អង្គភាពកិច្ចការសាធារណៈនៃសាលាក្ដីខ្មែរក្រហម ចេញសេចក្ដីជូនដំណឹងមួយថា អង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្ដីនេះ នឹងចាប់ផ្ដើមធ្វើសវនាការលើបណ្ដឹងសាទុក្ខក្នុងសំណុំរឿង ០០២ វគ្គ ១ នៅអង្គារ សប្ដាហ៍ក្រោយនេះ។
សេចក្ដីជូនដំណឹងរបស់អង្គភាពកិច្ចការសាធារណៈនៃសាលាក្ដីខ្មែរក្រហម បញ្ជាក់ថា សវនាការតុលាការកំពូលលើបណ្ដឹងសាទុក្ខនេះ នឹងមានរយៈពេល ៣ថ្ងៃ គឺថ្ងៃទី១៧ ១៨ និង ១៩ វិច្ឆិកា។
ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្ដីខ្មែរក្រហម លោក ឌឹម សុវណ្ណារុំ មានប្រសាសន៍ថា សវនាការនេះជាការបិទបញ្ចប់ជាស្ថាពរនៃសំណុំរឿង ០០២ ដំណាក់កាលទី១ ដែលអង្គជំនុំជម្រះសាលាដំបូងចេញសាលក្រមកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤។ សាលាដំបូងផ្ដន្ទាទោសជនជាប់ចោទ នួន ជា និង ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិត។
លោក ឌឹម សុវណ្ណារុំ៖ «ប៉ុន្តែសំណុំរឿងហ្នឹងមិនទាន់ជាផ្លូវការទេ មិនទាន់បិទបញ្ចប់ផ្លូវតវ៉ាទេ ដោយភាគីនៅតែមានឱកាសប្ដឹងសាទុក្ខ ហើយរយៈពេលប្ដឹងសាទុក្ខរហូតមកដល់ពេលនេះមានរយៈពេលជាងមួយឆ្នាំហើយ។ អ៊ីចឹងតុលាការកំពូលផ្ដល់ឱកាសចុងក្រោយ គេឱ្យឈ្មោះថា ជាបណ្ដឹងសាទុក្ខទៅតុលាការកំពូល មុននឹងតុលាការកំពូលសម្រេច»។
សាលក្រមអង្គជំនុំជម្រះសាលាដំបូងបានសម្រេចផ្ដន្ទាទោសជនជាប់ចោទ នួន ជា និង ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិត ក្នុងសំណុំរឿង ០០២ វគ្គ ១ ពាក់ព័ន្ធនឹងអង្គហេតុជម្លៀសពលរដ្ឋដោយបង្ខំ ការសម្លាប់ទាហាន និងមន្ត្រីរដ្ឋការរបបសាធារណរដ្ឋខ្មែរ ឬរបប លន់ នល់ ចន្លោះឆ្នាំ១៩៧៥ ដល់ ១៩៧៩។
លោក ឌឹម សុវណ្ណារុំ ថ្លែងថា ជនជាប់ចោទទាំងពីរជំទាស់សាលក្រមរបស់សាលាដំបូងថា មានកំហុស៖ «គឺជនជាប់ចោទ នួន ជា និង ខៀវ សំផន បានរកឃើញកំហុសអង្គហេតុ អង្គច្បាប់ហ្នឹងចំនួនជាង ៣០០កំហុស។ ដោយឡែកព្រះរាជអាជ្ញា ប្ដឹងពាក់ព័ន្ធនឹងការដែលសាលាដំបូងមិនបានសម្រេចលើរឿងសហឧក្រិដ្ឋកម្មរួមចំណុចទី៣ ដែលភាគីប្ដឹងទុកទៅតុលាការកំពូល។ អ៊ីចឹង ជាឱកាសដែលភាគីលើកទឡ្ហីករណ៍របស់ខ្លួន មុននឹងតុលាការកំពូលសម្រេចសាលដីកាស្ថាពរ»។
លោកពន្យល់ថា សហឧក្រិដ្ឋកម្មរួមដែលសហព្រះរាជអាជ្ញាប្ដឹងឱ្យតុលាការកំពូលសម្រេចនោះ គឺជាឧក្រិដ្ឋកម្មដែលកើតឡើងដោយមានការប្រព្រឹត្តរួមគ្នា។
លោក ឌឹម សុវណ្ណារុំ ឱ្យដឹងថា តុលាការកំពូលគ្រោងប្រកាសសាលដីកាស្ថាពរនៅពាក់កណ្ដាលឆ្នាំ២០១៦។
បន្ទាប់ពីសវនាការរបស់អង្គជំនុំជម្រះតុលាការកំពូល នៅសប្ដាហ៍ក្រោយនេះ អង្គជំនុំជម្រះសាលាដំបូងក៏នឹងធ្វើសវនាការរបស់ខ្លួនបន្តទៀត នៅថ្ងៃទី ៣០ វិច្ឆិកា។
ប្រធានអង្គជំនុំជម្រះសាលាដំបូង លោកចៅក្រម និល ណុន ប្រកាសក្នុងសវនាការ កាលពីចុងខែតុលា ថា សវនាការបន្តនោះនឹងផ្ដោតលើអង្គហេតុជនជាតិវៀតណាម ដដែល៖ «សវនាការនៅថ្ងៃច័ន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ខាងមុខនេះ គឺបន្តស្ដាប់សាក្សី ដើមបណ្ដឹងរដ្ឋប្បវេណីលើអង្គហេតុចោទប្រកាន់ការប្រព្រឹត្តទៅលើក្រុមមនុស្សជាគោលដៅជាក់លាក់ចំពោះជនជាតិវៀតណាម ហើយអង្គជម្រះនឹងជម្រាបជូនដំណឹងដល់ភាគីពាក់ព័ន្ធពីបញ្ជីឈ្មោះ និងលំដាប់លំដោយនៃការស្ដាប់សក្ខីកម្មសាក្សី ដើមបណ្ដឹងរដ្ឋប្បវេណី នាពេលសមស្របឆាប់ៗ ខាងមុខនេះ បន្ទាប់ពីអង្គជម្រះបានទទួលព័ត៌មានជាក់លាក់ពីអង្គភាពគាំពារសាក្សី និងអ្នកជំនាញ ពីលទ្ធភាពនៃការអាចមកផ្ដល់សក្ខីកម្មបានរបស់សាក្សី និងដើមបណ្ដឹងរដ្ឋប្បវេណី ដែលពាក់ព័ន្ធ»។
ការកាប់សម្លាប់ជនជាតិវៀតណាម នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គឺឋិតក្នុងអង្គហេតុនៃសំណុំរឿង ០០២ វគ្គ ២ ស្ដីពីការប្រព្រឹត្តរបស់ពួកខ្មែរក្រហមចំពោះក្រុមគោលដៅជាក់លាក់ ដូចជាជនជាតិចាម និងវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
