សាលាក្ដី​ខ្មែរ​ក្រហម​បន្ត​សវនាការ​ស្ដាប់​សាក្សី​ស្ដីពី​ការងារ​ដោយ​បង្ខំ​នៅ​ការដ្ឋាន​សាងសង់

0:00 / 0:00

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា បាន​បន្ត​ស្ដាប់​សាក្សី​មួយ​រូប​ទាក់ទង​នឹង​អង្គហេតុ​ការងារ​ដោយ​បង្ខំ​នៅ​ការដ្ឋាន​សាងសង់​វាល​យន្តហោះ​ក្នុង​ខេត្ត​កំពង់ឆ្នាំង។ សាក្សី​ឈ្មោះ កែវ លឿ ជា​អតីត​ជា​មេបញ្ជាការ​អនុសេនាធំ អង្គភាព​យោធា​ពិការ "ក៤" ក្នុង​កងពល ៣១០។

សាក្សី​ឈ្មោះ កែវ លឿ បាន​ជម្រាប​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​ថា លោក​បាន​ឮ​អំពី​ឈ្មោះ​គុក​ថា ស-២១ នៅ​ក្នុង​របប​ខ្មែរក្រហម។

អតីត​មេបញ្ជាការ​អនុសេនាធំ​រូប​នេះ រំលឹក​ថា លោក​បាន​ឮ​ឈ្មោះ​គុក​នេះ គឺ​ក្នុង​ពេល​ប្រជុំ​រៀន​សូត្រ បន្ទាប់​ពី​ពួក​កម្មាភិបាល​ខ្មែរ​ក្រហម​មក​ពី​ភូមិភាគ​និរតី ចាប់​មេបញ្ជាការ​របស់​លោក ឈ្មោះ អឿន និង គឹម នៅ​កងពល ៣១០៖ «នៅ​ពេល​នោះ​គេ​មិន​បាន​ប្រាប់​ថា យក​ចម្លើយ​មក​ពី​ណា​ទេ គ្រាន់​តែ​ប្រាប់​ថា នេះ​ជា​ចម្លើយ​មេៗ ពួក​អស់​ឯង។ ប្រុង​ចាំ​ស្ដាប់។ ក្រោយ​មក​ទើប​ដឹង​ថា នេះ​ជា​សំឡេង​ថ្នាក់​ដឹក​នាំ​របស់​ខ្លួន។ ស្ដាប់​សំឡេង​ខ្សែអាត់​រួច​ហើយ ពួក​គេ​បាន​ប្រកាស​ថា មិត្ត​ទាំង​អស់​គ្នា មេៗ របស់​មិត្ត​ឯង​យក​ទៅ ស-២១»

លោក​ជម្រាប​អង្គ​ជំនុំជម្រះ​ថា ក្រោយ​ការ​ចាប់​ខ្លួន​មេ​បញ្ជាការ​អស់​លោក​ត្រូវ​បាន​កម្មាភិបាល​ថ្នាក់ លើ​បញ្ជូន​ទៅ​ធ្វើ​ការ​លត់ដំ​នៅ​ការដ្ឋាន​សាងសង់​វាល​យន្តហោះ​ក្នុង​ខេត្ត​កំពង់ឆ្នាំង។ នៅ​ទី​នោះ​ក្រោម​ការ​គ្រប់គ្រង​របស់​ភូមិភាគ​និរតី លោក​ថ្លែង​ថា ការ​ធ្វើ​ការងារ​មាន​ស្ថានភាព​លំបាក និង​មាន​អាហារ​ហូបចុក​មិន​គ្រប់គ្រាន់ ហើយ​ក៏​មាន​ការ​ចាប់​ខ្លួន​ដែរ៖ «ខ្ញុំ​បាទ​ដូច​ជា​មិន​ដែល​បាន​ឃើញ​លោក នួន ជា និង​ ខៀវ សំផន ទេ។ ពួក​អ្នក​នៅ​ដឹក​នាំ គឺ​អ្នក​មក​ពី​និរតី មិន​ដែល​ហ៊ាន​មើល​មុខ​គេ​ផង។ សំណួរ៖ «ក្នុង​ពេល​ប្រជុំ លោក​មាន​ធ្លាប់​ឃើញ​គេ​ចាប់​ខ្លួន​មនុស្ស ហើយ​យក​ចេញ​ទៅ​ទេ? បាទ! ធ្លាប់​ឃើញ ហើយ​នាំ​ចេញ​ទៅ មិន​ដែល​ឃើញ​វិល​វិញ​ទេ អ្នក​ដែល​ចាប់​ខ្លួន​ទៅ»

សាក្សី កែវ លឿ ថ្លែង​ទៀត​ថា រឿង​ហេតុ​ដែល​កើត​ឡើង​នោះ គឺ​ដោយសារ​តែ​មេ​កងពល​លេខ ៣១០ របស់​លោក ឈ្មោះ តា អឿន និង តា គឹម មាន​ផែនការ​ក្បត់ និង​ប្រុង​វាយ​ប្រហារ​របប​កម្ពុជា​ប្រជាធិបតេយ្យ។ មេ​របស់​លោក​ គឺ​តា អឿន ថា បើ​ចង់​ឱ្យ​ទ័ព​មាន​ប្រាក់​ខែ​សុខ​ស្រួល ត្រូវ​វាយ​បក​កម្ពុជា​ប្រជាធិបតេយ្យ។

សាក្សី កែវ លឿ នឹង​ត្រូវ​ផ្ដល់​សក្ខីកម្ម​បន្ត​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មិថុនា។ ប្រធាន​អង្គ​ជំនុំជម្រះ​សាលា​ដំបូង លោក​ចៅក្រម និល ណុន ប្រកាស​ថា បន្ទាប់​ពី​សាក្សី កែវ លឿ ដោយសារ​តែ​មាន​បញ្ហា​ក្នុង​ការ​រៀបចំ​អង្គ​ជំនុំជម្រះ​អាច​នឹង​ធ្វើ​សវនាការ​ស្ដាប់​សាក្សី​មួយ​រូប ដែល​មាន​រហស្សនាម​ថា 2TCW830 ទាក់ទង​នឹង​ការដ្ឋាន​ទំនប់ ១ មករា នៅ​ខេត្ត​កំពង់ធំ សិន។ បន្ទាប់​មក អង្គ​ជំនុំជម្រះ នឹង​ត្រឡប់​មក​ស្ដាប់​សាក្សី​ទាក់ទង​នឹង​ការដ្ឋាន​សាងសង់​វាល​យន្តហោះ​នៅ​ខេត្ត​កំពង់ឆ្នាំង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។