សាលាក្ដី​ខ្មែរ​ក្រហម​បន្ត​ស្ដាប់​សាក្សី​អំពី​ការ​សម្លាប់​ជនជាតិ​វៀតណាម​នៅ​ខេត្ត​ព្រៃវែង

0:00 / 0:00

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម កំពុង​បន្ត​សវនាការ​ស្ដាប់​សាក្សី​នានា អំពី​ការ​សម្លាប់​ជនជាតិ​វៀតណាម ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ សាក្សី​នៅ​ថ្ងៃ​ទី​៦ មករា បាន​ឱ្យ​ដឹង​ថា នៅ​ខេត្ត​ព្រៃវែង ក៏​មាន​ចាប់​ខ្លួន​យក​ទៅ​សម្លាប់​ដែរ។

សាក្សី ថេង ផល ថ្លែង​ប្រាប់​អង្គ​ជំនុំជម្រះ​ថា ជនជាតិ​វៀតណាម ដែល​បាន​រៀបការ​ជាមួយ​ខ្មែរ ៣​គ្រួសារ នៅ​ក្នុង​ភូមិ​ពោធិចិន្ដាំ ឃុំ​ស្វាយអន្ទរ ស្រុក​ស្វាយអន្ទរ ខេត្ត​ព្រៃវែង ត្រូវ​បាន​ពួក​ខ្មែរ​ក្រហម​យក​ទៅ​សម្លាប់ នៅ​ដើម​ឆ្នាំ​១៩៧៧។

លោក ថេង ផល បាន​រៀបរាប់​អំពី​ហេតុការណ៍​មេ​ភូមិ​នាំ​ជនជាតិ​វៀតណាម ដែល​នៅ​ក្នុង​ក្រុម​ជាមួយ​លោក​ម្នាក់ ឈ្មោះ ង៉ាំង ហើយ​បាត់​ខ្លួន​រហូត៖ «ពេល​ដែល​ប្រធាន​ភូមិ​ទៅ​ហៅ​មក ពី​កន្លែង​កាប់​រពាក់​វិញ​នោះ គឺ​ពេល​នោះ​ជាមួយ​គ្នា​ទាំង​អស់។ អត់​ដើរ​បែក​គ្នា​ទេ គឺ​ប្រធាន​ភូមិ​ដើរ​ជួន​កាល​គាត់​នៅ​កណ្ដាល ជួន​កាល​គាត់​នៅ​មុខ ដើរ​បណ្ដើរ​កង់​រហូត​ដល់​ជិត​កន្លែង​សន្តិសុខ ទើប​គាត់​ថា អ្នក​ដែល​នេះ​ទៅ​មុន​ទៅ ទុក​ឱ្យ ង៉ាំង ត​ច្រវាក់​ឱ្យ​សិន។ ពេល​នោះ​ខ្ញុំ​ក៏​និយាយ​ថា ឱ្យ​ខ្ញុំ​ត​ឱ្យ គាត់​ថា​មិន​បាច់​ទេ ទៅ​មុន​ចុះ! នាំ​គ្នា​ទៅ​មុន​តិចៗ ទៅ ហើយ​រូប​ខ្ញុំ​​ក៏​ដើរ​ចេញ​មក​មុន​រហូត​ទៅ»

លោក​បន្ត​ថា ពេល​នោះ​ហើយ ជនជាតិ​វៀតណាម ឈ្មោះ ង៉ាំង និង​ពីរ​នាក់​ផ្សេង​ទៀត ដែល​ជា​អ្នក​បាន​រៀបការ​ប្ដី និង​ប្រពន្ធ​ជាមួយ​ជនជាតិ​ខ្មែរ ត្រូវ​បាន​គេ​ចាប់​ខ្លួន​យក​ទៅ​មន្ទីរ​សន្តិសុខ។ ពេល​យក​នោះ​មាន​​រួម​ទាំង​កូន​ខ្លះ​ផង បើ​ជនជាតិ​វៀតណាម ត្រូវ​ចាប់​នោះ​ជា​ម្ដាយ៖ «ប្រហែល​ជា​ម៉ោង ៥​កន្លះ ចូល​ម៉ោង ៦​ហើយ ពេល​នោះ​មក​ដល់​ភូមិ ក៏​ឮ​អ្នក​ភូមិ​ថា គេ​បាន​យក​ប្រពន្ធ​តា នី ហ៊ា ជុយ ដាក់​រទេះ​សេះ​យក​ទៅ​កើត​អស់​ហើយ។ គេ​យក​សម្លាប់​ចោល​ហើយ។ គ្រាន់​តែ​ប៉ុណ្ណឹង ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា ហ៊ា ង៉ាំង ច្បាស់​ជា​ងាប់​នៅ​កន្លែង​ហ្នឹង​ដែរ​ហើយ។ បាត់​តាំង​ហ្នឹង​មក​រហូត។ អង្គការ​គេ​នោះ​ថា បើ​ម្ដាយ​ជា​វៀតណាម កូន​ក៏​វៀតណាម​ដែរ»

សាក្សី ថេង ផល កាល​ពី​ថ្ងៃ​ទី​៥ ខែ​មករា ជម្រាប​អង្គ​ជំនុំជម្រះ​ថា ក្នុង​របប​ខ្មែរក្រហម​គ្រប់គ្រង​អំណាច​មាន​ពលរដ្ឋ​ជា​ជនជាតិ​វៀតណាម ៣​គ្រួសារ នៅ​ក្នុង​ឃុំ​របស់​លោក។ ជនជាតិ​វៀតណាម ត្រូវ​បាន​សាក្សី​ជា​អតីត​កងទ័ព​ជើង​ទឹក​ខ្មែរក្រហម​អះអាង​ថា បក្ស​កុម្មុយនិស្ត​កម្ពុជា ចាត់​ទុក​ជា​សត្រូវ​សួរ​ពូជ ហើយ​ត្រូវ​សម្លាប់​ផ្ដាច់ពូជ។ រឿងរ៉ាវ​សម្លាប់​ជនជាតិ​ចាម និង​វៀតណាម​នេះ ត្រូវ​បាន​សាលាក្ដី​ខ្មែរ​ក្រហម​ចាត់​ចូល​ក្នុង​បទ​ប្រល័យ​ពូជសាសន៍ ប្រឆាំង​ជនជាប់ចោទ នួន ជា និង ខៀវ សំផន។

បន្ទាប់​ពី​ការ​ស្ដាប់​សាក្សី ថេង ផល អំពី​ការ​សម្លាប់​ជនជាតិ​វៀតណាម អង្គ​ជំនុំជម្រះ​សាលាដំបូង នឹង​ស្ដាប់​សាក្សី​ឈ្មោះ សុះ រំលី ទាក់ទង​នឹង​ការ​សម្លាប់​ជន​ជាតិ​ចាម។ សាក្សី​មុនៗ បាន​បញ្ជាក់​ថា ជនជាតិ​ចាម ដែល​ពួក​ខ្មែរក្រហម​សម្លាប់​ច្រើន គឺ​នៅ​ក្នុង​ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​កំពង់ចាម។ អង្គ​ជំនុំជម្រះ​សាលាដំបូង នឹង​បន្ត​សវនាការ​ស្ដីពី​ការ​សម្លាប់​ជនជាតិ​ចាម​នេះ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៨ មករា ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។