សាលា​ក្ដី​ខ្មែរ​ក្រហម​ចែក​សៀវភៅ​សាលក្រម​ដល់​និស្សិត

0:00 / 0:00

ការិយាល័យ​រដ្ឋបាល​នៃ​សាលា​ក្ដី​ខ្មែរក្រហម ចាប់​ផ្ដើម​ចែក​ចាយ​សៀវភៅ​សាលក្រម​សំណុំរឿង​លេខ ០០២ វគ្គ ១ ជា​លើក​ដំបូង ក្រោយ​ពេល​ដែល​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​ប្រកាស​សេចក្ដី​សម្រេច​ឱ្យ​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ជាប់​គុក​អស់​មួយ​ជីវិត កាល​ពី​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៤។ ការិយាល័យ​រដ្ឋបាល​នៃ​សាលា​ក្ដី​ខ្មែរក្រហម ចាប់​ផ្ដើម​ចែក​ផ្សព្វផ្សាយ​សៀវភៅ​សាលក្រម និង​សាលដីកា​ដល់​និស្សិត​សកលវិទ្យាល័យ​ប្រមាណ ៣០០​នាក់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​ឧសភា។

មន្ត្រី​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរក្រហម លោក នេត្រ ភក្ត្រា បញ្ជាក់​ថា ការ​ចែក​សៀវភៅ​សាលក្រម និង​សាលដីកា​ដល់​និស្សិត​ផ្នែក​ច្បាប់ ចៅក្រម និង​មេធាវី គឺ​ដើម្បី​ជា​ឯកសារ​សំខាន់​ដល់​ការ​ស្រាវជ្រាវ​របស់​អ្នក​សិក្សា​ក្នុង​វិស័យ​តុលាការ និង​ច្បាប់៖ «ការ​ចែក​សៀវភៅ​សាលក្រម​នេះ​ទៅ​ដល់​និស្សិត ក៏​ដូច​ជា​និស្សិត​ចៅក្រម និស្សិត​ច្បាប់​ផ្សេងៗ និស្សិត​មេធាវី គឺ​ដើម្បី​ឱ្យ​ពួក​គាត់​យក​ទៅ​សិក្សា​អំពី​កិច្ចការ ដែល​តុលាការ​បាន​ធ្វើ ជា​ពិសេស​គឺ​ខាង​ផ្នែក​យុត្តិសាស្ត្រ បទពិសោធន៍​ការងារ​នៅ​កន្លែង​នេះ។ ទី​ពីរ​ក៏​ចង់​ឱ្យ​ពួក​គាត់​បាន​ដឹង​ផង​ដែរ​អំពី​ដំណើរ​ការ​នៃ​ប្រវត្តិសាស្ត្រ បន្ទាប់​ពី​ការ​ជំនុំជម្រះ​ក្ដី​ទៅ គឺ​ព័ត៌មាន​ត្រូវ​បាន​ចងក្រង​ចេញ​ជា​សាលក្រម​នេះ គឺ​ជា​ឯកសារ​ប្រវត្តិសាស្ត្រ​ដ៏​មាន​តម្លៃ​សម្រាប់​ពួក​គាត់​ធ្វើ​ការ​សិក្សា ហើយ​ទី​បី គឺ​មើល​អំពី​នីតិវិធី​ផ្សេងៗ ដែល​គេ​មាន​លើក​ឡើង​នៅ​ក្នុង​សវនាការ​នេះ ដើម្បី​ផ្ដល់​បទ​ពិសោធន៍​បន្ថែម​ទៅ​ដល់​គាត់​នៅ​ក្នុង​ពេល​សិក្សា និង​អនុវត្តន៍​ការងារ»

លោក​ថ្លែង​ថា ការ​ចែក​នេះ គឺ​ជា​ការ​ចាប់​ផ្ដើម​លើក​ទី​មួយ ក្នុង​គម្រោង​ចែក​ផ្សព្វផ្សាយ​ទូទៅ​ដល់​ក្រសួង​ស្ថាប័ន សកលវិទ្យាល័យ អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ដើម​បណ្ដឹង​រដ្ឋប្បវេណី នៅ​ខេត្ត ក្រុង​ចំនួន ២៥។ ការ​ចែក​នេះ ក៏​ជា​ការ​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​សិក្សា​បន្ថែម និង​ស្វែងយល់​កាន់​តែ​ច្បាស់​អំពី​សំណុំរឿង​លេខ ០០២ វគ្គ​ទី ១ (០០២/០១)។

ស្រប​នឹង​គោល​បំណង​នេះ និស្សិត​នៃ​សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​មួយ​រូប គឺ​លោក យ៉ុង ហេង យល់​ថា សៀវភៅ​សាលក្រម និង​សាលដីកា ដែល​លោក​បាន​ទទួល​នេះ គឺ​អាច​ជួយ​ឱ្យ​លោក​យល់​ថែម​ទៀត​អំពី​ការ​ជំនុំជម្រះ​របស់​ក្ដី​សាលាក្ដី លើ​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរក្រហម​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ៖ «យើង​មក​អ៊ីចឹង ក៏​បាន​រៀន​សូត្រ​បាន​ច្រើន​ពី​សាលាក្ដី​ខ្មែរក្រហម ហើយ​ចំពោះ​ឯកសារ​ដែល​ខ្ញុំ​បាន​ពីរ​ក្បាល​នៅ​ដៃ​ស្ដាំ​ហ្នឹង គឺ​ខ្ញុំ​គិត​ថា នៅ​ក្នុង​នេះ វា​ទាក់ទង​ជា​មួយ​ការ​បើក​សវនាការ​ជម្រះ​ក្ដី​តាំង​ពី​វគ្គ​ទី​១ វគ្គ​ទី​២ គឺ​តាំង​ពី​សំណុំរឿង ០០១ និង ០០២។ អ្វី​ដែល​ខ្ញុំ​ទន្ទឹង​ហ្នឹង គ្រាន់​តែ​ចង់​បាន​ជា​ទិន្នន័យ​មួយ​ទាក់ទង​អំពី​សាលាក្ដី​ខ្មែរក្រហម ឬ​ដែល​គេ​ហៅ​ថា សាលាក្ដី​កូន​កាត់​នេះ​តែ​ប៉ុណ្ណោះ»

មន្ត្រី​សាលាក្ដី​ខ្មែរ​ក្រហម​ ថ្លែង​ទៅ​កាន់​ក្រុម​និស្សិត​មុន​ចែក​សៀវភៅ​សាលក្រម​សំណុំ​រឿង​លេខ ០០២ វគ្គ ១ ដល់​និស្សិត នា​សាលាក្ដី​ខ្មែរ​ក្រហម​កាល​ពី​ថ្ងៃ​ទី​១២ ឧសភា ឆ្នាំ​២០១៥។
មន្ត្រី​សាលាក្ដី​ខ្មែរ​ក្រហម​ ថ្លែង​ទៅ​កាន់​ក្រុម​និស្សិត​មុន​ចែក​សៀវភៅ​សាលក្រម​សំណុំ​រឿង​លេខ ០០២ វគ្គ ១ ដល់​និស្សិត នា​សាលាក្ដី​ខ្មែរ​ក្រហម​កាល​ពី​ថ្ងៃ​ទី​១២ ឧសភា ឆ្នាំ​២០១៥។ (RFA/Leng Maly)

ទោះ​ជា​ដូច្នេះ​ក្ដី មាន​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំរឿង​លេខ ០០២ ខ្លះ ដូច​ជា​លោក ហេង ប៊ុនណែត មិន​បាន​សាទរ​ចំពោះ​សាល​ក្រម ដែល​អង្គ​ជំនុំជម្រះ​បាន​ចេញ​នេះ​ទេ ព្រោះ​មាន​តែ​សំណង​សមូហភាព គឺ​មិន​មាន​សំណង​ជា​បុគ្គល​សម្រាប់​ដើម​បណ្ដឹង​រដ្ឋប្បវេណី៖ «ថា​សមូហភាព​ក៏​សមូហភាព​ចុះ ប៉ុន្តែ​សមូហភាព​ហ្នឹង​ធ្វើ​ម៉េច​ឱ្យ​បាន​ផល​ប្រយោជន៍​ដល់​បុគ្គល​ធ្វើ​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ផង។ ឧទាហរណ៍​ថា មាន​កន្លែង​ឧក្រិដ្ឋកម្ម​មួយ ដែល​យើង​ធ្វើ​ស្តូប​ទៅ​ហើយ យើង​នឹង​ធ្វើ​ទីតាំង​ស្អាតបាត​ហើយ ប៉ុន្តែ​នៅ​ពេល​ភ្ញៀវ​បរទេស​គាត់​ចេញ​ចូល យើង​ត្រូវ​លក់​សំបុត្រ។ ពេល​លក់​សំបុត្រ ថវិកា​ហ្នឹង​ត្រូវ​ធ្វើ​ម៉េច​បាន​ដល់​ដើម​បណ្ដឹង​រដ្ឋប្បវេណី»

លោក នេត្រ ភក្ត្រា បញ្ជាក់​បន្ថែម​ថា សាលក្រម​លើ​សំណុំរឿង​លេខ ០០២ វគ្គ ១ ដែល​មាន​កម្រាស់ ៩៨១ ទំព័រ​នេះ មិន​ទាន់​ចាត់​ទុក​ថា ជា​សាលក្រម​ស្ថាពរ​ទេ ពី​ព្រោះ​ភាគី​ជន​ជាប់​ចោទ​កំពុង​ប្ដឹង​ជំទាស់​ទៅ​តុលាការ​កំពូល​នៅ​ឡើយ។

ទន្ទឹម​គ្នា​នេះ សាលដីកា​នៃ​សំណុំរឿង​លេខ ០០១ ដែល​ផ្ដន្ទាទោស​ប្រធាន​គុក​ទួល​ស្លែង ឈ្មោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច ដាក់​គុក​អស់​មួយ​ជីវិត ក៏​ត្រូវ​បាន​សាលាក្ដី​ចែក​រួម​គ្នា​ដែរ។

សំណុំរឿង​លេខ ០០២ វគ្គ ១ មាន​ជន​ជាប់​ចោទ​ពីរ​រូប គឺ​ជន​ជាប់​ចោទ នួន ជា និង​ជន​ជាប់​ចោទ ខៀវ សំផន។ ជន​ជាប់​ចោទ​ទាំង​ពីរ ត្រូវ​បាន​អង្គ​ជំនុំជម្រះ​សាលា​ដំបូង សម្រេច​ផ្ដន្ទាទោស​ដាក់​គុក​អស់​មួយ​ជីវិត កាល​ពី​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៤ ក្រោម​បទ​ចោទ​ថា បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដូច​ជា​ការ​សម្លាប់​រង្គាល ការ​ធ្វើ​មនុស្ស​ឃាត ការ​ធ្វើ​ទុក​បុក​ម្នេញ​មូលហេតុ​នយោបាយ និង​អំពើ​អមនុស្សធម៌ ដូច​ជា ការ​ផ្លាស់​លំនៅ​ដោយ​បង្ខំ ការ​បាត់​ខ្លួន​ដោយ​បង្ខំ និង​ការ​ប៉ះពាល់​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស។ ក្នុង​ពេល​ដែល​រង់ចាំ​ការ​សម្រេច​ពី​តុលាការ​កំពូល​លើ​បណ្ដឹង​ឧទ្ធរណ៍ អង្គ​ជំនុំជម្រះ​សាលាដំបូង​កំពុង​ធ្វើ​សវនាការ​លើ​ជន​ជាប់​ចោទ​ទាំង​ពីរ បន្ត​វគ្គ​ទី ២ ទៀត ក្នុង​អង្គហេតុ​ទាក់ទង​នឹង​សហករណ៍​ត្រាំកក់ និង​មន្ទីរ​សន្តិសុខ​ក្រាំង​តា​ចាន់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។