អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី២៤ ខែកុម្ភៈ បញ្ចប់សវនាការដែលអនុញ្ញាតឱ្យភាគីមេធាវីការពារក្ដីជនជាប់ចោទ ខៀវ សំផន ដាក់ឯកសារគន្លឹះធ្វើជាភស្តុតាងនៅក្នុងសំណុំរឿង ០០២ វគ្គ ២។
សវនាការរយៈពេល ២ថ្ងៃមកនេះ គឺជាសវនាការដែលភាគីសហព្រះរាជអាជ្ញា សហមេធាវីនាំមុខដើមបណ្ដឹងរដ្ឋប្បវេណី និងមេធាវីការពារក្ដីជនជាប់ចោទ ស្នើសុំលើកយកឯកសារគន្លឹះបន្ថែមមកដាក់ជាភស្តុតាង ក្នុងសំណុំរឿង ០០២ វគ្គ ២។ ឯកសារដែលបានលើកឡើង គឺទាក់ទងនឹងអង្គហេតុការណ៍សម្លាប់ និងការប្រព្រឹត្តរបស់ពួកខ្មែរក្រហម ទៅលើក្រុមមនុស្សដែលរបបកម្ពុជាប្រជាធិបតេយ្យ កំណត់ជាគោលដៅជាក់លាក់ ដូចជាជនជាតិចាម វៀតណាម និងអតីតអ្នករដ្ឋការនៃរបបសាធារណរដ្ឋខ្មែរ។
បន្ទាប់ពីការដាក់ឯកសារទាំងនេះ ប្រធានអង្គជំនុំជម្រះសាលាដំបូង លោកចៅក្រម និល ណុន ប្រកាសថា អង្គជំនុំជម្រះគ្រោងធ្វើសវនាការនៅថ្ងៃទី២៦ កុម្ភៈ ដើម្បីស្ដាប់ការឆ្លើយតបរបស់ភាគីលើឯកសារគន្លឹះទាំងនោះ៖ «នៅថ្ងៃសុក្រចុងសប្ដាហ៍នេះ អង្គជម្រះនឹងបន្តធ្វើសវនាការបង្ហាញឯកសារគន្លឹះពាក់ព័ន្ធនឹងអង្គហេតុការប្រព្រឹត្តទៅលើក្រុមមនុស្សគោលដៅជាក់លាក់ ចំពោះជនជាតិចាម វៀតណាម និងចំពោះអតីតអ្នករដ្ឋការនៃរបបសាធារណរដ្ឋខ្មែរ។ ដោយការស្ដាប់តំណាងសហព្រះរាជអាជ្ញា និងសហមេធាវីនាំមុខដើមបណ្ដឹងរដ្ឋប្បវេណី តប ឬកត់សម្គាល់ទៅនឹងបណ្ដាឯកសារគន្លឹះ ដែលបានដាក់បង្ហាញដោយមេធាវីការពារក្ដី ខៀវ សំផន ហើយនឹងស្ដាប់ការឆ្លើយតប ឬការកត់សម្គាល់ពីសំណាក់មេធាវីការពារក្ដី ខៀវ សំផន ទៅនឹងបណ្ដាឯកសារគន្លឹះ ដែលបានដាក់ដោយសហព្រះរាជអាជ្ញា និងសហមេធាវីនាំមុខតំណាងដើមបណ្ដឹងរដ្ឋប្បវេណី»។
នៅថ្ងៃចន្ទ ទី២៩ ខែកុម្ភៈ អង្គជំនុំជម្រះសាលាដំបូង នឹងធ្វើសវនាការស្ដាប់សក្ខីកម្មអ្នកជំនាញឈ្មោះ អ៊ីសា ឧស្មាន បន្តទៀត ទាក់ទងនឹងអ្នកស្រាវជ្រាវអំពីប្រវត្តិនៃការបះបោរ និងការសម្លាប់ជនជាតិចាម នៅខេត្តកំពង់ចាម ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
