អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី២៦ ខែមេសា បន្តសវនាការស្ដាប់សក្ខីកម្មសាក្សីទី៤ ទាក់ទងនឹងអង្គហេតុឧក្រិដ្ឋកម្មនៅមន្ទីរសន្តិសុខ ស-២១ ឬគុកទួលស្លែង កាលពីក្នុងរបបខ្មែរក្រហម។ សាក្សីឈ្មោះ ឡាច មៀន អតីតជាអ្នកសួរចម្លើយ និងធ្វើទារុណកម្មអ្នកទោសនៅគុកទួលស្លែង។
សាក្សី ឡាច មៀន ជម្រាបអង្គជំនុំជម្រះសាលាដំបូងថា អ្នកទោសនៅគុកទួលស្លែង ដែលលោកសួរចម្លើយ ភាគច្រើនបំផុតសុទ្ធតែត្រូវរងការធ្វើទារុណកម្ម។ លោកអះអាងថា ការធ្វើទារុណកម្មនេះ គឺមានការវាយដំ និងឆក់ដោយខ្សែភ្លើង ហើយជាការបញ្ជាពីកម្មាភិបាលថ្នាក់លើរបស់លោក៖ «ភាគច្រើនកៀបនៅត្រចៀក ដើម្បីឱ្យឆក់។ អត់មានឆក់កន្លែងផ្សេងទេ មានតែឆក់ស្លឹកត្រចៀក កៀប។ អាហ្នឹងគេមានប្រដាប់កៀបនៅលើស្លឹកត្រចៀក ហើយរវៃ។ ពេលឆក់ទៅហ្នឹង គេធ្វើមុខវៀចខ្ញឹកៗ ដូចឆក់ម្ដងៗ អ៊ីចឹង។ ក្រោយពីគេសម្រេចធ្វើទារុណកម្មមុនរួចហើយ បន្ទាប់មក គឺខ្ញុំមានសិទ្ធិអាចធ្វើក្រោយគេបាន សិទ្ធិការធ្វើទារុណកម្ម។ នេះគឺប្រធាន តា ហ៊ ជាអ្នកសម្រេច»។
លោក ឡាច មៀន រៀបរាប់ថា អ្នកទោសដែលលោកធ្វើទារុណកម្មសួរចម្លើយយកព័ត៌មាន គឺមានរយៈពេលពីមួយអាទិត្យ ទៅមួយខែទើបចប់ ហើយក្នុងមួយថ្ងៃមួយយប់សួរបីដង។ លោកបានទទួលការបង្រៀននយោបាយ និងបច្ចេកទេសសួរចម្លើយអ្នកទោសពីប្រធានគុកទួលស្លែង គឺ កាំង ហ្កេកអ៊ាវ ហៅ ឌុច និងអនុប្រធាន គឺឈ្មោះ ហ៊៖ «វិធីសាស្ត្ររបស់គេ គឺសឹងតែមួយអាទិត្យទៅរៀនម្ដង ឬក៏កន្លះខែទៅមួយខែអី គេហៅទៅបង្រៀនពីវិធីសាស្ត្រ ឬនយោបាយផ្សេងៗ។ ចំពោះគ្រូអ្នកឧទ្ទេសនាមបង្រៀន គឺតា ឌុច ហ្នឹងតែម្ដង ហើយនិងតា ហ៊ មានតែពីរហ្នឹងជាគ្រូ។ ថាធ្វើម៉េចឱ្យខ្មាំង គឺយើងត្រូវរកខ្សែរយៈរបស់ខ្មាំងឱ្យបាន។ នេះជាវិធីសាស្ត្រគេបង្រៀនយើងជំនាន់ហ្នុង គឺប៉ុណ្ណឹង»។
លោក ឡាច មៀន មានប្រសាសន៍ថា អ្នកទោសត្រូវបានគេយកទៅធ្វើទារុណកម្មសួរចម្លើយនៅខាងក្រៅបរិវេណអាគារគុកទួលស្លែង ដើម្បីកុំឱ្យអ្នកទោស និងអ្នកយាមផ្សេងទៀតដឹង ឬឮអំពីការធ្វើទារុណកម្ម។
អតីតអ្នកសួរចម្លើយរូបនេះបដិសេធថា លោកមិនដែលបានសួរចម្លើយអ្នកទោសជាស្ត្រីទេ។ លោកឱ្យដឹងថា មានមនុស្សឈ្មោះ នន កាក់ ប៉ុន និង ចាន់ ពាក់ព័ន្ធនឹងការនាំយកអ្នកទោសស្ត្រីទៅសួរចម្លើយ។ លោកបន្ថែមថា មានអ្នកទោសស្ត្រីខ្លះត្រូវបានអ្នកសួរចម្លើយ និងឆ្មាំគុករំលោភផ្លូវភេទ បើទោះជាទីនោះមានការកម្រិតក្រមសីលធម៌តឹងរ៉ឹងក្ដី ក៏ប៉ុន្តែធ្វើខុសសីលធម៌ត្រូវគេចាប់។
សក្ខីកម្មរបស់លោក ឡាច មៀន គឺជាសក្ខីកម្មទី៤ ហើយ ដែលសាក្សី និងដើមបណ្ដឹងរដ្ឋប្បវេណី បានផ្ដល់ដល់អង្គជំនុំជម្រះសាលាដំបូង ទាក់ទងនឹងអង្គហេតុមន្ទីរសន្តិសុខ ស-២១ ឬគុកទួលស្លែង។ អ្នកផ្ដល់សក្ខីកម្មមុនៗ គឺមានលោក ជុំ ម៉ី ជាអតីតអ្នកទោស និងលោក ញ៉ែម អេន អតីតជាអ្នកថតរូបនៅមន្ទីរ ស-២១ ហើយលោក តយ តេង អតីតជាអ្នកសម្លាប់អ្នកទោសនៅវាលពិឃាដជើងឯក។
ទាក់ទងនឹងរឿងរ៉ាវមន្ទីរសន្តិសុខ ស-២១ ឬគុកទួលស្លែងនេះ អង្គជំនុំជម្រះសាលាដំបូង នឹងបន្តសវនាការស្ដាប់សក្ខីកម្មរបស់សាក្សីមួយរូបថ្មីទៀត នៅថ្ងៃពុធ ទី២៧ មេសា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
