សាលាក្ដី​ខ្មែរ​ក្រហម​នឹង​បន្ត​សវនាការ​សំណុំ​រឿង​០០២​វគ្គ​២​នៅ​ថ្ងៃ​៣០ វិច្ឆិកា

អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​សាលា​ក្ដី​ខ្មែរ​ក្រហម ជូន​ដំណឹង​ពី​ការ​បន្ត​សវនាការ​ដេញដោល​លើ​វត្ថុ​តាង​ក្នុង​សំណុំរឿង ០០២ វគ្គ ២ នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា ដើម​សប្ដាហ៍​ក្រោយ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលាក្ដី​ខ្មែរ​ក្រហម​អោយ​ដឹង​ថា អង្គ​ជំនុំ​ជម្រះ​នឹង​ស្ដាប់​សាក្សី​មួយ​រូប​ទាក់ទង​នឹង​ការដ្ឋាន​ត្រពាំងថ្ម។

បន្ទាប់​ទៅ​ទៀត អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នឹង​ស្ដាប់​ភស្តុតាង​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ចំពោះ​ការ​អនុវត្ត​ប្រឆាំង​នឹង​ជនជាតិ​វៀតណាម ក្នុង​រយៈកាល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​អោយ​ដឹង​ថា សាក្សី និង​ដើមបណ្ដឹង​រដ្ឋប្បវេណី​ចំនួន ១០​រូប នឹង​ផ្ដល់​សក្ខីកម្ម​ក្នុង​ផ្នែក​នេះ។

សំណុំ​រឿង ០០២ វគ្គ ២ គឺ​ជា​ការ​ជំនុំ​ជម្រះ​ដំណាក់​កាល​ទី​២ លើ​ជនជាប់​ចោទ នួន ជា និង ខៀវ សំផន។ សំណុំ​រឿង​នេះ​មាន​បទ​ចោទ​ពី​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​ចាម វៀតណាម ការ​បង្ខំ​រៀបការ រំលោភ​ផ្លូវ​ភេទ ការ​បោស​សំអាត​ផ្ទៃក្នុង ការ​ប្រព្រឹត្ត​លើ​ពុទ្ធសាសនិក និង​អតីត​អ្នក​រដ្ឋការ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ និង​ឧក្រិដ្ឋកម្ម​នៅ​មន្ទីរ​សន្តិសុខ​ចំនួន ៤ ការដ្ឋាន​ចំនួន ៣ និង​សហករណ៍​មួយ។

ទាក់​ទិន​នឹង​សាលា​ក្ដី​ខ្មែរ​ក្រហម​នេះ​ដែរ រដ្ឋាភិបាល​ជប៉ុន ប្រកាស​ផ្ដល់​ថវិកា​បន្ថែម​ចំនួន​ជាង ១,២​លាន (១.២២១.២១៨) ដុល្លារ ដល់​ភាគី​អន្តរជាតិ។ គិត​មក​ដល់​ពេល​នេះ ជំនួយ​ថវិកា​របស់​រដ្ឋាភិបាល​ជប៉ុន ដែល​បាន​ផ្ដល់​ដល់​សាលាក្ដី​នេះ​មាន​ចំនួន​សរុប​ជាង ៨៣​លាន​ដុល្លារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។