សាលាក្ដី​ខ្មែរក្រហម​ស្ដាប់​សាក្សី​ជា​អតីត​កង​ឈ្លប​អំពី​ការ​សម្លាប់​មនុស្ស​នៅ​ខេត្ត​កំពង់ធំ

0:00 / 0:00

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៅ​ថ្ងៃ​ទី​១៦ មិថុនា បាន​បញ្ចប់​ការ​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី កែវ លឿ ស្ដីពី​ការដ្ឋាន​សាងសង់​វាល​យន្តហោះ​នៅ​ខេត្ត​កំពង់ឆ្នាំង ហើយ​ងាក​មក​សក្ខីកម្ម​សាក្សី​ស្ដីពី​ការដ្ឋាន​ការងារ​ដោយ​បង្ខំ​នៅ​ការដ្ឋាន​ធ្វើ​ទំនប់ ១ មករា នៅ​ខេត្ត​កំពង់ធំ វិញ។ សាក្សី​រូប​នេះ បដិសេធ​ការ​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​មនុស្ស។

សាក្សី​ឈ្មោះ យៀន លន់ ដែល​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម​ស្ដាប់​សក្ខីកម្ម​នៅ​ថ្ងៃ​ទី​១៦ មិថុនា គឺ​ជា​អតីត​កង​ឈ្លប​មួយ​រូប នៅ​ភូមិ​កង​សៅ ក្នុង​ឃុំ​កំពង់ថ្ម ខេត្ត​កំពង់ធំ។

សាក្សី​រូប​នេះ បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​សាក្សី​ផ្សេង​ទៀត​ដែល​ថា រូប​លោក​ជា​ពេជ្ឈឃាដ​ខ្មែរក្រហម​មួយ​រូប​នៅ​ភូមិ​កងសៅ ក្នុង​ខេត្ត​កំពង់ធំ កាល​ពី​ក្នុង​របប​ខ្មែរក្រហម៖ «គាត់​ថា ហ្នឹង គឺ​ខុស​ខ្លះ​ត្រូវ​ខ្លះ។ ស្អប់​ចំពោះ​បុគ្គល គឺ​បុគ្គល​ណា​ស្អប់​គឺ​ថា​ទៅ ទោះ​ជា​រឿង​ហ្នឹង​មិន​ច្បាស់​ក៏​ថា​ទៅ ផ្សំ​ផ្គុំ​ឱ្យ​បាន​ធំ​ទៅ។ អា​នេះ គឺ​អ៊ីចឹង។ សំណួរ៖ ប៉ុន្តែ​គាត់​បាន​ហៅ​លោក​ថា ជា​មេ​ពេជ្ឈឃាដ តើ​លោក​ពិត​ជា​ពេជ្ឈឃាដ​មែន​ទេ? ខ្ញុំ​អត់​ទេ។ ខ្ញុំ​អត់​ទួល​ទេ។ ខ្ញុំ​អត់​មាន​មេ រឿ​ង​ពេជ្ឈឃាដ គឺ​អត់​ទេ។ ខ្ញុំ​អត់​ទទួល​មេ​ពេជ្ឈឃាដ​អី​ទេ ព្រោះ​គាត់​មិន​ដឹង​នរណា​មេ គាត់​ចេះ​តែ​ថា​ខ្ញុំ​មេ​ទៅ។ ចម្លើយ​ហ្នឹង ខ្ញុំ​មិន​ទទួល​ថា​ត្រឹមត្រូវ​ទេ»

ការ​បដិសេធ​របស់​លោក យៀន លន់ គឺ​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​សាក្សី​ឈ្មោះ អ៊ុត សេង ដែល​កាល​ពី​ថ្ងៃ​ទី​៣ មិថុនា បាន​ជម្រាប​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​ថា លោក យៀន លន់ គឺ​ជា​អ្នក​សម្លាប់​មនុស្ស​លេច​មុខ​ជា​គេ នៅ​ភូមិ​កងសៅ ក្នុង​ខេត្ត​កំពង់ធំ៖ «ព្រោះ​គាត់​ជា​មេ​ឈ្លប​នៅ​សង្កាត់​កំពង់ថ្ម ហើយ​ការ​សម្លាប់​ដូច​ខ្ញុំ​និយាយ​អ៊ីចឹង គឺ​ថា មាន​ដាវ​មាន​ដំបង​ប្រឡាក់​ឈាម​ដាក់​តាម​កង់​ហ្នឹង គឺ​ដូច​គំរាម​អ្នក​ដទៃ​ឱ្យ​ខ្លបខ្លាច​អ៊ីចឹង​ដែរ។ ហៅ​កាត់​ថា ជា​មេ​ពេជ្ឈឃាដ​អ៊ីចឹង​មែន​ទេ? បាទ! គឺ​មែន ព្រោះ​នៅ​ឃុំ​កំពង់ថ្ម គឺ​មាន​តែ​គាត់​ម្នាក់​ហ្នឹង ដែល​បង្ហាញ​ពី​ឥទ្ធិពល បង្ហាញ​ពី​ភាព​ខ្លាំង​ក្លា ដែល​មាន​ដំបង​មាន​ដាវ​ជា​មេ​ពេជ្ឈឃាដ។ គាត់​បង្ហាញ​ចរិត​ជា​អ្នក​ខ្លាំងក្លា»

សាក្សី អ៊ុត សេង ថ្លែង​ទៀត​ថា ក្រុម​ឈ្លប​របស់​លោក យៀន លន់ មិន​សូវ​ទៅ​លើក​ទំនប់ ១ មករា ទេ គឺ​តែង​នៅ​ចាំ​ឈ្លប​យក​ការណ៍​ពី​ប្រជាជន​ថ្មី​នៅ​ក្នុង​ភូមិ ជា​ពិសេស គឺ​ប្រជាជន​ថ្មី ១៧ មេសា។ ប៉ុន្តែ លោក យៀន លន់ ជម្រាប​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​ថា លោក​ក៏​ត្រូវ​អង្គការ​ឱ្យ​ទៅ​ធ្វើការ​ដ៏​លំបាក នៅ​ការដ្ឋាន​លើក​ទំនប់ ១ មករា នោះ​ដែរ៖ «ធ្វើ​ការ​ទំនប់ ១ មករា​នោះ ដោយ​គ្មាន​ពេល​ឈប់​ឈរ​ទេ គឺ​ធ្វើ​ទាំង​យប់​ទាំង​ថ្ងៃ​ទាំង​ខ្ញុំ​ទាំង​គេ​ហ្នឹង។ ពេល​ធ្វើ​ហ្នឹង​វេទនា​មែន​ទែន។ បាន​ថា ក្នុង​របប​ហ្នឹង​ប្រជាពលរដ្ឋ ដែល​នៅ​ធ្វើ​ទំនប់ ១ មករា ហ្នឹង ដោយ​វេទនា ហើយ​រង​កម្ម​ខ្លាំង»

ថ្វី​បើ​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​ត្រូវ​ធ្វើ​សវនាការ​ស្ដាប់​សាក្សី​លើ​អង្គហេតុ​ស្ដីពី​ការងារ​ដោយ​បង្ខំ​នៅ​ការដ្ឋាន​លើក​ទំនប់ ១ មករា ក្ដី ក៏​ការ​ភាគី​នានា ផ្ដោត​ការ​សួរ​ដេញដោល​សាក្សី​ច្រើន ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​អំពី​ការ​សម្លាប់​មនុស្ស​នៅ​ភូមិ​កង​សៅ​នោះ។

ពាក់ព័ន្ធ​នឹង​ការ​បង្ខំ​ឱ្យ​ធ្វើ​ការងារ​នៅ​ទំនប់ ១ មករា លោក យៀន លន់ បញ្ជាក់​ថា លោក​បាន​ដឹកនាំ​ធ្វើ​ការ​ខ្លាំង​មែន ប៉ុន្តែ​លោក​ថា បើ​សិន​ជា​ទុក​ឱ្យ​ប្រជាជន​ទាំង​នៅ​ដេកដួល ខ្លាច​ថ្នាក់​លើ​ចោទ​ថា ខ្ជិល​ច្រអូស និង​យក​ទៅ​សម្លាប់។

ទោះ​ជា​យ៉ាង​ណា​ក្ដី ការ​ចោទ​ប្រកាន់​អំពី​ការ​សម្លាប់​មនុស្ស លោក យៀន លន់ ត្រូវ​អាជ្ញាធរ​ខេត្ត​កំពង់ធំ ដាក់​ពន្ធនាគារ​រយៈ​ពេល ១០​ឆ្នាំ គឺ​បន្ទាប់​ពី​របប​ខ្មែរក្រហម​ដួល​រលំ នៅ​ឆ្នាំ​១៩៧៩។ នៅ​ពេល​នេះ លោក​ក៏​ត្រូវ​សាលាក្ដី​ខ្មែរក្រហម​កោះ​ហៅ​ឱ្យ​មក​ធ្វើ​ជា​សាក្សី​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។