អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម ដែលធ្វើសវនាការទាក់ទងនឹងអង្គហេតុការងារដោយបង្ខំនៅក្នុងរបបខ្មែរក្រហម បានស្ដាប់សាក្សីស្ដីពីការដ្ឋានសាងសង់វាលយន្តហោះនៅខេត្តកំពង់ឆ្នាំង។ សាក្សីដំបូងៗនេះ គឺជាអតីតយោធាខ្មែរក្រហម ដែលធ្វើការនៅទីនោះ។
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី១០ ខែមិថុនា បានបញ្ចប់ការស្ដាប់សាក្សីទីមួយ ហើយចាប់ផ្ដើមស្ដាប់សាក្សីទីពីរ ទាក់ទងនឹងការងារដោយបង្ខំនៅការដ្ឋានសាងសង់វាលយន្តហោះនៅខេត្តកំពង់ឆ្នាំង។
សាក្សីទីមួយឈ្មោះ ចាន់ ម៉ន ដែលជានីរសារ ឬជាអ្នកនាំសារ ថ្លែងប្រាប់អង្គជំនុំជម្រះសាលាដំបូងថា លោកត្រូវបានមេបញ្ជាការទ័ពអាកាសលេខ ៥០២ ដែលមានឈ្មោះ ស៊ូ ម៉េត និង ល្វៃ បញ្ជូនឱ្យដឹកជញ្ជូនគ្រឿងចក្រ សម្ភារៈសំណង់ និងអ្នកជំនាញចិន ពីភ្នំពេញ ទៅសាងសង់វាលយន្តហោះថ្មី នៅខេត្តកំពង់ឆ្នាំង នោះ៖ «ព្រះលានកំពង់ឆ្នាំង ដែលដឹកទៅ ដែលខ្ញុំបានឃើញ ហើយនិងទទួលយកមកហ្នឹង មានអាប៊ុល (Bulldozer) អេស្កា (excavator) អូសពោះ ហើយនិងឡាន។ និយាយរួមសម្ភារៈភ្លើង ម៉ាស៊ីនភ្លើង ម៉ាស៊ីនអារឈើ វាមានគ្រប់មុខរបស់វា។ ចិនគេមកជាប់របស់គេ មកដំឡើងនៅទីហ្នឹង មានគ្រប់មុខ។ ខ្ញុំជូនទៅ»។
លោក ចាន់ ម៉ន ថ្លែងថា ការងារនៅទីនោះលំបាក មានគ្រោះថ្នាក់រហូតអ្នកខ្លះធ្វើអត្តឃាត។ ក្រៅពីនេះ ក៏មានកម្មករខ្លះដែលជាយោធាត្រូវគេយកទៅសម្លាប់ដែរ។
សាក្សីទីពីរឈ្មោះ កែវ គីន ត្រូវបានអង្គជំនុំជម្រះសាលាដំបូង កោះហៅឱ្យមកផ្ដល់សក្ខីកម្មនៅចុងម៉ោងនៃសវនាការថ្ងៃទី១០ មិថុនា។
សាក្សី កែវ គីន ជម្រាបអង្គជំនុំជម្រះថា លោកក៏ជានីរសារ ឬជាអ្នកនាំសារ និងជាកងការពារសម្រាប់មេបញ្ជាការនៅកងទ័ពអាកាសលេខ ៥០២ ដែលមានឈ្មោះ ស៊ូ ម៉េត និង ល្វៃ ដែរ។ លោក គឺជាមនុស្សនៅក្នុងក្រុមដំបូង ដែលទៅធ្វើការនៅការដ្ឋានវាលយន្តហោះខេត្តកំពង់ឆ្នាំងនោះ៖ «ដំបូងមានទ័ព ៥០២ ទាំងអស់ហ្នឹងទៅ។ អាហ្នឹងដំណាក់កាលដំបូង។ ពេលទៅដំបូងគ្នាតិចទេ អត់សូវមានគ្នាទៅទេ។ ទៅ ១០ ទៅ ២០នាក់ មួយកន្លែង។ ទៅ ១០នាក់ អីមួយក្រុមៗ ទេទៅដំបូង»។
សាក្សី កែវ គីន ឱ្យដឹងថា ការដ្ឋានសង់វាលយន្តហោះនៅខេត្តកំពង់ឆ្នាំង មានកម្មករប្រមាណ ១ពាន់ (១.០០០) នាក់ ដែលចាប់ផ្ដើមពីចុងឆ្នាំ១៩៧៥ ដល់ ១៩៧៩។ កម្មករទាំងនោះ គឺជាកងទ័ពដែលមកពីភូមិភាគផ្សេងៗ និងជាអ្នកជាប់និន្នាការជាមួយរបបចាស់ ដូចជារូបលោក។
អង្គហេតុការដ្ឋានសង់វាលយន្តហោះនៅខេត្តកំពង់ឆ្នាំង គឺជាការដ្ឋានការងារដោយបង្ខំ ៣ នៅក្នុងសំណុំរឿងលេខ ០០២ វគ្គ ២។ ការដ្ឋាននេះ ដឹកនាំដោយកងពលយោធា ដែលមានបញ្ជាការឈ្មោះ ស៊ូ ម៉េត និង ល្វៃ។
លោក ស៊ូ ម៉េត ជាជនសង្ស័យមួយរូប ដែលត្រូវចោទប្រកាន់ពីបទព្រហ្មទណ្ឌ ក្នុងសំណុំរឿងលេខ ០០៣ បានស្លាប់នៅក្នុងឆ្នាំ២០១៣ ហើយនៅថ្ងៃទី៤ មិថុនា សហចៅក្រមស៊ើបអង្កេតសម្រេចលើកលែងការចោទប្រកាន់ជនជាប់សង្ស័យរូបនេះ។
ទាក់ទងនឹងការដ្ឋានវាលយន្តហោះនៅខេត្តកំពង់ឆ្នាំង សាក្សី កែវ គីន នឹងត្រូវមកផ្ដល់សក្ខីកម្មជាបន្តទៀត នៅថ្ងៃព្រហស្បតិ៍ ទី១១ មិថុនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
