អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម ធ្វើសវនាការស្ដាប់សាក្សីក្នុងសំណុំរឿង ០០២ វគ្គ២ ជាបន្តទៀត កាលពីថ្ងៃច័ន្ទ ទី២៦ តុលា។ អង្គជំនុំជម្រះ បានផ្អាកពីរសប្ដាហ៍ចាប់តាំងពីថ្ងៃបុណ្យភ្ជុំបិណ្ឌ។ ទោះជាបានបន្តឡើងវិញក្ដី ក៏សវនាការនេះធ្វើឡើងជាអសាធារណៈ ដើម្បីលាក់អត្តសញ្ញាណរបស់សាក្សីផង និងលាក់ការសម្ងាត់នៃការចាត់ការរឿងក្ដីរបស់អង្គជំនុំជម្រះផង។
ប្រធានអង្គជំនុំជម្រះសាលាដំបូង លោកចៅក្រម និល ណុន ប្រកាសថា នៅក្នុងសប្ដាហ៍នេះ អង្គជំនុំជម្រះនឹងស្ដាប់សាក្សីតែ ២រូបទេ ហើយអង្គជំនុំជម្រះ នឹងផ្អាកសវនាការមួយបន្តទៀត ដើម្បីទុកពេលឲ្យភាគីនានា ត្រៀមសម្រាប់បណ្ដឹងសាទុក្ខនៅតុលាការកំពូល៖ «ពោល គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ជូនដល់ភាគីសម្រាប់បណ្ដឹងសាទុក្ខ។ ម្យ៉ាងវិញទៀត អង្គភាពគាំពារសាក្សី និងអ្នកជំនាញ ជូនដំណឹងមកអង្គជំនុំជម្រះថា សាក្សីដែលពីដំបូងគ្រោងមកផ្ដល់សក្ខីកម្មនៅថ្ងៃពុធ និងថ្ងៃសុក្រ ក្នុងសប្ដាហ៍នេះ ពុំអាចមកផ្ដល់សក្ខីកម្មបាននោះទេ។ យោងនូវហេតុផលនេះ អង្គជម្រះនឹងស្ដាប់សក្ខីកម្មសាក្សី ដែលមានរហស្សនាម 2TCW 996 និង 2TCW 868 ហើយនិងពេលសវនាការរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា»។
ក្នុងសវនាការសំណុំរឿង០០២ វគ្គ២ បន្តនេះ អង្គជំនុំជម្រះនឹងចាប់ផ្ដើមស្ដាប់សាក្សី ទាក់ទងនឹងអង្គហេតុធ្វើទុក្ខបុកម្នេញ និងការសម្លាប់ក្រុមមនុស្សជាគោលដៅជាក់លាក់ គឺជនជាតិវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
