សាលាក្ដី​ខ្មែរ​ក្រហម​នឹង​បន្ត​សវនាការ​ឡើង​វិញ​នៅ​ថ្ងៃ​១០ សីហា

0:00 / 0:00

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម នឹង​បន្ត​ធ្វើ​សវនាការ​របស់​ខ្លួន​ឡើង​វិញ​នៅ​ថ្ងៃ​ច័ន្ទ ទី​១០ ខែ​សីហា។ ការ​ធ្វើ​សវនាការ​ឡើង​វិញ​នេះ គឺ​អង្គ​ជំនុំជម្រះ​សាលា​ដំបូង បាន​ផ្អាក​ចាប់​តាំង​ពី​ចុង​ខែ​កក្កដា មក ដោយ​ទុក​ពេល​ឱ្យ​ភាគី​ពិនិត្យ​ឯកសារ​ដាក់​ថ្មី។

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម ឱ្យ​ដឹង​ថា សវនាការ​នៅ​ថ្ងៃ​ចន្ទ ទី​១០ សីហា អង្គ​ជំនុំជម្រះ​នឹង​ត្រឡប់​មក​ស្ដាប់​សក្ខីកម្ម​អំពី​អង្គហេតុ​ការដ្ឋាន​ធ្វើ​ការងារ​ដោយ​បង្ខំ​នៅ​ទំនប់​អាង​ត្រពាំងថ្ម ខេត្ត​បន្ទាយមានជ័យ។

មន្ត្រី​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ត្រា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ថា ការ​បន្ត​អង្គហេតុ​ការដ្ឋាន​ធ្វើ​ការងារ​ដោយ​បង្ខំ នៅ​ទំនប់​អាង​ត្រពាំងថ្ម ក្នុង​សំណុំរឿង ០០២ វគ្គ ២ នេះ គឺ​ស្ដាប់​សាក្សី​ថ្មី​មួយ​រូប​ទៀត ដែល​ត្រូវ​កោះ​ហៅ៖ «សូម​ជម្រាប​ថា ការដ្ឋាន​ទំនប់​ត្រពាំងថ្ម នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​នេះ គឺ​ត្រូវ​បាន​អង្គ​ជំនុំជម្រះ​សាលាដំបូង​លើក​មក​ជំនុំជម្រះ ហើយ​បាន​ស្ដាប់​សក្ខីកម្ម​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មួយ​រូប និង​សាក្សី​មួយ​រូប​ហើយ។ អ៊ីចឹង​នៅ​ថ្ងៃ​ទី​១០ សីហា នេះ គឺ​សាក្សី​ថ្មី​មួយ​រូប​ទៀត នឹង​ត្រូវ​កោះហៅ​មក​ផ្ដល់​សក្ខីកម្ម ហើយ​ភាគី​ពាក់ព័ន្ធ​នានា នឹង​ចោទ​សួរ​សំណួរ​ទាក់ទង​នឹង​ការដ្ឋាន​ទំនប់​ត្រពាំង​ថ្ម»

លោក​ឱ្យ​ដឹង​ដែរ នៅ​ថ្ងៃ​ទី​១០ ខែ​សីហា នឹង​មាន​ប្រជាពលរដ្ឋ​ចំនួន ៣០០​នាក់ មក​ពី​ស្រុក​ទ្រាំង ខេត្ត​តាកែវ មក​ចូលរួម​តាមដាន​ការ​ជំនុំជម្រះ នៅ​សាល​សវនាការ​សាលាក្ដី​ខ្មែរ​ក្រហម​ផ្ទាល់។ ក្រៅ​ពី​នេះ ក៏​មាន​និស្សិត​មក​ពី​សកល​វិទ្យាល័យ​នានា នៅ​ភ្នំពេញ​ចូល​រួម​ដែរ។

ការដ្ឋាន​ធ្វើការ​ដោយ​បង្ខំ​នៅ​អាង​ត្រពាំងថ្ម គឺ​ជា​អង្គហេតុ​ធ្វើ​ការងារ​ដោយ​បង្ខំ​ចំនួន ៣ ស្ថិត​នៅ​ក្នុង​សំណុំរឿង ០០២ វគ្គ ២ ប្រឆាំង​នឹង​ជនជាប់ចោទ នួន ជា និង ខៀវ សំផន។ អង្គហេតុ ២​ទៀត គឺ​ការដ្ឋាន​ការងារ​ដោយ​បង្ខំ នៅ​ការដ្ឋាន​ធ្វើ​វាល​យន្តហោះ​ខេត្ត​កំពង់ឆ្នាំង និង​ទំនប់ ១ មករា ខេត្ត​កំពង់ធំ។

ទាក់ទង​នឹង​រឿង​ថវិកា​ដែល​ថ្មីៗ​នេះ ខាង​ភាគី​ជាតិ​ប្រកាស​ថា ខ្វះ​សម្រាប់​បើក​ប្រាក់ខែ​ឱ្យ​បុគ្គលិក​រហូត​ដល់​ចុង​ឆ្នាំ​នោះ ត្រូវ​បាន​លោក នេត្រ ភក្ត្រា បញ្ជាក់​នៅ​ថ្ងៃ​ទី​៩ សីហា ថា មិន​មែន​បញ្ហា​ប្រឈម​ទៀត​ទេ៖ «សម្រាប់​ប្រាក់ខែ ៦​ខែ​ទៀត របស់​ភាគី​ជាតិ គឺ​ពី​ខែ​កក្កដា រហូត​ទៅ​ដល់​ខែ​ធ្នូ ឆ្នាំ​២០១៥ នេះ គឺ​យើង​ទទួល​បាន​ថវិកា​ពី​សហភាព​អឺរ៉ុប ដែល​សហភាព​អឺរ៉ុប បាន​ផ្ដល់​ថវិកា​ប្រមាណ​ជា ២​លាន​អឺរ៉ូ មក​ដល់​ភាគី​ជាតិ​នៃ​សាលាក្ដី​ខ្មែរក្រហម។ ដូច្នេះ បញ្ហា​កង្វះ​ថវិកា​សម្រាប់​ភាគី​ជាតិ​នេះ លែង​មាន​ជា​បញ្ហា​ទៀត​ហើយ សម្រាប់​ឆ្នាំ​២០១៥​នេះ»

លោក នេត្រ ភក្ត្រា មាន​ប្រសាសន៍​ថា ភាគី​ជាតិ​ត្រូវ​ការ​ថវិកា​សរុប ៦,៧​លាន​ដុល្លារ សម្រាប់​បំពេញ​ការងារ​ពេញ​មួយ​ឆ្នាំ​២០១៥។ ការ​ផ្ដល់​ថវិកា​ពី​សហភាព​អឺរ៉ុប​នេះ គឺ​ជា​បំពេញ​ការ​ខ្វះខាត​ចំនួន ២,៦​លាន​ដុល្លារ ដែល​ភាគី​ជាតិ​ប្រកាស​កាល​ពី​ខែ​កក្កដា។ អង្គ​ជំនុំជម្រះ​សាលា​ដំបូង នៃ​សាលាក្ដី​ខ្មែរក្រហម កំពុង​តែ​ជំនុំជម្រះ​លើ​រឿង​ក្ដី​ឧក្រិដ្ឋកម្ម​នៃ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់ ២​រូប ដែល​មាន​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន។ ជន​ជាប់​ចោទ​ទាំង ២​រូប​នេះ ស្ថិត​នៅ​ក្នុង​សំណុំរឿង ០០២ វគ្គ ២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។