជនសង្ស័យពិតជាស្ថិតនៅក្នុងដែនកំណត់យុត្តាធិការ ដែលត្រូវធ្វើការជំនុំជម្រះក្ដី ឬមួយក៏យ៉ាងណា ដែលការសម្រេចចុងក្រោយនេះ នឹងចេញជាដីកាដំណោះស្រាយ ដែលគេរំពឹងថា នឹងធ្វើឡើងនៅចុងឆ្នាំ២០១៦»។
កិច្ចស៊ើបសួរចំពោះអ្នកស្រី អ៊ឹម ចែម ដែលបានបញ្ចប់នៅពេលនេះ គឺទាក់ទងនឹងឧក្រិដ្ឋកម្មមនុស្សឃាត ដែលជាការរំលោភបំពានក្រមព្រហ្មទណ្ឌកម្ពុជា ឆ្នាំ១៩៥៦ និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលក្នុងនោះមានការធ្វើមនុស្សឃាត ការសម្លាប់រង្គាល ការធ្វើឲ្យទៅជាទាសករ ការដាក់ក្នុងមន្ទីរឃុំឃាំង ការធ្វើទុក្ខបុកម្នេញដោយមូលហេតុនយោបាយ និងអំពើអមនុស្សធម៌ផ្សេងទៀត នៅមន្ទីរសន្តិសុខភ្នំទ្រយោង និងនៅការដ្ឋានស្ពានស្រែង ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
កាលពីថ្ងៃទី៣ ខែមីនា សហចៅក្រមស៊ើបអង្កេតអន្តរជាតិ បានដាក់អ្នកស្រី អ៊ឹម ចែម ឱ្យស្ថិតក្រោមការត្រួតពិនិត្យនៅក្នុងសំណុំរឿង ០០៤ ចំពោះឧក្រិដ្ឋកម្មទាំងនេះ ដែលបានប្រព្រឹត្តឡើងរវាងថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។
លោក នេត្រ ភក្ត្រា ថ្លែងថា ជនសង្ស័យនៅក្នុងសំណុំរឿង ០០៤ ពីររូបផ្សេងទៀត គឺលោក អោ អាន និង យឹម ទិត្យ នៅតែស្ថិតក្រោមការត្រួតពិនិត្យ និងការស៊ើបអង្កេតបន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
