អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម ធ្វើសវនាការបន្តកាលពីថ្ងៃច័ន្ទ ទី១៤ ធ្នូ ដោយស្ដាប់សាក្សីថ្មីមួយរូប ទាក់ទងនឹងអង្គហេតុសម្លាប់ជនជាតិវៀតណាម នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ សាក្សីរូបនេះអះអាងចំពោះមុខអង្គជំនុំជម្រះសាលាដំបូងអំពីការបានដឹងឮ រឿងពួកខ្មែរក្រហមសម្លាប់ជនជាតិវៀតណាម នៅក្នុងឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
សាក្សីថ្មីមួយរូបឈ្មោះ ស៊ិន ឆែម ដែលជាប្រពន្ធគណៈឃុំ និងជាសាច់ញាតិកម្មាភិបាលខ្មែរក្រហមនៅភូមិភាគបូព៌ា ជម្រាបអង្គជំនុំជម្រះសាលាដំបូង នៅថ្ងៃច័ន្ទ ទី១៤ ធ្នូ ថា មានជនជាតិវៀតណាម មួយចំនួន ត្រូវពួកខ្មែរក្រហមយកទៅសម្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ៖ «យកប្រពន្ធយួនយកទៅវាយចោល។ យកទាំងកូនទាំងប្រពន្ធយកទៅវាយចោល។ ប្ដីអោបនឹងទ្រូងបេះយកទៅបាត់»។
លោកស្រី ស៊ិន ឆែម បញ្ជាក់ថា ជនជាតិវៀតណាម គេយកទៅសម្លាប់ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នោះ គឺសុទ្ធតែជាអ្នកដែលបានរៀបការជាមួយជនជាតិខ្មែរ។ លោកស្រីថ្លែងថា ស្ត្រីវៀតណាម ដែលរៀបការជាមួយបុរសខ្មែរ គឺសម្លាប់ទាំងកូន៖ «កូនៗ គេយកទៅអស់រលីង គេមិនទុកផង។ គេថានាំតែជាប់សាសន៍។ គេយកទៅបាត់ហ្នឹង ៤គ្រួសារ។ គេសម្លាប់ទាំងសំបុក ប្ដីប្រពន្ធយកទៅទាំងអស់។ គេថា កូនអឹមទឹកដោះម្ដាយ គេមិនទុកទេ។ កូនគេយកទៅទាំងអស់។ កូនពីរនាក់គេយកទាំងពីរ។ គេមិនទុកទេ គឺគេទុកតែឪទេ»។
សាក្សី ស៊ិន ឆែម មានទៀតថា ក្រៅពីការសម្លាប់ជនជាតិវៀតណាម បក្សកុម្មុយនិស្តកម្ពុជា ចាប់ខ្លួនកម្មាភិបាលនៅតំបន់នោះយកទៅសម្លាប់ដែរ ដោយចោទកម្មាភិបាលទាំងនោះថា ចូលដៃជាមួយវៀតណាម ប្រឆាំងបដិវត្តន៍។
លោកស្រីបានបាត់បង់បង និងប្ដី ជាគណៈឃុំស្វាយយា នោះ៖ «គេយកយួនទៅហើយ បានគេមកយកប្ដីខ្ញុំទៅ។ យកសុទ្ធតែយកយប់ គ្មានយកថ្ងៃទេ។ ប្ដីខ្ញុំទៅធ្វើការខាងក្បែរធ្លក ហើយគេ ហើយគេចាប់យកទៅទុកនៅក្បែរស្វាយរៀង។ ទុកនៅទីនោះបាន ៣ថ្ងៃ។ ឈ្មោះ វាអា អោ ធ្វើសន្តិសុខ។ ចាប់យកទៅអស់ គណៈឃុំយកទៅស្វាយរៀង យកទៅរៀនៗ យកទៅបាត់ មិនទៅណាមកណីទេ។ ខ្ញុំមិនដែលបានជួបទេ គ្រាន់តែឮពាក្យគេថា គេយកមកវិញ យកមកនៅភូមិវល្លិយាវវិញ។ ដល់ពេលយកទៅយប់ យកទៅបាត់។ ខ្ញុំតាមទៅមើលឃើញខោអាវនៅក្នុងអន្លង់»។
ក្នុងសំណុំរឿង ០០២ វគ្គ ២ នេះ អង្គជំនុំជម្រះសាលាដំបូងកំពុងធ្វើសវនាការស្ដាប់សាក្សីនានា ជុំវិញអង្គហេតុសម្លាប់ជនជាតិវៀតណាម នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៩។ អង្គហេតុនេះ ស្ថិតក្រោមបទចោទប្រល័យពូជសាសន៍ ប្រឆាំងជនជាប់ចោទ នួន ជា និង ខៀវ សំផន ដែលជាអតីតមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ។
នៅថ្ងៃទី១៤ ធ្នូ ដដែល សហចៅក្រមស៊ើបអង្កេតអន្តរជាតិបានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួនមួយ ទាក់ទងនឹងសំណុំរឿង ០០៣ ប្រឆាំងអតីតមេបញ្ជាការកងទ័ពជើងទឹកខ្មែរក្រហមមួយរូប គឺលោក មាស មុត។
សេចក្ដីថ្លែងការណ៍នេះបញ្ជាក់ថា សហចៅក្រមស៊ើបអង្កេតអន្តរជាតិលុបចោលបទចោទមួយចំនួនប្រឆាំងលោក មាស មុត ហើយក៏សម្រេចលុបចោលដីកាបង្គាប់ឱ្យនាំខ្លួនដែលចុះថ្ងៃទី៤ ខែមិថុនា និងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤។ សហចៅក្រមស៊ើបអង្កេតអន្តរជាតិផ្ដល់ហេតុផលក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា ការសម្រេចលុបចោលដីកាបង្គាប់ឱ្យនាំខ្លួនលោក មាស មុត ក៏ព្រោះតែលោក មាស មុត បានចូលបង្ហាញខ្លួនដល់តុលាការដោយស្ម័គ្រចិត្ត។
លោក មាស មុត ត្រូវបានសហចៅក្រមស៊ើបអង្កេតអន្តរជាតិដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទឧក្រិដ្ឋមួយចំនួន ដូចជា អំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អំពើរំលោភធ្ងន់ធ្ងរលើអនុសញ្ញាក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ និងការរំលោភក្រមព្រហ្មទណ្ឌកម្ពុជា ឆ្នាំ១៩៥៦។
បទចោទដូចគ្នានេះដែរ សហចៅក្រមស៊ើបអង្កេតអន្តរជាតិ កាលពីថ្ងៃទី៩ ធ្នូ ក៏បានដាក់អតីតកម្មាភិបាលខ្មែរក្រហមមួយរូបទៀត គឺលោក យឹម ទិត្យ ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យដូចគ្នា សម្រាប់សំណុំរឿង ០០៤។ សំណុំរឿង ០០៤ រហូតមកដល់ពេលនេះ មានអតីតកម្មាភិបាលខ្មែរក្រហមចំនួន ៣នាក់ហើយ ដែលត្រូវបានសហចៅក្រមស៊ើបអង្កេតអន្តរជាតិ ដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ ក្នុងនោះ គឺមានអ្នកស្រី អ៊ឹម ចែម លោក អោ អាន និងលោក យឹម ទិត្យ។ ទោះជាយ៉ាងណាក្ដី ការសម្រេចនេះ គឺធ្វើឡើងដោយភាគីសហចៅក្រមស៊ើបអង្កេតអន្តរជាតិ ដោយមិនមានឯកភាពពីសហចៅក្រមស៊ើបអង្កេតភាគីជាតិឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
