ក្នុងសេចក្ដីថ្លែងការណ៍របស់មន្ត្រីនាំពាក្យសាលាក្ដីខ្មែរក្រហមភាគីសហប្រជាជាតិ លោក ឡាស អូលសិន (Lars Olsen) សរសេរនៅថ្ងៃទី១៨ ខែកញ្ញា ថា អង្គការសហប្រជាជាតិបានជោគជ័យក្នុងការទទួលការអនុញ្ញាតពីម្ចាស់ជំនួយធំៗ មួយចំនួនឱ្យផ្ដល់ថវិកាកម្ចីម្ដងទៀតដល់ភាគីខ្មែរ ដើម្បីឱ្យទូទាត់បើកប្រាក់ខែឱ្យបុគ្គលិករបស់ខ្លួន ដែលមិនបានបើកតាំងពីខែមិថុនាមក។ អង្គការសហប្រជាជាតិសង្ឃឹមថា បុគ្គលិកដែលធ្វើពហិការនឹងវិលមកបំពេញការងារវិញ។
មន្ត្រីនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ត្រា ថ្លែងថា ផ្នែករដ្ឋបាលបានជូនដំណឹងដល់បុគ្គលិករបស់ខ្លួនហើយ អំពីការទទួលបានថវិកានេះ ហើយសង្ឃឹមថា ពួកគាត់នឹងវិលមកបំពេញការងារជាធម្មតាវិញចាប់ពីថ្ងៃទី១៩ ខែកញ្ញា តទៅ។
លោក នេត្រ ភក្ត្រា៖ «មូលនិធិសង្គ្រោះបន្ទាន់ចំនួនជាង ១លានដុល្លារអាមេរិក ដែលបានផ្ដល់ដោយអង្គការសហប្រជាជាតិនេះ គឺសម្រាប់ទ្រទ្រង់ការបើកប្រាក់ខែរយៈពេល ៣ខែ គឺខែមិថុនា កក្កដា និងខែសីហា ហើយភាគីជាតិនៃសាលាក្ដីខ្មែរក្រហមយើង គឺតែបន្តជួបប្រទះបញ្ហាកង្វះថវិកាបន្ថែមទៀត សម្រាប់ពីខែកញ្ញានេះ រហូតទៅដល់ខែធ្នូ ឆ្នាំ២០១៣ នេះ ដែលថវិកាដែលយើងនៅខ្វះហ្នឹង គឺចំនួន ១.៨លានដុល្លារអាមេរិក ដើម្បីបន្តដំណើរការប្រព្រឹត្តទៅរបស់ខ្លួននៅក្នុងចុងឆ្នាំ២០១៣នេះ»។
លោក ឡាស អូលសិន ថ្លែងថា អង្គការសហប្រជាជាតិនឹងបន្តធ្វើការជាមួយម្ចាស់ជំនួយសំខាន់ៗ ជាបន្តទៀត រកថវិកាដែលភាគីកម្ពុជាខ្វះ ដើម្បីជួយឱ្យបានដំណើរការដល់ដំណាច់ឆ្នាំ២០១៣។ ថវិកាកម្ចីពេលនេះ គឺភាគីខ្មែរត្រូវសងអង្គការសហប្រជាជាតិវិញ។
អង្គការសហប្រជាជាតិគូសបញ្ជាក់ថា ដំណោះស្រាយតែមួយគត់ចំពោះបញ្ហាខ្វះថវិកាបើកប្រាក់ខែឱ្យបុគ្គលិកភាគីខ្មែរ គឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាលដែលត្រូវបំពេញ។ ការផ្អាកការងាររបស់បុគ្គលិកនៅពេលអនាគតនឹងបង្អាក់ដល់ការជំនុំជម្រះ និងកិច្ចខិតខំដំណើរការរបស់សាលាក្ដីខ្មែរក្រហមនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
